ការអនុវត្តអនាម័យឌីជីថល និងការការពារទូរស័ព្ទវៃឆ្លាត
លោក ជី សុផាត អ្នករៀបចំកម្មវិធី បារខែមកម្ពុជា និងជាអ្នកបង្កើតមាតិកាឌីជីថល បានបើកវគ្គពីរស្តីពីសុវត្ថិភាពឌីជីថលក្នុងអំឡុងកម្មវិធី កម្ពុជា អាយស៊ីធីខែម ២០២២។ លោក សុផាត មានបទពិសោធន៍ជាងដប់ឆ្នាំក្នុងការរៀបចំព្រឹត្តិការណ៍និងកម្មវិធីដែលទាក់ទងនឹងវិស័យអាយស៊ីធីនិងបច្ចេកវិទ្យា ហើយបានបង្កើតចំណេះដឹង និងការយល់ដឹងស៊ីជម្រៅអំពីសុវត្ថិភាពបច្ចេកវិទ្យា ចំណេះដឹងឌីជីថល និងសុវត្ថិភាពឌីជីថល។ បច្ចុប្បន្នគាត់ត្រូវបានចាត់តាំងឱ្យរៀបចំកម្មវិធីសិក្សាផ្នែកអាយស៊ីធី ដែលជាផ្នែកមួយនៃកម្មវិធីសិក្សារបស់សាលារៀនជំនាន់ថ្មី (NGS) ។
លោក សុផាត បានធ្វើបទបង្ហាញចំនួនពីររួមមាន “ការអនុវត្តអនាម័យឌីជីថល” និង “ឯកជនភាពទិន្នន័យ និងការការពារនៅលើទូរស័ព្ទវៃឆ្លាត” ដើម្បីសង្កត់ធ្ងន់លើសារៈសំខាន់នៃការកែលម្អសុវត្ថិភាពទូរស័ព្ទ និងសន្តិសុខឌីជីថល។ អ្នកចូលរួមចំនួន ២៧ នាក់បានចូលរួមសិក្ខាសាលានេះ ដើម្បីទទួលបានចំណេះដឹងនិងបទពិសោធន៍ដែលលោក សុផាត បានចែករំលែក។ វគ្គទាំងពីរបានសង្កត់ធ្ងន់ និងផ្ដល់ដំណោះស្រាយពីការអនុវត្តសន្តិសុខឌីជីថល និងចែករំលែកភាពស្រដៀងគ្នាមួយចំនួន។ ក្នុងវគ្គទីមួយដែលជាការអនុវត្តអនាម័យឌីជីថល មានលក្ខណៈទូលំទូលាយដែល សំដៅទៅលើឧបករណ៍បច្ចេកវិទ្យានិងសេវាកម្មឌីជីថលដែលប្រើជាទូទៅបំផុត។ វគ្គទីពីរ ឯកជនភាពទិន្នន័យ និងការការពារនៅលើទូរស័ព្ទវៃឆ្លាត បានលើកឡើងជាពិសេសពីដំណោះស្រាយសន្តិសុខលើទូរស័ព្ទវៃឆ្លាត។
ដូចទៅនឹងអនាម័យរាងកាយ និងអនាម័យផ្ទាល់ខ្លួនដែរ ការអនុវត្តអនាម័យឌីជីថលជាបន្តបន្ទាប់អាចការពារអ្នកប្រើប្រាស់ពីការគំរាមកំហែងឌីជីថល និងការឆ្លងចូលនូវវីរុសនានា នៅពេលប្រើឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ការអនុវត្តអនាម័យឌីជីថលរួមមាន៖ ការប្រើប្រាស់ពាក្យសម្ងាត់រឹងមាំ ការពង្រឹងសុវត្ថិភាពអ៊ីមែល និងគណនីបណ្ដាញទំនាក់ទំនងសង្គមជាមួយនឹងការដាក់លេខសម្ងាត់ពីរជាន់ ប្រើកម្មវិធីរុករកតាមអ៊ីនធឺណិតដែលមានសន្តិសុខ ការគ្រប់គ្រងគណនីអ៊ីមែលប្រកបដោយប្រសិទ្ធភាព ការប្រើប្រាស់អ៊ីមែលដែលមានកូដនីយកម្ម និងការបម្រុងទុកឯកសារសំខាន់ៗតាមកាលកំណត់។ សំខាន់ជាងនេះទៅទៀត លោក សុផាត បានស្នើឱ្យអ្នកចូលរួមប្រើប្រាស់ VPN ដើម្បីបង្កើនការការពារទូរស័ព្ទ ចាក់សោរទូរស័ព្ទ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការជាប្រចាំ និងធានាថាកម្មវិធីដែលអ្នកប្រើប្រាស់ទាញយកគឺអាចទុកចិត្តបាន។
អនាម័យឌីជីថលធ្វើអោយប្រសើរឡើងនូវសន្តិសុខអនឡាញ ជួយការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងពង្រឹងឯកជនភាពនៅលើស្មាតហ្វូន និងឧបករណ៍ផ្សេងទៀត។ លោក សុផាត បាននិយាយថា អនាម័យឌីជីថលល្អក៏ធ្វើឱ្យឧបករណ៍ឌីជីថលដំណើរការយ៉ាងរលូន និងមានប្រសិទ្ធភាពផងដែរ។ បន្ទាប់មកលោកបានសួរទៅកាន់អ្នកចូលរួមអំពីការអនុវត្តអនាម័យឌីជីថលរបស់ពួកគេជាមួយនឹងរឿងដែលត្រូវធ្វើ និងមិនត្រូវធ្វើ។ មានមនុស្សតែពីរបីនាក់ប៉ុណ្ណោះដែលបានជ្រើសរើសជម្រើសទាំងអស់។ ជាលទ្ធផលរកឃើញថាអ្នកចូលរួមភាគច្រើនមិនមានទម្លាប់អនាម័យឌីជីថលល្អនៅឡើយទេ ដែលនេះជាការគួរឱ្យព្រួយបារម្ភ ហើយចំនួនអ្នកដែលបានអនុវត្តតិចតួចនេះ ដែលសុទ្ធសឹងតែជាអ្នកចូលចិត្តបច្ចេកវិទ្យា អាចបង្ហាញពីការយល់ដឹងពីជំនាញសុវត្ថិភាពឌីជីថលក្នុងចំណោមសង្គមកម្ពុជាជារួមនៅមានកម្រិតទាបនៅឡើយ ទោះជាយ៉ាងណាចាំបាច់ត្រូវមានការស្រាវជ្រាវច្រើនទៀតដើម្បីបញ្ជាក់អំណះអំណាងនេះ។ ការបង្រៀនពីអនាម័យឌីជីថលដល់អ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាគឺចាំបាច់នៅក្នុងដំណើរការអនុវត្តអនុក្រឹត្យស្ដីពីច្រកទ្វារអ៊ីនធឺណិតជាតិ (NIG) ដែលតាមរយៈនោះរដ្ឋាភិបាលនឹងអាចគ្រប់គ្រងចរាចរណ៍ទិន្នន័យក្នុងប្រទេស ហើយនឹងអានតាមដានពីស្ថានភាពនានាផងដែរ។ ដូច្នេះ ការអនុវត្តអនាម័យឌីជីថលកាន់តែប្រសើរឡើងនឹងបង្កើនការយល់ដឹងអំពីការគំរាមកំហែងរបស់ NIG ហើយនឹងជួយបន្ធូរបន្ថយ បានមួយផ្នែកពីការគំរាមកំហែងនានា។
វាគ្មិនបានណែនាំឱ្យអ្នកចូលរួមប្រើ Protonmail ជាកម្មវិធីអ៊ីមែលចម្បងរបស់ពួកគេ។ Protonmail គឺជាកម្មវិធីដែលមានប្រភពបើកទូលាយដែលផ្តោតលើឯកជនភាព និងការការពារទិន្នន័យដែលមានកូដនីយកម្ម។ ការប្រើប្រាស់អ៊ីមែលដែលមានកូដនីយកម្មបានបង្កើនឯកជនភាពនៃទិន្នន័យដែលធ្វើឱ្យផ្ដល់ភាពលំបាកដល់ក្រុមចោរតាមអ៊ីនធឺណិត។ បន្ថែមពីលើគណនីអ៊ីម៉ែល លោក សុផាត ក៏បានស្នើឱ្យប្រើពាក្យសម្ងាត់រឹងមាំ និងប្រើការដាក់លេខសម្ងាត់ពីរជាន់ (2FA) ដើម្បីបង្កើនសន្តិសុខអ៊ីមែល។ លោក សុផាត បានប្រើប្រព័ន្ធ The Onion Router (TOR) ជាឧទាហរណ៍របស់កម្មវិធីស្វែងរកដែលមានសុវត្ថិភាព។ TOR គឺជាកម្មវិធីស្វែងរកប្រភពបើកទូលាយដែលអនុញ្ញាតឱ្យអ្នកប្រើអ៊ីនធឺណិតដោយមិនបញ្ចេញឈ្មោះ។ វាលាក់អាសយដ្ឋាន IP របស់អ្នកប្រើប្រាស់ ដែលធ្វើឱ្យពិបាកសម្រាប់ក្រុមចោរអ៊ីនធឺណិត ក្នុងការតាមដានអត្តសញ្ញាណ និងទីតាំងរបស់អ្នកប្រើប្រាស់។ វាក៏ធ្វើកូដនីយកម្មចរាចរណ៍រុករក និងលុបប្រវត្តិរុករករបស់អ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិផងដែរ។
លោក សុផាត ក៏បានលើកឡើងផងដែរថា ការប្រើប្រាស់ VPN គួរតែអនុវត្តដើម្បីការពារសកម្មភាពអនឡាញរបស់អ្នកប្រើប្រាស់ដោយជួយពួកគេការពារទិន្នន័យរបស់ពួកគេ និងរក្សាអនាមិកទិន្នន័យនៅលើអ៊ីនធឺណិត។ ការធ្វើបច្ចុប្បន្នភាពទៅកំណែប្រែចុងក្រោយបំផុតនៃប្រព័ន្ធប្រតិបត្តិការរបស់ទូរស័ព្ទក៏កាត់បន្ថយហានិភ័យនៃការបំពានទិន្នន័យ ដោយដោះស្រាយបញ្ហាសន្តិសុខនៅក្នុងកំណែប្រែមុនៗ។ ជាចុងក្រោយ លោក សុផាត ក៏បានដាស់តឿនដល់អ្នកចូលរួមឱ្យមានការប្រុងប្រយ័ត្ននៅពេលភ្ជាប់ទូរស័ព្ទរបស់ពួកគេទៅបណ្តាញ Wi-Fi សាធារណៈដែលនគិតថ្លៃ ព្រោះវាអាចធ្វើអោយបាត់បង់អនាមិកភាពរបស់អ្នកប្រើប្រាស់ និងធ្វើឱ្យឧបករណ៍របស់ពួកគេងាយរងគ្រោះដោយសារក្រុមចោរលួចតាមអ៊ីធឺណិត។