អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូរបស់ខ្លួននឹងរៀបចំកម្មវិធី កម្ពុជា អាយស៊ីធីខែម ២០២៤ ចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ កម្មវិធីដែលមានរយៈពេល ៣ថ្ងៃ នេះ នឹងក្លាយជាកម្មវិធីលើកទី៣ បន្ទាប់ពីអូឌីស៊ីបានផ្ដួចផ្ដើមរៀបចំឡើង។ កម្មវិធីដំបូងបង្អស់ ត្រូវបានកើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលរៀបចំឡើងដោយជោគជ័យនៅខេត្តសៀមរាប និងកម្មវិធីបន្ទាប់ទៀតនៅឆ្នាំ២០២២ ធ្វើឡើងនៅក្នុងខេត្តសៀមរាបដូចគ្នា។

កម្មវិធី កម្ពុជា អាយស៊ីធីខែម ២០២៤ គឺជាកម្មវិធីមួយដែលមានរួមបញ្ចូលនូវវគ្គចែករំលែកចំណេះដឹង កិច្ចភាក្សាជាក្រុម និងសិក្ខាសាលាអនុវត្តដោយផ្ទាល់ជាច្រើន ដែលដឹកនាំ ឬសម្របសម្រួលដោយអ្នកជំនាញផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សន្ដិសុខសាយប័រ ឧក្រិដ្ឋកម្មលើប្រព័ន្ធអនឡាញ ទំនាក់ទំនងឌីជីថល បញ្ញាសិប្បនិម្មិត សារព័ត៌មាន និងសិទ្ធិឌីជីថល ដែលមកពីប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតនៅក្នុងសកលលោក។

កម្មវិធីនេះ នឹងប្រមូលផ្តុំអ្នកចូលរួមមកពីវិស័យដែលពាក់ព័ន្ធគ្នា រួមមានប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន អង្គការសង្គមស៊ីវិល ការតស៊ូមតិផ្នែកសិទ្ធិឌីជីថល ច្បាប់ សិក្សាស្រាវជ្រាវ ឯកជន និងសាកលវិទ្យាល័យ។ អ្នកចូលរួមទាំងអស់ នឹងមានឱកាសទទួលបានចំណេះដឹងបែបស៊ីជម្រៅពីវាគ្មិនជំនាញជាច្រើននាក់ បទពិសោធន៍ពីការប្រើប្រាស់ បច្ចេកវិទ្យានៅក្នុងអាជីពការងារ និងជីវិតប្រចាំថ្ងៃ និងបង្កើតទំនាក់ទំនងជាមួយអ្នកចូលរួមផ្សេងទៀតមកពីវិស័យដែលពាក់ព័ន្ធ ឬផ្សេងៗគ្នា។

វាគ្មិនជំនាញ និងអ្នកសម្របសម្រួល នឹងអញ្ជើញមកពីប្រទេសកម្ពុជា ប្រទេសក្នុងតំបន់មេគង្គ និងតំបន់ផ្សេងៗ ទៀតនៅក្នុងសកលលោក។ វាគ្មិន និងអ្នកសម្របសម្រួលទាំងអស់នោះ នឹងនាំមកនូវទស្សន និងបទពិសោធន៍ ឬចំណេះដឹងជាច្រើនទៅចែករំលែកនៅក្នុងកម្មវិធីនេះ។ អ្នកចូលរួមប្រមាណជា ២០០នាក់ នឹងចូលរួមកម្មវិធីមួយនេះ ដែលនឹងរៀបចំឡើងនៅខេត្តសៀមរាប ដែលមានប្រាសាទអង្គរវត្តជាតំបន់បេតិកភណ្ឌពិភពលោក។

គោលបំណង

កម្មវិធី កម្ពុជា អាយស៊ីធីខែម ២០២៤ មានគោលបំណងសំខាន់ៗចំនួន៤ ដូចខាងក្រោម៖

  1. លើកកម្ពស់ការយល់ដឹងអំពីឱកាស និងការប្រឈមនានានៅក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យក្លាយទៅជាសង្គមសេដ្ឋកិច្ច និងឌីជីថល
  2. ចូលរួមពង្រឹងអក្ខរកម្មឌីជីថលសម្រាប់ប្រជាជនកម្ពុជា ដោយធ្វើការបង្ហាញ ឬបណ្ដុះបណ្ដាលអ្នកចូលរួមអំពីជំនាញបច្ចេកទេស និងចំណេះដឹងមួយចំនួនដែលមានសារៈសំខាន់ដើម្បីរក្សាសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត និងការពារឯកជនភាព និងសុវត្ថិភាព
  3. បង្កើតឱ្យមានការពិភាក្សាទៅលើឱកាស និងការប្រឈមនៃបច្ចេកវិទ្យាថ្មីៗនៅប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតនៅតំបន់មេគង្គ និងការវិវត្តន៍នៃក្របខណ្ឌច្បាប់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា និងសិទ្ធិឌីជីថល
  4. សម្របសម្រួលឱ្យមានការបង្កើតនូវដំណោះស្រាយច្នៃប្រឌិតដែលប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាក្នុងការដោះស្រាយបញ្ហារបស់សហគមន៍

សកម្មភាពខ្លះៗនៃកម្មវិធីក្នុងឆ្នាំកន្លងទៅ