ដំណាក់កាលសំខាន់ៗក្នុងការចាប់ផ្តើមអាជីវកម្មប្រកបដោយជោគជ័យ
លោក Victor Logos មកពីប្រទេសម៉ុលដាវី គឺជាសហគ្រិនម្នាក់ដែលបានរស់នៅប្រទេសកម្ពុជាអស់រយៈពេល២ ឆ្នាំមកហើយ។ គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cambo Market ដែលជាគេហទំព័រសេវាកម្មដឹកជញ្ជូនគ្រឿងទេស។
ជាជាងការចាប់ផ្តើមជាមួយនឹងរឿងរ៉ាវជោគជ័យ គាត់ចាប់ផ្តើមពីរឿងរ៉ាវបរាជ័យក្នុងការចាប់ផ្តើមជំនួញលើកដំបូងរបស់គាត់។ តាមរយៈការចែករំលែកការវិភាគជុំវិញភាពបរាជ័យរបស់ក្រុមហ៊ុនរបស់គាត់។ គាត់អាចបង្ហាញអ្នកចូលរួមបានយ៉ាងច្បាស់ថា តើដំបូន្មានរបស់គាត់ពិតជាមានសារៈសំខាន់ ចំពោះវិធីសាស្ត្រក្នុងការចាប់ផ្តើមអាជីវកម្មប្រកបដោយជោគជ័យ។ ការចែករំលែករបស់គាត់ ចាប់ផ្តើមពីមូលដ្ឋានគំនិតប្រកបដោយជោគជ័យទៅកាន់ការអនុវត្ត។
Logos បានចែករំលែកទៅកាន់អ្នកចូលរួមអំពី របៀបបង្កើតមូលដ្ឋានក្នុងការធ្វើអាជីវកម្ម។ គាត់បានចែករំលែកមូលដ្ឋានសំខាន់ៗដូចជា ការកំណត់បញ្ហា ការបង្កើតដំណោះស្រាយ ការស្វែងរកអតិថិជន និងការសាកល្បងដំណោះស្រាយតាមរយៈការសិក្សាទៅលើអតិថិជន។ ក្រោយពីដំណាក់កាលយ៉ាងម៉ត់ចត់នេះ លោកអ្នកនឹងមានគំនិតរួចរាល់សម្រាប់ការចាប់ផ្តើមធ្វើអាជីវកម្ម។
Logos ក៏បានបង្ហាញអ្នកចូលរួមអំពីការអនុវត្តដំណើរការអាជីវកម្មផងដែរ។ ដំណើរការទាំងនោះមានដូចជាការរៀបចំផែនការថវិកា យុទ្ធសាស្ត្រទីផ្សារ ការកំណត់គោលដៅជោគជ័យ និងការប្រើប្រាស់មតិយោបល់របស់អតិថិជន។ លោក Logos ក៏បានសង្កត់ធ្ងន់ទៅលើបទពិសោធន៍អតិថិជន និងមតិយោបល់របស់អតិថិជន។ លោកបានប្រាប់អ្នកចូលរួមថា “នៅចុងបញ្ចប់ រាល់មតិយោបល់របស់អតិថិជន គឺការយល់ឃើញរបស់អតិថិជន ហើយនោះគឺជារឿងសំខាន់បំផុតសម្រាប់អាជីវកម្មរបស់យើង” ។
គាត់បានបញ្ចប់ការពិភាក្សារបស់គាត់ ដោយបញ្ជាក់ពីចំនុចសំខាន់ ដែលសហគ្រិនវ័យក្មេងត្រូវតែដឹង៖
- ត្រូវត្រៀមខ្លួនខំប្រឹងធ្វើការ
- ជឿលើគំនិតរបស់អ្នកហើយកុំបោះបង់
- កុំរំពឹងច្រើនពេកក្នុងឆ្នាំដំបូង
- សង្កេតមើលដៃគូប្រកួតប្រជែងរបស់អ្នក
- ត្រូវត្រៀមចិត្ត និងអារម្មណ៍សម្រាប់រឿងមិនល្អដែលអាចកើតមានឡើង
បន្ទាប់ពីបញ្ចប់សុន្ទរកថា លោក Logos បានបើកវេទិកាសម្រាប់អ្នកចូលរួមក្នុងការសួរសំណួរ ក៏ដូចជាពិភាក្សាជុំវិញប្រធានបទខាងលើ។ ការពិភាក្សាជុំវិញប្រធានបទនេះ ចំណាយពេលរហូតទៅដល់ ៤៥នាទី។ អ្នកចូលរួមមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបទពិសោធន៍របស់លោក Logos ក៏ដូចជា របៀបដោះស្រាយបញ្ហាប្រឈមរបស់គាត់ និងដំបូន្មានសម្រាប់ការចាប់ផ្ដើមអាជីវកម្មរបស់ពួកគេ។ អ្នកចូលរួមម្នាក់ឈ្មោះរ៉ុម តឿន បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ថា៖ “វាជារឿងល្អណាស់ដែលត្រូវសួរអ្នកសម្របសម្រួល អំពីបទពិសោធន៍ផ្ទាល់របស់គាត់។ ការអង្គុយក្នុងរង្វង់ ការសួរសំណួរផ្ទាល់ខ្លួន និងការប្រាស្រ័យទាក់ទងជាមួយអ្នកចូលរួមទាំងអស់ គឺជាវិធីដ៏ល្អមួយដើម្បីប្ដូរបរិយាកាសថ្នាក់រៀនឱ្យ ក្លាយជាបរិយាកាសពិភាក្សាយ៉ាងសកម្ម និងជួយសម្រួលដល់ការចែករំលែកចំណេះដឹង។” លោករ៉ុម តឿន បានចូលរួមសួរសំណួរជាច្រើន ហើយគាត់ជឿជាក់ថាការចូលរួមរបស់គាត់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខ្លួនរបស់គាត់ក្នុងការចាប់ផ្តើមអាជីវកម្មរបស់គាត់នៅក្នុងប្រទេសកម្ពុជា។
Victor Logos គឺជាស្ថាបនិក និងនាយកប្រតិបត្តិ នៃ Cambo Market ដែលជាសេវាកម្មដឹកជញ្ជូនគ្រឿងទេសដោយឥតគិតថ្លៃ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ គាត់ក៏ជានាយកប្រតិបត្តិ នៃភ្នាក់ងារឌីជីថល ដែលហៅថា Smart Management Systems។
គាត់ចូលចិត្តការងារទាក់ទងនឹងគេហទំព័រ ដើរកំសាន្ត និងជាអ្នកសរសេរប្លុកក្រៅម៉ោង ហើយគាត់បានចូលរួមក្នុងបណ្ដាញទាក់ទងនឹងគេហទំព័រ តាំងពីឆ្នាំ២០១២។ គោលដៅចម្បងរបស់គាត់គឺ ចូលរួមចំណែកក្នុងដំណើរការឌីជីថលនៅកម្ពុជា និងបង្កើតផលិតផលឌីជីថល ដែលអាចប្រើប្រាស់ប្រចាំថ្ងៃបានយ៉ាងងាយស្រួល ដល់ប្រជាជនកម្ពុជា។