សិក្ខាសាលា MyData4Children
ប្រធានបទ MyData4Children ជាសិក្ខាសាលាដ៏ពិសេសមួយនៅក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែម ២០២២ ព្រោះវគ្គនេះត្រូវបានរៀបចំជាពិសេសសម្រាប់កុមារប៉ុណ្ណោះ ដោយអ្នកចូលរួមដទៃទៀតនិងឳពុកម្ដាយ តម្រូវឱ្យចូលរួមក្នុងបន្ទប់ដាច់ដោយឡែកមួយទៀត។ យើងមានសេចក្ដីរីករាយដែលអាចអញ្ជើញកុមារចំនួន១៩នាក់ ក្នុងនោះមាន ស្រី១១នាក់ ឱ្យមកចូលរួមក្នុងសិក្ខាសាលានេះ ដែលដឹកនាំដោយលោក Jean F. Queralt នាយកប្រត្តិបត្តិនៃ The IO Foundation និងលោក ញ៉ែម ពិសិដ្ឋ បុគ្គលិកមកពី APLE Cambodia។
សិក្ខាសាលានេះចាប់ផ្ដើមឡើងជាមួយនឹងការសួរសំនួរចំនួន៤ដល់កុមារ។ វាគ្មិនរបស់យើងបានលើកទឹកចិត្តដល់អ្នកចូលរួមចែករំលែកដោយសេរីពីរឿងដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនសុវត្ថិភាពនៅលើអ៊ីនធឺណិត។ ការចែករំលែកនេះបានធ្វើឡើងដោយសម្ងាត់តាមរយៈការសរសេរចម្លើយទាំងអស់ដោយមិនបង្ហាញអត្តសញ្ញាណ។ សំនួរទី១ នៅក្នុងសិក្ខាសាលានេះផ្ដោតលើសកម្មភាពដែលកុមារចូលចិត្តធ្វើបំផុតនៅលើអ៊ីនធឺណិត។ អ្នកចូលរួមភាគច្រើនឆ្លើយថាសកម្មភាព ដែលគេចូលចិត្តធ្វើបំផុតគឺការស្រាវជ្រាវមេរៀននានា និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ។ សំនួរទី២ ចោទសួរកុមារអំពីរឿងដែលគួរឱ្យខ្លាចនៅលើអ៊ីនធឺណិត។ ភាគច្រើន កុមារមានការភ័យខ្លាចនៅពេលដែលអ្នកដទៃយករូបភាពពួកគេទៅកាត់តក្នុងគោលបំណងមិនល្អ និងធ្វើរឿងដែលបង្ករជាគ្រោះថ្នាក់មកលើពួកគេ។ សំនួរទី៣ ផ្តោតលើថាតើរឿងនៅលើអ៊ីនធឺណិតណាខ្លះ ដែលធ្វើឱ្យកុមារខឹងសម្បារ ហើយចម្លើយដ៏គួរឱ្យភ្ញាក់ផ្អើលនោះគឺ មាតិកា ដែលមិនសមរម្យ និងព័ត៌មានមិនត្រឹមត្រូវ។ សម្រាប់សំនួរចុងក្រោយ អ្នកចូលរួមឆ្លើយថា រឿងដែលធ្វើឱ្យពួកគេធុញទ្រាន់គឺការផ្ញើសារឥតបានការ ឬបោកប្រាស់ ការដែលមិនអាចស្វែងរករបស់ដែលពួកគេចង់បាននៅក្នុងអ៊ីនធឺណិត និងការចំណាយពេលច្រើនលើប្រព័ន្ធអនឡាញ។ វាគ្មិននិងអ្នកចូលរួមផ្សេងទៀតបានចូលរួមចែករំលែកបទពិសោធន៍ល្អនិងអាក្រក់នៅលើអ៊ីនធឺណិត និងការការពារខ្លួនទាក់ទងនឹងការលួងលោមកុមារតាមអនឡាញ។
វាគ្មិនក៏បានសួរសំនួរបិទមួយចំនួនដល់កុមារផងដែរ រួមមានសំនួរទាក់ទងនឹងការមានទំនាក់ទំនងជាមួយដៃគូដែលមានអាយុច្រើនជាង ការទទួលបានមតិយោបល់ច្រើនលើសលប់ពីបុគ្គលណាម្នាក់នៅក្នុងផុស្ត សំណើរសុំចែករំលែក ឬប្ដូររូបភាពពីជនដទៃ និងការទទួលបានសារលើសលប់ពីនរណាម្នាក់។ បន្ទាប់មក វាគ្មិនរបស់យើងបានពន្យល់ពីសកម្មភាពនានា ដែលកុមារគួរតែប្រយ័ត្នពេលប្រើប្រាស់ប្រព័ន្ធអនឡាញ។
វាគ្មិន ឳពុកម្ដាយ និងអ្នកចូលរួមផ្សេងទៀត បានចូលរួមក្នុងកិច្ចពិភាក្សាមួយទៀតបន្ទាប់ពីបញ្ចប់សិក្ខាសាលាជាមួយកុមារ។ លោក Dixon Siu ដែលជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ MyData Global បាន សម្របសម្រួលកិច្ចពិភាក្សានេះជាមួយលោក Jean F. Queralt និងលោក ញ៉ែម ពិសិដ្ឋ ជាមួយអ្នកចូលរួមចំនួន១៤នាក់ (ស្រី ៧នាក់) ។ គោលបំណងសំខាន់នៃការពិភាក្សានេះផ្ដោតលើការណែនាំនិងការពារកុមារ និងបញ្ហាប្រឈមដែលឳពុកម្ដាយជួបប្រទះទាក់ទងនឹងអាកប្បកិរិយាក្នុងការប្រើប្រាស់អ៊ីនធឺណិតរបស់កុមារ។
ការលួងលោមកុមារតាមអនឡាញតាមរយៈឳពុកម្ដាយអាចកើតឡើងក្រោមរូបភាពជាច្រើនដូចជាការលើកសរសើរតាមបណ្ដាញទំនាក់ទនងសង្គមពីគ្រួសារនិងរបៀបចិញ្ចឹមបីបាច់កូន ការសួរនាំនិងបង្ហាញចំណាប់អារម្មណ៍ទៅលើកូនៗរបស់ពួកគេ និងការព្យាយាមបង្កើតទំនាក់ទំនងមនោសញ្ចេតនាជាដើម។
សិក្ខាសាលានេះបញ្ចប់ទៅប្រកបដោយកិច្ចពិភាក្សាដ៏មានផ្លែផ្កាអំពីការរក្សាទំនាក់ទំនងជាមួយកុមារដោយបើកទូលាយតាមរយៈការរៀនប្រើប្រាស់បច្ចេកវិទ្យាជាមួយគ្នា ការឈ្វេងយល់ពីព័ត៌មានរសើបទាក់ទងនឹងកុមារ ដែលបានចែករំលែកនៅសាលា និងការស្នើរសុំការយល់ព្រមពីកុមារជាមុនសិនមុននឹងបង្ហោះរូបភាពពួកគេលើបណ្ដាញទំនាក់ទំនងសង្គម។
ដោយហេតុថាកុមារងាយនឹងរងគ្រោះយ៉ាងខ្លាំងនៅលើប្រព័ន្ធអនឡាញ ដូចនេះទិន្នន័យនិងបទពិសោធន៍លើប្រព័ន្ធឌីជីថលរបស់ពួកគេគួរតែត្រូវថែទាំដោយមានការយកចិត្តទុកដាក់។ ការការពារកុមារគឺជាទំនួលខុសត្រូវរបស់ឳពុកម្ដាយ ប៉ុន្តែនៅក្នុងប្រព័ន្ធឌីជីថល ឳពុកម្ដាយមិនមានលទ្ធភាពមើលថែកូនៗរបស់គេឳ្យបានគ្រប់ជ្រុងជ្រោយនោះទេ។ ដូច្នេះ ការសិក្សាពីអក្ខរកម្មទិន្នន័យនិងឌីជីថលពិតជាមានសារសំខាន់។ ការយល់ចិត្ត និងស្និតស្នាលជាមួយកុមារអាចធ្វើឱ្យកុមារបើកចិត្តនិយាយរឿងរ៉ាវនានាប្រាប់ឳពុកម្ដាយ ដូច្នេះឳពុកម្ដាយអាចដឹងពីសកម្មភាពនានារបស់កូន។ នេះជាវិធីដ៏ល្អមួយដើម្បីបង្ការការលួងលោមកុមារតាមអនឡាញ។ អ្នកចូលរួមម្នាក់បានលើកឡើងថា «ឳពុកម្ដាយគួរតែកំណត់ពីរយៈពេលប្រើប្រាស់ទូរស័ព្ទរបស់កូនៗ និងគួរតែនាំពួកគេទៅដើរកំសាន្តនៅខាងក្រៅវិញ»។