សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ១០១៖ ការវាយប្រហារ គោលគំនិត និងបច្ចេកទេស
កញ្ញា វឿន លក្ខណា គឺជាអ្នកគ្រប់គ្រងទូទៅ នៅវិទ្យាស្ថានសាន់រ៉ាយស៍ និងជាអ្នកប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាអ្នកជំនាញបច្ចេកវិទ្យាព័ត៌មានជំនាន់ក្រោយ។ ថ្ងៃនេះ យើងមានឱកាសចូលរួមស្ដាប់ការចែករំលែកនូវជំនាញ និងបទពិសោធន៍ របស់កញ្ញា នៅក្នុងបទបង្ហាញក្រោមប្រធានបទ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ១០១៖ ការវាយប្រហារ គោលគំនិត និងបច្ចេកទេសជុំវិញប្រធានបទ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។
ជាកិច្ចចាប់ផ្តើម កញ្ញាបានបង្ហាញទិដ្ឋភាពទូទៅនៃសារៈសំខាន់នៃដំណោះស្រាយសម្រាប់ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាពន្យល់អំពីផលប៉ះពាល់ ដែលវាមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ យើងមិនអាចប្រកែកបានទេថា សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត គឺជាប្រធានបទដ៏ក្តៅគគុកមួយ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ វាក៏ជាប្រធានបទដ៏ក្តៅនៅលើពិភពលោកផងដែរ។ មានប្រទេសជាច្រើនបានជួបប្រទះនូវការវាយលុក DDoS រយៈពេលប៉ុន្មានខែមុននេះ។ នេះគឺជាបញ្ហាដែលយើងគួរតែយកចិត្តទុកដាក់ ព្រោះវាអាចប៉ះពាល់ដល់មនុស្សគ្រប់រូប ដូចជា បុគ្គលម្នាក់ៗ សាជីវកម្ម អាជីវកម្ម និងស្ថាប័នរដ្ឋផងដែរ។

ការវាយប្រហារតាមអ៊ីធឺណិតអាចកើតឡើងនៅក្នុងទម្រង់ជាច្រើន និងអាចមានឥទ្ធិពលផ្សេងៗគ្នា។ ក្រៅពីការលួចទិន្នន័យ និងព័ត៌មានរបស់យើង ឯកសាររបស់យើងក៏អាចនឹងត្រូវបានកែប្រែ និងលុបចេញផងដែរ។ ការវាយប្រហារទាំងនេះ ក៏អាចប៉ះពាល់ដល់កម្មវិធីដែលយើងបានតំឡើងផងដែរ ដែលវាអាចនឹងរារាំងយើងមិនឱ្យចូលទៅប្រើកម្មវិធីទាំងអស់នោះបាន។
នៅក្នុងការចែករំលែកនេះផងដែរ យើងក៏បានពិភាក្សាពីអត្ថប្រយោជន៍នៃកម្មវិធី HashCalc ក៏ដូចជារបៀបប្រើប្រាស់ក្នុងការការពារទិន្នន័យតាមរយៈកូដនីយកម្ម
(Encryption) និងវិកូដនីយកម្ម (Decryption) ផងដែរ។ នៅក្នុងបទបង្ហាញ កញ្ញាក៏បានចែករំលែករបៀបសម្គាល់អ្នកវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត (Hacker) ដើម្បីឱ្យអ្នកចូលរួមកាន់តែយល់ច្បាស់ពីសណ្ឋាន ក៏ដូចជារបៀបបញ្ជៀសខ្លួនពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត។ កញ្ញា លក្ខណា ក៏បានផ្តល់ដំបូន្មានជាក់ស្តែងដ៏មានប្រយោជន៍ ទៅកាន់អ្នកចូលរួម ទាក់ទងនឹងរបៀបរក្សាសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត។ ចំនុចសំខាន់មួយ គឺមិនត្រូវប្រើពាក្យ ឬលេខសម្ងាត់ (Password) ដូចគ្នាសម្រាប់គណនីរបស់អ្នកទាំងអស់ឡើយ។ ក៏ដូចគ្នានេះដែរ កញ្ញាក៏បានណែនាំដល់អ្នកចូលរួមមិនឱ្យប្រើពាក្យ ឬលេខសម្ងាត់ (Password) ដែលងាយទាយបាន ដូចពាក្យដែលមានស្រាប់។
សំណួរដែលលើកឡើងដោយអ្នកចូលរួមភាគច្រើន គឺផ្តោតទៅលើការព្រួយបារម្ភរបស់ពួកគេ ទាក់ទងនឹងឯកជនភាពនៅលើប្រព័ន្ធអ៊ីនធឺណិត និងដែនកំណត់ដែលយើងគួរតែកំណត់ នៅពេលដែលយើងចង់ចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់យើងនៅលើប្រព័ន្ធអ៊ីនធឺណិត។ សំណួរទាំងនេះ គឺជាប្រធានបទដ៏ក្តៅគគុកមួយ ក្នុងអំឡុងពេលដែលយើងទាំងអស់គ្នាសព្វថ្ងៃ កំពុងប្រើប្រាស់បណ្តាញសង្គម ដោយពេលខ្លះមិនបានគិតអំពីផលប៉ះពាល់នៃការបង្ហោះព័ត៌មានបែបនេះ។
វគ្គចែករំលែករបស់កញ្ញាលក្ខណា គឺជាវគ្គមួយក្នុងចំណោមវគ្គដែលទទួលបានការចូលរួមច្រើនបំផុត ពីសំណាក់អ្នកចូលរួមនៅថ្ងៃដំបូងនៃកម្មវិធី កម្ពុជាអាយស៊ីធីខែម ឆ្នាំ២០១៨នេះ ដោយទាក់ទាញអ្នកចូលរួមប្រមាណជាងពាក់កណ្តាល។ កញ្ញាបានដើរតួជាឧទាហរណ៏ដ៏ឈានមុខមួយ សម្រាប់ស្ត្រីដទៃទៀតក្នុងវិស័យបច្ចេកវិទ្យា ពីព្រោះកញ្ញាមិនត្រឹមតែជាអ្នកជំនាញខាងផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ កញ្ញាក៏ខិតខំ ចែករំលែកចំណេះដឹងជាមួយនិស្សិតផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យាជាច្រើនផងដែរ។

កញ្ញា វឿន លក្ខណា គឺជាសមាជិកនៃសហគមន៍មួយនៅទូទាំងពិភពលោក ដែលព្យាយាមផ្តល់ការបណ្ដុះបណ្ដាល ដល់អ្នកជំនាញបច្ចេកវិទ្យាព័ត៌មានជំនាន់ក្រោយ។ កញ្ញាទទួលការសិក្សាក្នុងជំនាញប្រព័ន្ធបណ្តាញ (Cisco Course) អស់រយៈពេលជិត ៨ឆ្នាំ មកហើយ បច្ចុប្បន្ននេះ គាត់កំពុងបម្រើការជាអ្នកគ្រប់គ្រងទូទៅ នៅវិទ្យាស្ថានសាន់រ៉ាយស៍។ មុនពេលគាត់មកបម្រើការជាមួយវិទ្យាស្ថានសាន់រ៉ាយស៍ គាត់ធ្លាប់ជាអ្នកហាត់ការ និងធ្វើការនៅសាកលវិទ្យាល័យន័រតុន ក្រុមហ៊ុនទូរស័ព្ទ Smart Mobile អគារ Skyline Apartment ក្រុមហ៊ុន Passerelles Numeriques Cambodia (PNC) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ហើយគាត់តែងតែចូលរួមក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យាជានិច្ច។ ចុងបញ្ចប់ លក្ខណា ធ្លាប់បានចូលរួមនៅក្នុងកម្មវិធី មេគង្គអាយស៊ីធីខែម កាលពីឆ្នាំមុន ហើយក្រុមរបស់គាត់ទទួលបានជ័យលាភី សម្រាប់ “ពានរង្វាន់គ្រាប់ពូជ” ដែលត្រូវបានផ្តល់ឱ្យគំរូគម្រោងដ៏ល្អបំផុតចំនួន ៥ គម្រោង (មួយរង្វាន់សម្រាប់ប្រទេសនីមួយៗ នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ)។ នៅឆ្នាំនេះ លក្ខណានឹងចែករំលែកអំពីគម្រោងរបស់ក្រុមគាត់ ឈ្មោះថា Cam Lost And Found និងធ្វើជាវាគ្មិនលើប្រធានបទ “ការណែនាំអំពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត”។