សុន្ទរកថា​បើក​របស់​លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​

 

 

 

 

សុន្ទរកថា​ដោយ​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ
​អំឡុង​ពិធី​ប្រកាស​បើក​
កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ លើក​ទី​មួយ​ ឆ្នាំ​ ២០១៨
នៅ​សណ្ឋាគារ​សុខា​សៀមរាប​ ថ្ងៃ​ទី​ ១៧​ ខែធ្នូ​ ឆ្នាំ​ ២០១៨

ភ្ញៀវ​កិត្តិយស​ លោក​ លោកស្រី​ អ្នកនាង កញ្ញា សូម​គោរព​៖

  • លោក​ ម៉ុ​ក​ ខេមរា​ ប្រធាន​នាយកដ្ឋាន​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និ​ច​ និង​ជា​តំណាង​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍
  • ​លោក​ Norbert​ Klein​ ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ
  • អ្នកស្រី​ Pyrou​ Chung​ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​គម្រោង​កិច្ច​ផ្តួចផ្តើម​ទិន្នន័យ​បើក​ទូលាយ​ដើម្បី​ការ​អភិវឌ្ឍ​ (ODI)​ របស់​អង្គការ​វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​ប​ញ្ចឹ​ម​ (EWMI)
  • អ្នកស្រី​ Puangchomphu​ Rammuang​ អ្នកគ្រប់គ្រង​ផ្នែក​កៀរគរ​ធនធាន​នៃ​ អង្គការ​ Thai​ Fund​ Foundation
  • ព្រមទាំង​អ្នកចូលរួម​នៅ​ក្ន​ង​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ខែ​ម​ឆ្នាំ​ ២០១៨​នេះ​ទាំងអស់​

អរុណសួស្តី​អ្នក​ទាំងអស់​គ្នា​!

  • ជំរាបសួរ​
  • ​សា​វ៉ាស​ឌី​ ក្រាប​
  • ​សា បាយ​ ឌី​​
  • មី​ហ្គា​ឡា​​បា​
  • សេឡា​ម៉ាត​ ផា​ជី
  • នី​ ហោ​

​ជាបឋម​ តាង​នាម​អោយ​គណៈកម្មាធិការ​នៃ​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ខែ​ម​ឆ្នាំ​ ២០១៨​ និង​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ខ្ញុំបាទ​សូម​ធ្វើការ​ថ្លែងអំណរគុណ​ដល់​ លោក​ ម៉ុ​ក​ ខេមរា​ តំណាង​ដ៏​ខ្ពង់ខ្ពស់​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ សម្រាប់​វត្តមាន​របស់​លោក​ ដើម្បី​ថ្លែង​សុន្ទ​ករ​ថា​បើក​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​មួយ​ជាមួយ​យើងខ្ញុំ​ទាំងអស់​គ្នា​នៅ​ថ្ងៃនេះ​។​

ខ្ញុំ​ពិតជា​មាន​ក្តី​រំភើប​ឥត​ឧបមា​ ដែល​បាន​ជួប​ជាមួយ​មិត្តភក្តិ​ថ្មីៗ​ និង​វាគ្មិន​នានា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​មក​ពី​ប្រទេស​ថៃ​ ឡាវ​ មី​យ៉ា​ន់​ម៉ា​ ឥណ្ឌូ​នេ​ស៊ី​ និង​តៃវ៉ាន់​ នៅ​ក្នុង​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​នេះ​ ជា​ពិសេស​តំណាង​នៃ​ក្រុម​ទទួល​បាន​ពានរង្វាន់​មូលនិធិ​គ្រាប់ពូជ​ច្នៃប្រឌិត​នៅ​ក្នុង​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​កាលពី​ឆ្នាំ​ ២០១៧​ ដែល​ពួក​គេ​នឹង​មក​ធ្វើការ​ចែករំលែក​អំពី​ភាព​ជោគជ័យ​នៃ​ការ​អនុវត្ត​គម្រោង​របស់​ខ្លួន​។​ អ្នក​ទាំងអស់​គ្នា​នឹង​បាន​ស្តាប់​អំពី​រឿង​រ៉ាង​របស់​ពួក​គេ​កាលពី​នៅ​ក្នុងអំឡុងពេល​ចូលរួម​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​រយៈពេល​ប្រាំ​ថ្ងៃ​ផង​ដែរ​។​ ពួក​គេ​សុទ្ធតែ​ជា​អ្នកជំនាញ​ ដែល​មក​ពី​សហគមន៍​ព័ត៌មានវិទ្យា​ និង​ទំនាក់ទំនង​ អង្គការ​សង្គម​ស៊ី​វិល​ រដ្ឋាភិបាល​ សាកលវិទ្យាល័យ​ និង​វិស័យ​ឯកជន​។​

ភ្ញៀវ​កិត្តិយស​ លោក​ លោកស្រី​ អ្នកនាង កញ្ញា

​ខ្ញុំ​សុំ​អនុញ្ញាត​យក​ឱកាស​នេះ​ ដើម្បី​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុម​អ្នកសម្របសម្រួល​ វាគ្មិន​ ក្រុម​អ្នក​ស្ម័គ្រចិត្ត​ ជា​ពិសេស​សមាជិក​សមាជិកា​នៃ​គណៈ​កម្ម​ធិ​ការ​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ រួម​ទាំង​ក្រុមការងារ​អូ​ឌី​ស៊ី​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ទាំងអស់​គ្នា​​ក្នុង​ការងារ​នេះ​ជាមួយ​យើង​តាំងពី​ដំបូង​នៃ​ដំណាក់កាល​ធ្វើ​ផែនការ​ រហូត​បន្ត​មាន​វត្ត​មាននៅ​ទី​នេះ​ដើម្បី​ប្រព្រឹត្ត​កម្មវិធី​នេះ​ជាមួយ​គ្នា​ បើ​ទោះបីជា​អ្នក​ទាំងអស់​គ្នា​មមារ​ញឹក​នឹង​ការ​ទទួលខុសត្រូវ​ភារៈកិច្ច​នៅ​ស្ថាប័ន​របស់​ខ្លួន​យ៉ាងណា​ក៏​ដោយ​។​ យើងខ្ញុំ​ពិតជា​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​លះបង់​របស់​អ្នក​ទាំងអស់​គ្នា​។​

ឆ្លៀតឱកាស​នេះ​ដែរ​ ខ្ញុំ​សូម​ធ្វើការ​ចែករំលែក​ជាមួយ​អ្នក​ទាំងអស់​គ្នា​អំពី​ដំណើរ​នៃ​ការ​រៀបចំ​ឱ្យ​មានកម្ម​វិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ឆ្នាំ​ ២០១៨​ មួយ​នេះ​។​ កាលពី​ឆ្នាំ​ ២០១៥​ ខ្ញុំ​បាន​ទៅ​ចូលរួម​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ជា​លើក​ដំបូង​ ក្នុង​នាម​ជា​អ្នកចូលរួម​ម្នាក់​ ជាមួយនឹង​អ្នកចូលរួម​ដទៃ​ទៀត​ដែល​មក​ពី​បណ្តា​ប្រទេស​នៃ​អនុ​តំបន់​ទន្លេមេគង្គ​។​ នៅ​អំឡុង​ពេល​ចូលរួម​នោះ​ ខ្ញុំ​បាន​សម្លឹង​ឃើញ​ពី​សក្តានុពល​ដើម្បី​ប្រារព្ធ​ព្រឹត្តិការណ៍​បែប​នេះ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ ហើយ​ខ្ញុំ​បាន​ចាប់ផ្តើម​ពិភាក្សា​ពី​របៀប​ក្នុង​ការ​នាំ​យក​ព្រឹត្តិការណ៍​មួយ​នេះ​មក​កាន់​ទី​នេះ​។​ យើង​បាន​ធ្វើការ​ឆ្លុះ​បញ្ចាំង​អំពី​លក្ខខណ្ឌ​តម្រូវ​នានា​នៃ​ទីកន្លែង​ និង​សមត្ថភាព​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​ដំណើរការ​កម្មវិធី​នេះ​។​

តាម​រយៈ​ការ​ពិភាក្សា​ជា​បន្តបន្ទាប់​មក​ នៅ​ក្នុង​ឆ្នាំ​ ២០១៧​ ក្រុមការងារ​អូ​ឌី​ស៊ី​ ត្រូវ​បាន​លើកទឹកចិត្ត​ដោយ​ Thai​ Fund​ Foundation​ និង​គណៈកម្មាធិការ​នៃ​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​​ខែម​លើក​ទី​ ៥​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ វា​គឺជា​លើក​ទី​មួយ​ និង​ដំបូង​បង្អស់​ ដែល​កម្មវិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​នៅ​ក្រៅ​ព្រះរាជាណាចក្រ​ថៃ​។​ តាម​រយៈ​សមិទ្ធិ​ផល​នៃ​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ ដែល​បាន​ប្រារព្ធ​ទៅ​ ប្រកបដោយ​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំ​ ២០១៧​ យើង​ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​ ក្នុង​ការ​រៀបចំ​ និង​ស្វាគមន៍​អ្នក​ទាំងអស់​គ្នា​ មក​កាន់​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​​ខែម​លើក​ទី​មួយ​នេះ​។​ យើង​សង្ឃឹមថា​ អ្នក​ទាំងអស់​គ្នា​នឹង​ចូលរួម​ធ្វើ​អោយ​កម្មវិធី​ខែ​ម​មួយ​នេះ​ក្លាយទៅជា​ព្រឹត្តិការណ៍​ដែល​នឹង​ដំណើរការ​ទៅ​ជា​ទៀត​ទាត់​។​

គោលបំណង​នៃ​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​មួយ​ ឆ្នាំ​២០១៨​ នេះ​គឺ​ ដើម្បី​៖

  1. ​បង្កើត​ ពង្រីក​ និង​គាំទ្រ​បណ្តាញ​នៃ​ការ​បង្ហាត់បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​ និង​កន្លែង​សម្រាប់​រៀនសូត្រ​ ដែល​បង្កើត​ជា​បណ្តាញ​ថ្នាក់​ជាតិ​មួយ​ ដែល​ផ្តោត​លើ​បច្ចេកវិទ្យា​បើក​ទូលាយ​ និង​បញ្ហា​សិទ្ធិ​ឌី​ជី​ថ​ល​ ដោយ​មានការ​ពិគ្រោះ​យោបល់​ ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ និង​ការ​ចែករំលែក​ធនធាន​ ជាមួយ​អ្នកជំនាញ​ អ្នក​សារព័ត៌មាន​ អ្នក​ស្រាវជ្រាវ​ និង​អ្នក​អនុវត្តន៍​សហគមន៍​។​
  2. ចងក្រង​ឯកសារ​អំពី​បញ្ហា​ និង​ការ​អនុវត្ត​ថ្នាក់​ជាតិ​ សម្រាប់​ចែករំលែក​ជាមួយ​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​ អ្នក​ស្រាវជ្រាវ​ អ្នក​បណ្តុះបណ្តាល​ និង​សហគមន៍​សិទ្ធិ​ឌី​ជី​ថ​ល​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បើក​ទូលាយ​ កម្មវិធី​ប្រភព​បើក​ទូលាយ​ និង​ស្តង់ដារ​បើក​ទូលាយ​ ដែល​ផ្តល់​ដល់​ក្រុម​គោលដៅ​នូវ​បណ្តាញ​មួយ​ដ៏​រឹង​មាំ​ និង​អាច​ទុកចិត្ត​បាន​។​
  3. លើកកម្ពស់​តួនាទី​របស់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​បច្ចេកវិទ្យា​ប្រកបដោយ​ចីរភាព​ ដែល​ជួយ​បង្កើន​សមត្ថភាព​ក្នុង​ការ​សម្រេចចិត្ត​ដោយ​ផ្អែក​លើ​ភស្តុ​តាង​ និង​មាន​ប្រសិទ្ធិ​ភាព​ ដោយ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​សម្រាប់​គំនិត​ច្នៃប្រឌិត​សម្រាប់​សង្គម​។

ភ្ញៀវ​កិត្តិយស​ លោក​ លោកស្រី​ អ្នកនាង កញ្ញា

ឆ្នាំ​នេះ​ កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ ២០១៨​ នឹង​ធ្វើការ​ផ្តោត​សំខាន់​ទៅ​លើ​ប្រធានបទ​ចំនួន​បួន​៖​ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ កម្មវិធី​ប្រភព​កូដ​បើក​ទូលាយ​សម្រាប់​ភាពល្អ​ប្រសើរ​ ទិន្នន័យ​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​គំនិត​ច្នៃប្រឌិត​សម្រាប់​សង្គម​។

ជា​ថ្មី​ម្តងទៀត​ កម្មវិធី​អាយ​ស៊ី​ធី​ខែ​ម​ឆ្នាំ​ ២០១៨​ នេះ​ ពិតជា​មិន​អាច​ដំណើរការ​​បាន​ទេ​ ប្រសិនបើ​មិន​មានការ​ជួយ​គាំទ្រ​ពី​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USIAD)​ គម្រោង​ Development​ Innovations​ (DI)​ និង​គម្រោង​កិច្ច​ផ្តួចផ្តើម​ទិន្នន័យ​បើក​ទូលាយ​ដើម្បី​ការ​អភិវឌ្ឍ​ (ODI)​នៃ​អង្គការ​វិទ្យា​គ្រប់គ្រង​បូព៌ា​ប​ញ្ចឹ​ម​ (EWMI)​។​ ខ្ញុំ​សង្ឃឹមថា​ អ្នក​ទាំងអស់​គ្នា​នឹង​នាំ​យក​លទ្ធផល​នៃ​ការ​ចូលរួម​កម្មវិធី​ខែ​ម​នេះ​ទៅ​អនុវត្ត​នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ក្នុង​អង្គការ​ និង​ក៏​ដូច​ជា​នៅ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​។

ខ្ញុំ​សង្ឃឹមថា​ ការ​ស្នាក់​នៅ​របស់​អ្នក​ទាំងអស់​គ្នា​នឹង​​ប្រកបដោយ​ផា​សុខភាព​ ​​ព្រមទាំង​​​រីករាយ​ជាមួយ​បដិសណ្ឋារកិច្ច​នៅ​ទី​នេះ​ ក្នុងអំឡុងពេល​ចូលរួម​ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា​ អ្នក​នឹង​រីករាយ​ជាមួយ​កម្មវិធី​ខែ​ម​នេះ​ច្រើន​ដូច​ជា​អ្នក​ទាំងអស់​គ្នា​នៅ​ទី​នេះ​រីករាយ​នឹង​មាន​វត្តមាន​របស់​អ្នក​ក្នុង​កម្មវិធី​ខែ​ម​នេះ​ដែរ​។​

ជា​ចុង​ក្រោយ​ ខ្ញុំ​សូម​គោរព​ជូនពរ​ដល់​ ភ្ញៀវ​កិត្តិយស​ លោក​ លោកស្រី​ អ្នក​នាង​ កញ្ញា​ទាំងអស់​ សូម​មាន​សុខភាព​ល្អ​ ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ និង​សុភមង្គល​។​

ខ្ញុំ​សង្ឃឹមថា​ អ្នក​ទាំងអស់​នឹង​រីករាយ​ជាមួយ​កម្មវិធី​ខែ​ម​នេះ​ ហើយ​ខ្ញុំ​ជឿជាក់​ថា​ អ្នកចូលរួម​យើង​ដែល​មក​ពី​ក្រៅប្រទេស​ក៏​នឹង​មាន​ភាព​សប្បាយ​រីករាយ​ក្នុង​ការ​ស្នាក់​នៅ​ក្នុង​ខេត្តសៀមរាប​នេះ​ផង​ដែរ​។​

សូម​អរគុណ​!

CICTCamp Opening Speech
លោក​ ធី​ ទ្រី​ នាយក​ប្រ​តិ​ប​តិ្ត​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ កំពុងថ្លែងសុន្ទ​រក​ថា​ប្រកាសបើកកម្មវិធី។