សុន្ទរកថាបើករបស់លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ
សុន្ទរកថាបើកដោយ លោក ធី ទ្រី
នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ សហស្ថាបនិក និងតំណាងគណកម្មាធិការប្រឹក្សាយោបល់ កម្មវិធី កម្ពុជា អាស៊ីធីខែម ២០២២
ក្នុងពិធីពិសារអាហារស្វាគមន៍ពេលល្ងាច
ឯកឧត្តម លោក លោកស្រី អ្នកនាង កញ្ញា ជាទីមេត្រី!
អ្នកចូលរួមកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២២ ទាំងអស់!
ខ្ញុំបាទឈ្មោះ ធី ទ្រី នាយកប្រតិបត្តិអង្គការទិន្នន័យអំពីការអភិវឌ្ឍ សហស្ថាបនិក និងតំណាងគណកម្មាធិការប្រឹក្សាយោបល់កម្មវិធី កម្ពុជា អាស៊ីធីខែម ២០២២។
សាយណ្ហសួស្តី និងសូមអរគុណអ្នកទាំងអស់គ្នាដែលបានទទួលការអញ្ជើញរបស់ពួកយើង ហើយមកកាន់ការពិសារអាហាពេលល្ងាចក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែម។ ខ្ញុំរីករាយស្វាគមន៍វត្តមានរបស់អ្នកទាំងអស់គ្នា ហើយអរគុណជាពិសេសចំពោះអ្នកដែលបានធ្វើដំណើរពីចម្ងាយ។
ខ្ញុំរីករាយណាស់ដែលបានជួបអ្នកទាំងអស់គ្នានៅទីនេះ ហើយខ្ញុំអាចនិយាយបានថាយើងនឹងចំណាយពេលពីរបីថ្ងៃបន្ទាប់នេះរួមគ្នាចែករំលែកចំណេះដឹងរបស់យើងអំពីទិន្នន័យបើកទូលាយ សន្តិសុខឌីជីថល និងសារព័ត៌មានទិន្នន័យ។ យើងបានទន្ទឹងរង់ចាំចូលរួមខែមនេះជាយូរមកហើយ ប៉ុន្តែដោយសារតែជំងឺរាតត្បាត កូវិដ-១៩ ទើបយើងមិនអាចរៀបចំបាន។ ឥឡូវនេះ ករណីជំងឺកូវិដ-១៩ ពុំមានការកើនឡើងថ្មីនោះទេ ដែលទីបំផុតយើងបានមកជួបគ្នានៅទីនេះដោយផ្ទាល់។ អាចនិយាយបានថាយើងជាអ្នកដំបូងគេដែលបានមកទស្សនាប្រាសាទអង្គរវត្តដែលជាទីតាំងវប្បធម៌ប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា បន្ទាប់ពីជំងឺរាតត្បាតបានស្ងប់ស្ងាត់។
ជាថ្មីម្តងទៀត ខ្ញុំសូមអបអរសាទរដល់អ្នកទាំងអស់ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ 2022។ «ទាំងអស់គ្នា យើងអាចបង្កើតប្រព័ន្ធអេកូឡូស៊ីព័ត៌មានឌីជីថលដែលមានសុវត្ថិភាពនិងបរិយាបន្ន»។ ការរីកចម្រើនជាបន្តបន្ទាប់នៃការប្រើប្រាស់ អក្ខរកម្ម និងវប្បធម៌ឌីជីថលគឺជាអាទិភាពចម្បងសម្រាប់ផែនការយុទ្ធសាស្ត្រឌីជីថលរបស់កម្ពុជានិងអាស៊ាន នៅថ្ងៃអនាគត។ ការចែករំលែកចំណេះដឹងតាមរយៈព្រឹត្តិការណ៍ដូចជាកម្មវិធី កម្ពុជា អាយស៊ីធីខែម នេះនឹងពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការពារឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ពង្រឹងសេដ្ឋកិច្ចដើម្បីបន្តការប្រកួតប្រជែងជាសកល កាត់បន្ថយគម្លាតចំណេះដឹងឌីជីថល រៀបចំនិងការពារមនុស្សជំនាន់ក្រោយពីការវាយប្រហារនានាតាមអ៊ីនធឺណិត។ ខ្ញុំជឿជាក់ថាការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ពិតមានសារៈសំខាន់ណាស់ ហើយយើងអាចចែករំលែកចំណេះដឹងដែលទទួលបាននៅទីនេះទៅកាន់សហគមន៍របស់យើង ខេត្តរបស់យើង ស្ថាប័នរបស់យើង និងទូទាំងប្រទេសផងដែរ។
ការជួបជុំល្ងាចនេះគឺជារបៀបវីរៈសំខាន់មួយរបស់កម្មវិធី កម្ពុជា អាយស៊ីធីខែម ២០២២។ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយដែលបានចូលរួមជាផ្នែកមួយនៃឱកាសនេះ ជាមួយភ្ញៀវកិត្តិយសនិងសហការី អតីតអ្នកចូលរួមកម្មវិធី មេគង្គ អាយស៊ីធីខែម និងអតីតអ្នកចូលរួមកម្មវិធី កម្ពុជា អាយស៊ីធីខែម។
កម្មវិធីយប់នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ យើងនឹងបានជួបនិងស្គាល់គ្នា បង្កើតទំនាក់ទំនងជាមួយអ្នកចូលរួមដែលមកពីស្ថាប័នផ្សេងៗគ្នា រួមទាំងភាគីពាក់ព័ន្ធមកពីអង្គការសង្គមស៊ីវិល វិស័យឯកជន សមាជិកមន្ត្រីរាជរដ្ឋាភិបាល និស្សិតសាកលវិទ្យាល័យ និងអ្នកសារព័ត៌មាន។ សូមរីករាយទស្សនារបាំអប្សរា ការសម្តែងដោយអ្នកចូលរួម និងពិសារអាហារស្វាគមន៍ពេលល្ងាចដ៏រីករាយ។
ក្នុងរយៈពេលបីថ្ងៃបន្ទាប់នៃកម្មវិធីខែម អ្នកទាំងអស់គ្នានឹងមានឱកាសជាច្រើនដើម្បីសិក្សាឈ្វេងយល់ពីអ្នកជំនាញរបស់យើង ដែលនឹងរៀបចំសិក្ខាសាលាពីប្រធានបទឌីជីថលក្នុងវិស័យផ្សេងៗ ការពិភាក្សាជាក្រុម ហេកកាតុន (Hackathon) និងការអនុវត្តជាក់ស្ដែងជាមួយអ្នកទាំងអស់គ្នា។
ខ្ញុំរីករាយដែលបានចែករំលែកមតិឆ្លុះបញ្ចាំង និងទស្សនៈរបស់ខ្ញុំក្នុងថ្ងៃនេះ។ តាងនាម អង្គការទិន្នន័យអំពីការអភិវឌ្ឍ និង គណកម្មាធិការប្រឹក្សាយោបល់ ខ្ញុំសូមស្វាគមន៍អ្នកទាំងអស់គ្នាជាផ្លូវការមកកាន់កម្មវិធី កម្ពុជា អាយស៊ីធីខែម ២០២២។ ចាប់ពីពេលនេះតទៅ អ្នកទាំងអស់គ្នានឹងក្លាយជាអ្នកចូលរួមកម្មវិធី កម្ពុជា អាយស៊ីធីខែម ដែលជាផ្នែកមួយនៃសហគមន៍អាយស៊ីធីខែម!
ខ្ញុំសូមឆ្លៀតឱកាសនេះថ្លែងអំណរគុណចំពោះស្ថានទូតព្រះរាជាណាចក្រហូឡង់ប្រចាំទីក្រុងបាងកក និងដៃគូផ្សេងទៀតដែលបានគាំទ្រកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២២នេះ។
ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានមកកាន់ពិធីពិសារអាហារស្វាគមន៍ពេលល្ងាចនេះ ហើយសង្ឃឹមថាអ្នកនឹងរីករាយជាមួយនឹងបដិសណ្ឋារកិច្ចរបស់យើង។
សូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នក។!