ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺជាប្រធានបទធំមួយក្នុងចំណោមប្រធានបទធំៗចំនួន៤ នៅក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០១៨។ ទិន្នន័យបើកទូលាយអាចជួយសង្គមមួយឱ្យសម្រេចបាននូវគោលដៅជាច្រើន ដែលមាននៅក្នុងគោលដៅអភិវឌ្ឍសហសវត្សរ៍ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បើតាមការស្រាវជ្រាវរបស់ធនាគារពិភពលោក ទិន្នន័យបើកទូលាយបានចូលរូមក្នុងការ៖ ១) ជម្រុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ២) បង្កើនប្រសិទ្ធភាព និងការគ្របដណ្តប់លើសេវាសាធារណៈ ៣) បង្កើនតម្លាភាពគណនេយ្យភាព និងការចូលរួមរបស់ពលរដ្ឋ ៤) ជួយសម្រួលឱ្យមានការចែករំលែកព័ត៌មានកាន់តែប្រសើរឡើងនៅក្នុងរដ្ឋាភិបាល។
ដោយឃើញពីសក្តានុពលនៃបច្ចេកវិទ្យា និងទិន្នន័យបើកទូលាយ កម្ពុជា អាយស៊ីធីខែម ២០១៨ បានបញ្ចូលនូវវគ្គចែករំលែកចំនួន១៩ ដែលផ្តោតទៅលើការប្រើប្រាស់ទិន្នន័យបើកទូលាយ និងបច្ចេកវិទ្យាក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលក្នុងនោះរួមមានការអភិវឌ្ឍក្នុងវិស័យអប់រំ សុខភាព បរិស្ថាន និងសង្គម។
លោក Ashish Fitkariwala ស្ថាបនិក និងនាយក ក្រុមហ៊ុន EduQuest Hub បានធ្វើការចែករំលែកទាក់ទងទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា និងទិន្នន័យបើកទូលាយក្នុងវិស័យអប់រំ ដែលយើងហៅថា (EdTech) ដោយលោកបានណែនាំពីទិដ្ឋភាពរបស់EdTech ក៏ដូចជាការប្រើប្រាស់EdTech ក្នុងការអភិវឌ្ឍជំនាញ និងចំណេះដឹងនៅក្នុងវិស័យអប់រំ និងអាជីវកម្មផ្សេងៗ។ លោក Ashish បានបង្ហាញថា “នៅក្នុង EdTech មានវិធីជាច្រើន ដែលអាចជួយដល់មនុស្សដែលមិនអាចទទួលបានការអប់រំដោយផ្ទាល់ ហើយវាអាចជួយបង្កើនគុណភាពនៃការអប់រំសម្រាប់មនុស្សដែលមិនមានពេលវេលាច្រើន” ។
ដោយឡែក អង្គការសហប្រជាជាតិបានកំណត់ថា ទិន្នន័យបើកទូលាយអាចចូលរួមក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ដរាបណា ការប្រើប្រាស់ទិន្នន័យនោះក្នុងគោលដៅសម្រេចបាននូវការអភិវឌ្ឍ ហើយលទ្ធភាពនៃការទទួលបានទិន្នន័យត្រូវមានភាពស្មើគ្នា។
ជាក់ស្តែង ការចូលរួម និងការទទួលបានទិន្នន័យ នៅមានភាពមិនស្មើគ្នានៅឡើយ ជាពិសេសរវាងស្ត្រី និងបុរស។ អ្នកស្រី Pyrou Chung ទីប្រឹក្សាជាន់ខ្ពស់ វិទ្យាស្ថានគ្រប់គ្រង បូព៌ា-បស្ចឹម បានធ្វើការចែករំលែកទាក់ទងនឹង ការចូលរួមរបស់ស្ត្រីក្នុងចលនាទិន្នន័យបើកទូលាយ និងបច្ចេកវិទ្យាពលរដ្ឋ ដែលស្ថិតក្រោមប្រធានបទ ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងការចែករំលែកអ្នកស្រី គាត់បានផ្តោតលើសារៈសំខាន់នៃទិន្នន័យ ក្នុងការលើកកម្ពស់តម្រូវការរបស់ស្ត្រី និង វិធីដែលស្ត្រីអាចចូលរួម នៅក្នុងចលនាទិន្នន័យបើកទូលាយ សម្រាប់ការអភិវឌ្ឍសហគមន៍ និង ប្រទេសរបស់ពួកគេ។
ការចូលរួមរបស់ស្ត្រីក្នុងចលនាទិន្នន័យបើកទូលាយ គឺជាវគ្គមួយក្នុងចំណោមវគ្គចែករំលែកជាច្រើនទៀត ទាក់ទងទៅនឹងប្រធានបទ ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ វគ្គចែករំលែកទាំងអស់នោះ ត្រូវបានរៀបរៀងឡើងដើម្បីណែនាំអ្នកចូលរួមឱ្យយល់ដឹងពីការចូលរួមក្នុងចលនាទិន្នន័យបើកទូលាយ ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាមធ្យោបាយក្នុងការប្រើប្រាស់ និងបង្កើតទិន្នន័យបើកទូលាយ និងការអភិវឌ្ឍគម្រោងផ្ទាល់។ លោកស្រីមានប្រសាសន៍ថា៖ “នៅប្រទេសកម្ពុជា វាមិនមែនជារឿងធម្មតាទេ ដែលស្ត្រីអាចបន្តការសិក្សា និងអាជីពរបស់ខ្លួនក្នុងវិស័យ អាយស៊ីធី (ICT) ជាទូទៅ នេះមិនទាន់និយាយអំពីចលនាទិន្នន័យបើកទូលាយផង។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីអាចចូលរួមជាច្រើននៅក្នុងវិស័យនេះ ហើយពួកគាត់ក៏អាចប្រើប្រាស់ជំនាញ អាយស៊ីធី (ICT) ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍណាមួយផងដែរ”។
នៅក្នុងកម្មវិធីកម្ពុជា អាយស៊ីធីខែម ឆ្នាំ២០១៨ រយៈពេល៥ថ្ងៃនេះ មានកម្មវិធីចម្រុះជាច្រើនដូចជា សិក្ខាសាលា វគ្គប្រឹក្សាយោបល់ ការបង្រៀន ទស្សនកិច្ចសិក្សា ដែលផ្តោតសំខាន់ទៅលើប្រធានបទធំៗចំនួន ៤ ដូចជា កម្មវិធីប្រភពកូដបើកទូលាយសម្រាប់ភាពល្អប្រសើរ ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គំនិតច្នៃប្រឌិតសម្រាប់សង្គម និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ ហើយកម្មវិធីនេះ មានគោលបំណងសំខាន់ សម្រាប់ផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការរៀនសូត្រ និងយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាដោយសុវត្ថិភាព ដើម្បីដោះស្រាយបញ្ហាសង្គម និងបរិស្ថាននៅក្នុងសហគមន៍របស់ពួកគេ។