សុន្ទរកថាបិទកម្មវិធីកម្ពុជាអាយស៊ីធីខែមលើកទីមួយ
សុន្ទរកថាដោយ លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ
អំឡុងពិធីជប់លៀងបិទ
កម្មវិធីកម្ពុជាអាយស៊ីធីខែម លើកទីមួយ ឆ្នាំ ២០១៨
នៅសណ្ឋាគារសុខាសៀមរាប ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៨
លោក លោកស្រី អ្នកនាង កញ្ញា
សាយ័ណ្ណសួស្តី! ខ្ញុំសូមធ្វើការចាប់ផ្តើមជាមួយការអបអរសាទរជាមួយនឹងការបូកសរុបដ៏ជោគជ័យនៃកម្មវិធីកម្ពុជាអាយស៊ីធីខែមលើកទីមួយ ព្រមទាំងស្វាគមន៍អ្នកទាំងអស់គ្នាចូលរួមពិសារភោជនាអាហារពេលល្ងាចនៅក្នុងពិធីជប់លៀងបិទកម្មវិធីនៅរាត្រីនេះ។
នៅក្នុងរយៈពេលប្រាំថ្ងៃនៃព្រឹត្តិការណ៍នេះ យើងទាំងអស់គ្នាបានធ្វើការជាមួយគ្នានៅលើប្រធានបទសំខាន់ៗដូចជា ប្រភពកូដបើកទូលាយសម្រាប់ភាពល្អប្រសើរ គំនិតច្នៃប្រឌិតសង្គម ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិត។ វាបានក្លាយជាសប្តាហ៍មួយ ពោរពេញទៅដោយភាពស្វិតស្វាញ និងផ្លែផ្កាបំផុត ដែលក្នុងនោះរួមមាន សិក្ខាសាលាជាមួយការអនុវត្តផ្ទាល់ វគ្គដឹកនាំក្រុម ការបង្រៀន វេទិកាពិភាក្សា និងដំណើរកំសាន្ត។
យើងមិនត្រឹមតែបានរៀនសូត្រពីបទពិសោធន៍នានានៅក្នុងប្រទេសកម្ពុជាតែមួយប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ទទួលបានឱកាស ដើម្បីស្តាប់ពីគម្រោងនានាដែលកំពុងដំណើរការនៅក្នុងបណ្តាប្រទេសដទៃទៀត ដូចជា តៃវ៉ាន់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ និងថៃផងដែរ។ វាពិតជាអស្ចារ្យណាស់ដែលយើងបានមកជួបជុំគ្នា ជាមួយនឹងក្រុមមនុស្សដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលពួកគេពោរពេញទៅដោយគំនិតច្នៃប្រឌិតថ្មីៗ និងដើម្បីរៀនសូត្រពីគម្រោង និងការងាររបស់ពួកគេ ហើយជាសរុប យើងទទួលបានអ្នកចូលរួមកម្មវិធីកម្ពុជាអាយស៊ីធីខែមនេះ ទាំងអស់ចំនួន ៩០នាក់។
អ្នកចូលរួមបានកោតសរសើរជាពិសេស ចំពោះការពិតដែលថា មានវគ្គផ្សេងៗគ្នាជាច្រើនត្រូវបានដាក់បញ្ចូលសម្រាប់ការពិភាក្សារួមគ្នា ហើយពួកគេបានមានឱកាសពិភាក្សាអំពីគំនិតរបស់ពួកគេ និងបានអភិវឌ្ឍគំនិតទាំងនោះទៅក្នុងផ្នែកនានា ជាមួយវាគ្មិន និងអ្នកចូលរួមដទៃទៀត។
ផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិត៖ កញ្ញា វឿន លក្ខណា
នៅក្នុងវគ្គនេះ យើងបានពិភាក្សាពីអត្ថប្រយោជន៍កម្មវិធី Hashcalc និងពីរបៀបដែលកម្មវិធីនេះអាចការពារទិន្នន័យតាមរយៈការបំលែងកូដ (encryption) និងការដោះការបំលែងកូដ (decryption)។ វគ្គនេះក៏មានការលើកឡើងអំពីព័ត៌មានអំពីក្រុមអ្នកវាយប្រហារតាមប្រព័ន្ធអ៊ិនធីណិត ដែលធ្វើឱ្យអ្នកចូលរួមយល់កាន់តែច្បាស់ពីសក្តានុពលនៃលក្ខណៈនៃការវាយប្រហារតាមអ៊ីនធឺណិតដែលពួកគេអាចងាយនឹងរងគ្រោះ។ កញ្ញា វឿន លក្ខណា ក៏បានផ្តល់ជាដំបូន្មានដែលមានប្រយោជន៍ និងអាចយកទៅអនុវត្តបាន ដល់អ្នកស្តាប់របស់យើង ដើម្បីធ្វើយ៉ាងណាអាចរក្សាសុវត្ថិភាពនៅលើបណ្តាញអនឡាញបាន។
មានសំនួរជាច្រើនដែលបានលើកឡើងពីសំណាក់អ្នកចូលរួម ដែលបានផ្តោតទៅលើការព្រួយបារម្ភរបស់ពួកគេចំពោះឯកជនភាពនៅលើបណ្តាញអនឡាញ និងភាពមានកម្រិតដែលយើងគ្រប់គ្នាគួរតែកំណត់នៅពេលធ្វើការចែកចាយអំពីជីវិតរស់នៅរបស់យើងនៅលើបណ្តាញអនឡាញ។ នេះគឺជាប្រធានបទមួយដែលកំពុងមាននិន្នាការនាពេលបច្ចុប្បន្ន ខណៈពេលដែលវត្តមានរបស់យើងទាំងអស់គ្នានៅលើបណ្តាញសង្គមកំពុងតែកើនឡើងជារៀងរាល់ថ្ងៃ។ មានពេលខ្លះពួកយើង មិនបានយកចិត្តទុកដាក់អំពីសារៈសំខាន់នៃការបង្ហោះព័ត៌មានដែលមានលក្ខណៈខុសៗគ្នានៅលើបណ្តាញអនឡាញនោះទេ។
ផ្នែកគំនិតច្នៃប្រឌិតសង្គម៖ លោក Victor Logos
លោក Logos បានចែករំលែកទៅកាន់អ្នកចូលរួមអំពី របៀបបង្កើតមូលដ្ឋានក្នុងការធ្វើអាជីវកម្ម។ លោកក៏បានចែករំលែកមូលដ្ឋានសំខាន់ៗដូចជា ការកំណត់បញ្ហា ការបង្កើតដំណោះស្រាយ ការស្វែងរកអតិថិជន និងការសាកល្បងដំណោះស្រាយតាមរយៈការសិក្សាទៅលើអតិថិជន។ ក្រោយពីដំណាក់កាលយ៉ាងម៉ត់ចត់នេះ លោកអ្នកនឹងមានគំនិតរួចរាល់សម្រាប់ការចាប់ផ្តើមធ្វើអាជីវកម្ម។
ផ្នែកប្រភពកូដបើកទូលាយ៖ លោក Akira
លោក Akira បានទាញចំនាប់អារម្មណ៍យើងទាំងអស់គ្នានៅពេលលោកលើកឡើងអំពី “តើយើងអាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីភ្ជាប់ទំនាក់ទំនងមនុស្សជាមួយនឹងអ្នកដទៃឱ្យកាន់តែមានអត្ថន័យបានយ៉ាងដូចម្ត៉េច?” យើងបានរៀនសូត្រពីគាត់នូវ គោលការណ៍ចំនួន ៥ ដើម្បីទទួលបានជោគជ័យនៅក្នុងបច្ចេកវិទ្យាអវកាសបើកទូលាយ។ លោកក៏បានបន្ថែមនូវច្បាប់ប្រអប់ជើងពីរ (The Law of Two Feet)៖ “ប្រសិនបើអ្នករកឃើញថាខ្លួនឯងមិនបានរៀនសូត្រ ឬចែករំលែកនូវអ្វីដែលកំពុងត្រូវបានពិភាក្សានោះទេ ដូច្នេះវាជាទំនួលខុសត្រូវរបស់អ្នកដែលត្រូវផ្លាស់ទីទៅកន្លែងដែលអ្នកអាច គ្រប់គ្រងដោយខ្លួនឯង និងរៀបចំដោយខ្លួនឯង។”
ផ្នែកទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ អ្នកស្រី Pyrou Chung អ្នកស្រី Phonephasouk និងអ្នកស្រី Phyu
ស្ត្រីបានដើរតួយ៉ាងសំខាន់នៅក្នុងកម្មវិធីកម្ពុជាអាយស៊ីធីខែមឆ្នាំ២០១៨ មិនត្រឹមតែជាក្នុងនាមជាវាគ្មិន និងជាអ្នកចូលរួមនោះទេ ប៉ុន្តែយើងក៏មានវគ្គមួយដែលផ្តោតពីស្ត្រីនៅក្នុងវិស័យ ICT និងស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យាទៀតផង។ នៅក្នុងវគ្គនោះ យើងបានជួបជាមួយ Pyrou Chung, Phonephasouk និង Phyu ជជែកគ្នាដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្ត្រីនៅក្នុងវិស័យ ICT។ យើងក៏បានលឺរឿងរ៉ាវជាច្រើនអំពីរបៀបដែលស្ត្រីកំពុងតែចូលរួមកាន់តែច្រើនឡើងនៅក្នុងការងារទិន្នន័យបើកទូលាយ ក៏ដូចជាការប្រឈម និងឧបសគ្គនានាដែលពួកគេមិនទាន់អាចជំនះបាន។ ដូចនេះហើយ យើងចាំបាច់ត្រូវចូលរួមរក្សាវត្តមានស្ត្រីនៅក្នុងសកម្មភាពវិស័យ ICT ដោយធានាថាពួកគេនឹងទទួលបានឱកាស និងសក្តានុពលពីការចូលរួមនោះ។ ការធ្វើបែបនេះនឹងនាំឱ្យវត្តមានរបស់ពួកគេនៅក្នុងវិស័យនេះកាន់តែកើនឡើង។
លោក Poren Chiang
តាមរយៈលោក Poren យើងក៏ទទួលបានការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ អំពីរបៀបដែលលោក និងក្រុមការងាររបស់លោកកំពុងតែព្យាយាមធ្វើឱ្យការបោះឆ្នោតតាមបណ្តាញអ៊ិនធឺណិត (e-voting) នៅក្នុងប្រទេសតៃវ៉ាន់កាន់តែប្រសើរឡើង។ នេះគឺជាគំនិតមួយដែលពោរពេញដោយសក្ដានុពល និងដែលទទួលបានជោគជ័យនៅក្នុងដំណាក់កាលដែលបានអនុវត្តផ្សេងៗគ្នា។
កម្មវិធីខែមនេះក៏មានការចូលរួមពីគម្រោងគំរូដែលត្រូវបានបង្កើតឡើងចំនួន ១៤ នៅក្នុងវគ្គការតាំងបង្ហាញផងដែរ។ មានគម្រោងចំនួន ២ ត្រូវបានជ្រើសរើសដើម្បីទទួលបានមូលនិធិគំនិតច្នៃប្រឌិត ICT កម្ពុជា ហើយគម្រោងទាំងនោះនឹងត្រូវបានយកទៅអនុវត្តក្នុងរយៈពេលកំណត់បីខែ បន្ទាប់ពីកម្មវិធីខែមនេះ។ ខ្ញុំពិតជាចង់ដឹងចង់លឺពីអ្វីដែលពួកគេនឹងបានរៀនសូត្រពីលទ្ធផល និងរឿងរ៉ាងជោគជ័យនៃគម្រោងរបស់ពួកគេខ្លាំងណាស់។ ខ្ញុំដឹងថា វាពិតជាមានការលំបាកណាស់ក្នុងការកាត់សេចក្តីដើម្បីជ្រើសរើស ពីព្រោះថាគម្រោងគំរូនីមួយៗ សុទ្ធតែផ្តល់នូវមានគំនិតល្អៗជាច្រើន។
កម្មវិធីកម្ពុជាអាយស៊ីធីខែមលើកទីមួយឆ្នាំនេះត្រូវបានបញ្ចប់ ហើយខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងធ្វើដំណើរត្រលប់ទៅកាន់គេហដ្ឋានវិញជាមួយនឹងអនុស្សាវរីយ៍ និងរឿងរ៉ាងល្អៗ ហើយខ្ញុំក៏សង្ឃឹមដែរថា អ្នកទាំងអស់គ្នានឹងបន្តរក្សាសម្ព័ន្ធភាព និងបណ្តាញទំនាក់ទំនងរវាងគ្នានឹងគ្នាបន្ទាប់ពីកម្មវិធីខែមនេះ។ សូមចែករំលែកសេចក្តីអំណរ និងភាពរីករាយនេះជាមួយនឹងស្ថាប័ន និងបណ្តាញរបស់អ្នកផងដែរ។
ខ្ញុំសូមថ្លែងអំណរគុណដល់គណៈកម្មាធិការនៃកម្មវិធីកម្ពុជាអាយស៊ីធីខែមឆ្នាំ ២០១៨ វាគ្មិន និងគណៈកម្មការដាក់ពិន្ទុមូលនិធិគំនិតច្នៃប្រឌិត ICT កម្ពុជា ដែលបានធ្វើឱ្យកម្មវិធីខែមនេះប្រព្រឹត្តទៅដោយជោគជ័យ។ ខ្ញុំពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះការរួមចំណែកដ៏មានតម្លៃ និងការចូលរួមយ៉ាងសកម្មរបស់អ្នកទាំងអស់គ្នាតាំងពីថ្ងៃចាប់ដើមរហូតដល់ពេលនេះ ហើយជាពិសេសនោះគឺនៅតាមវគ្គនីមួយៗនៃកម្មវិធីខែម។
ខ្ញុំក៏សូមអរគុណដល់ក្រុមបុគ្គលិកអូឌីស៊ី ដែលបានប្រឹងប្រែងធ្វើការយ៉ាងខ្លាំងដើម្បីធ្វើឱ្យកម្មវិធីខែមនេះដំណើរការដោយជោគជ័យ ហើយក៏អរគុណផងដែរដល់ក្រុមអ្នកស្ម័គ្រចិត្តសម្រាប់ភាពអត់ធ្មត់ និងការងារដ៏អស្ចារ្យរបស់ពួកគេ។
សូមថ្លៃងអំណរគុណដល់ម្ចាស់ជំនួយរបស់យើងរួមមាន ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USIAD) គម្រោង Development Innovations (DI) និងគម្រោងកិច្ចផ្តួចផ្តើមទិន្នន័យបើកទូលាយដើម្បីការអភិវឌ្ឍ (ODI)នៃអង្គការវិទ្យាគ្រប់គ្រងបូព៌ាបញ្ចឹម (EWMI) ដែលបានធ្វើឱ្យសុបិន្តរបស់យើងបានក្លាយជាការពិត។
ជាចុងក្រោយនេះ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាទទួលបានពេលវេលាដ៏អស្ចារ្យនៅរាត្រីនេះ។