ការធ្វើឱ្យដំណើរការនូវបទដ្ឋានសាយប័រនៅកម្ពុជានិងអាស៊ាន
លោក អាន់ឌ្រូ កូកូលី គឺជាអ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់នៅ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ហើយលោកមានវគ្គដ៏គួរឱ្យចាប់អារម្មណ៏មួយអំពី ការធ្វើឱ្យដំណើរការនូវបទដ្ឋានសាយប័រនៅកម្ពុជានិងអាស៊ាន ដែលមានអ្នកចូលរួមចំនួន ២៥ នាក់ ក្នុងនោះមាន ១០ នាក់ជាស្ត្រី។ បទបង្ហាញរបស់លោក អាន់ឌ្រូ បានប្រៀបធៀបច្បាប់គ្រប់គ្រងអ៊ីនធឺណិតនៅកម្ពុជា សិង្ហបុរី វៀតណាម សហភាពអឺរ៉ុប ចិន និងសហរដ្ឋអាមេរិក។ ការពិភាក្សាអំពីបទដ្ឋានសាយប័រនៅក្នុងប្រទេសកម្ពុជា អាស៊ាន និងប្រទេសដទៃទៀតលើពិភពលោកគឺមានសារៈសំខាន់ ពីព្រោះសន្ទស្សន៍នៃការជ្រៀតចូលក្នុងអ៊ីនធឺណិតនៅទូទាំងពិភពលោកគឺកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ គិតត្រឹមខែមករា ឆ្នាំ២០២២ ៧២% នៃប្រជាជនសរុបនៅអាស៊ីអាគ្នេយ៍បានប្រើប្រាស់អ៊ីនធឺណិត។ នៅអាស៊ីបូព៌ា និងអូសេអានី ៧៣% នៃចំនួនប្រជាជនទាំងអស់គឺជាអ្នកប្រើប្រាស់អ៊ីនធឺណិត ហើយប្រជាជនដែលប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជាមានចំនួន ៧៩%។ ចំណែកឯប្រជាជនដែលប្រើប្រាស់អ៊ីនធឺណិតនៅសហរដ្ឋអាមេរិកមានចំនួន ៩២% និងអឺរ៉ុបខាងលិចមានចំនួន ៩៤%។ លោក អាន់ឌ្រូ បានចាប់ផ្តើមវគ្គនេះដោយសួរអ្នកចូលរួមឱ្យប្រៀបធៀបច្បាប់គ្រប់គ្រងអ៊ីនធឺណិតក្នុងប្រទេសទាំងប្រាំមួយដែលមាននៅក្នុងបទបង្ហាញរបស់លោក។ ប្រទេសកម្ពុជាមានច្បាប់សំខាន់ៗចំនួនប្រាំទាក់ទងនឹងច្បាប់គ្រប់គ្រងអ៊ីនធឺណិត៖ ច្បាប់ស្តីពីទូរគមនាគមន៍ (២០១៥) ប្រកាសអន្តរក្រសួង (២០១៨) ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (២០១៩) ច្រកទ្វារអ៊ីនធឺណិតជាតិ (២០២១) និងអនុក្រឹត្យលេខ ២៥២ (២០២១)។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានយុត្តាធិការលើច្បាប់គ្រប់គ្រងអ៊ីនធឺណិតភាគច្រើន ហើយសហការជាមួយក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងពាណិជ្ជកម្ម ដើម្បីចែករំលែកបទពិសោធន៍ក្នុងវិស័យជំនាញរៀងៗខ្លួន។ ការអភិវឌ្ឍន៍ផ្នែកច្បាប់ក្នុងប្រទេសកម្ពុជាផ្តោតលើ ច្បាប់ស្តីពីឧក្រិដ្ឋកម្មអ៊ីនធឺណិត ឯកជនភាពទិន្នន័យ (ការការពារអ្នកប្រើប្រាស់) គោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍វិស័យឌីជីថលឆ្នាំ២០៣០ និងផែនការមេអាស៊ានឆ្នាំ២០២៥។ បច្ចុប្បន្ននេះ ការជជែកពិភាក្សាភាគច្រើនបានផ្តោតលើការវិភាគនៃការអនុវត្តច្រកទ្វារអ៊ីនធឺណិតជាតិ ដែលគំរាមកំហែងលើការដាក់ប្រព័ន្ធ ដើម្បីតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់អ៊ីនធឺណិត ពង្រឹងតួនាទីរបស់រដ្ឋ និងផ្តល់សិទ្ធិអំណាចទៅឱ្យរដ្ឋ។
ប្រទេសសឹង្ហបុរីមាន ច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួនឆ្នាំ២០១២ (PDPA) ដែលមានលក្ខណៈស្រដៀងគ្នាជាច្រើនទៅនឹង បទប្បញ្ញត្តិការពារទិន្នន័យទូទៅរបស់សហភាពអឺរ៉ុប (GDPR)។ ការអភិវឌ្ឍន៍ផ្នែកច្បាប់គឺទាក់ទងនឹងការអភិវឌ្ឍន៍ផ្នែកច្បាប់ផ្តោតលើ ច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន ដោយគណៈកម្មការការពារទិន្នន័យផ្ទាល់ខ្លួន (PDPC) និងតុលាការជាន់ខ្ពស់សិង្ហបុរី។ លោក អាន់ឌ្រូ ក៏បានសង្កត់ធ្ងន់ថា វិសោធនកម្មឆ្នាំ២០២០ បានបង្រួមគម្លាតរវាង ច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន (PDPA) និង បទប្បញ្ញត្តិការពារទិន្នន័យទូទៅ (GDPR) តាមវិធីជាច្រើន រួមទាំងការជូនដំណឹងអំពីការបំពានទិន្នន័យ មូលហេតុរដ្ឋប្បវេណីសម្រាប់សកម្មភាពនៃការខូចខាត ការពង្រីកនិយមន័យនៃ “ការយល់ព្រម” និងការពង្រីកការអនុវត្ត និងអំណាចភស្តុតាងសម្រាប់ គណៈកម្មការការពារទិន្នន័យផ្ទាល់ខ្លួន (PDPC)។
ប្រទេសអាស៊ានចុងក្រោយដែលលោក អាន់ឌ្រូ បានធ្វើបទបង្ហាញគឺប្រទេសវៀតណាម។ លោកបានអះអាងថា ច្បាប់នៅប្រទេសវៀតណាមគឺដើរក្រោយប្រទេសកម្ពុជាបន្តិច។ លក្ខណៈពិសេសគួរឱ្យកត់សម្គាល់បំផុតនៃ ច្បាប់ស្តីពីសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត (២០១៨) គឺតម្រូវការមូលដ្ឋានីយកម្មទិន្នន័យសម្រាប់សេវាកម្មអ៊ីនធឺណិតទាំងអស់ដែលប្រមូលទិន្នន័យរបស់អតិថិជនវៀតណាម។ ការអភិវឌ្ឍន៍ផ្នែកច្បាប់នៃច្បាប់គ្រប់គ្រងអ៊ីនធឺណិតនៅប្រទេសវៀតណាម រួមមាន កម្រិតនៃការអនុវត្តតម្រូវការមូលដ្ឋាននីយកម្ម គោលការណ៍ណែនាំនិងបទប្បញ្ញត្តិស្តីពីការអនុវត្តជាក់ស្តែង សេចក្តីព្រាងវិសោធនកម្មឆ្នាំ២០២១ សម្ពាធពីសហគមន៍ធុរកិច្ចក្នុងស្រុក និងបរទេស និងនិយមន័យនៃខ្លឹមសារដែលខុសច្បាប់។
ច្បាប់របស់សហភាពអឺរ៉ុបផ្តោតសំខាន់ជុំវិញ បទប្បញ្ញត្តិការពារទិន្នន័យទូទៅ (GDPR)។ ការអភិវឌ្ឍន៍ផ្នែកច្បាប់នៅក្នុងច្បាប់របស់សហភាពអឺរ៉ុប ដែលលោក អាន់ឌ្រូ ផ្តោតសំខាន់លើគឺ សេចក្តីព្រាងបទប្បញ្ញត្តិស្តីបញ្ញាសិប្បនិម្មិត ដោយក្រុមប្រឹក្សាការពារទិន្នន័យអឺរ៉ុប និងអ្នកគ្រប់គ្រងការការពារទិន្នន័យអឺរ៉ុប (ខែកក្កដា ឆ្នាំ២០២១) សេចក្តីប្រកាសរបស់សហភាពអឺរ៉ុបស្តីពីសិទ្ធិឌីជីថល និងគោលការណ៍សម្រាប់ទសវត្សរ៍ឌីជីថល (ខែមករា ឆ្នាំ២០២២) និងការវិវឌ្ឍន៍នៃពីសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតអំឡុងពេលជម្លោះប្រដាប់អាវុធនៅប្រទេសអ៊ុយក្រែន។
ក្នុងករណីច្បាប់របស់ប្រទេសចិន គម្រោង Golden Shield និងច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួន (PIPL) ឆ្នាំ២០២១ គឺមានសារៈសំខាន់ជាពិសេស។ Golden Shield គឺពាក់ព័ន្ធនឹងការឃ្លាំមើលរបស់រដ្ឋទៅលើប្រជាជនទាំងក្នុងនិងក្រៅប្រព័ន្ធអ៊ីនធឺណិត ការប្រើប្រាស់ទិន្នន័យដើម្បីវិភាគឥរិយាបថរបស់ប្រជាជន ការការពារចំពោះការចូលទៅកាន់គេហទំព័រជាក់លាក់ណាមួយ និងការហាមឃាត់ VPNs។ ច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួន (PIPL) កំណត់ផលប៉ះពាល់នៃការអនុវត្តទិន្នន័យសាជីវកម្មទៅលើប្រជាជនចិន ពីព្រោះការបំពានទិន្នន័យបាននាំឱ្យមានការរីករាលដាលនៃឧក្រិដ្ឋកម្មអ៊ីនធឺណិត។ លោក អាន់ឌ្រូ ក៏បានលើកឡើងពីផ្នែកជាច្រើនសម្រាប់ការអភិវឌ្ឍន៍ផ្នែកច្បាប់របស់ប្រទេសចិន ដែលមាន ដូចជា ទ្រឹស្តីនៃគោលនយោបាយដោយរដ្ឋាភិបាលចិនស្តីពីការប្រព្រឹត្តិនៃសាជីវកម្មបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន សំណើនៃកិច្ចផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ឥទ្ធិពលនៃវិស័យអាយស៊ីធីរបស់ចិន និងការរំខានដែលអាចកើតមានចំពោះឧស្សាហកម្មដោយជម្លោះរវាងប្រទេសចិន និងតៃវ៉ាន់។
នៅសហរដ្ឋអាមេរិក ច្បាប់គ្រប់គ្រងអ៊ីនធឺណិតត្រូវបានកំណត់លក្ខណៈដោយយុត្តាធិការច្បាប់ទូទៅ គោលនយោបាយផ្តោតលើទីផ្សារ និងក្របខ័ណ្ឌច្បាប់វិមជ្ឈការតាមគោលគំនិតសហព័ន្ធនៃរដ្ឋាភិបាល។ លោក អាន់ឌ្រូ ក៏បានធ្វើបទបង្ហាញអំពីការអភិវឌ្ឍន៍ផ្នែកច្បាប់នៅក្រោមសមាជ (មាត្រា ១) ប្រតិបត្តិ (មាត្រា ២) និងតុលាការ (មាត្រា ៣)។
ក្រៅពីការពិនិត្យមើលច្បាប់គ្រប់គ្រងអ៊ីនធឺណិតនៅក្នុងប្រទេសទាំងប្រាំមួយ លោក អាន់ឌ្រូ ក៏បានគូសបញ្ជាក់អំពីច្បាប់អន្តរជាតិ និងការផ្តួចផ្តើមនានា ដូចជា អនុសញ្ញាទីក្រុងប៊ុយដាប៉ែសស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (២០០១) វេទិកាអភិបាលកិច្ចអ៊ីនធឺណិត សង្គមស៊ីវិលរដ្ឋធម្មនុញ្ញនិយម នីតិសាស្ត្រដោយអ្នករាយការណ៍ពិសេស Tallinn Manual ដោយអង្គការណាតូ ការសិក្សាដោយ ICRC និងគំនិតផ្តួចផ្តើមនៃការរួមបញ្ចូលទិន្នន័យមជាច្រើនទៅលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការចូលប្រើប្រាស់អ៊ីនធឺណិត។ ការអភិវឌ្ឍន៍ផ្នែកច្បាប់គឺ សិទ្ធិមនុស្សឌីជីថល ការការពារទិន្នន័យ ក្រមសីលធម៌បច្ចេកវិទ្យា និងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត និងអនុសញ្ញាទីក្រុងប៊ុយដាប៉ែស។ លោក អាន់ឌ្រូ ក៏បាននិយាយអំពីការបន្តនៃការប្រកាសរបស់ មហាសន្និបាត ការកាត់បន្ថយជំនឿលើស្ថាប័នអន្តរជាតិ និងសកលភាវូបនីយកម្ម និងការបង្កើនជាតិនិយម និងបក្សពួកនិយម ការកំណត់អត្តសញ្ញាណរវាង “អធិបតេយ្យភាពតាមអ៊ីនធឺណិត” និង អ៊ីនធឺណិតដែល “បើកទូលាយ សេរី សកល អន្តរប្រតិបត្តិការ អាចទុកចិត្តបាន និងសុវត្ថិភាព” និងតួនាទីរបស់អង្គការសហប្រជាជាតិក្នុងគោលនយោបាយអ៊ីនធឺណិត/ទិន្នន័យ។
មុនពេលបញ្ចប់ លោក អាន់ឌ្រូ បានសួរសំណួរចំនួនបី ទៅកាន់អ្នកចូលរួម ដើម្បីឱ្យពួកគេគិតអំពីរបៀបដែលច្បាប់គ្រប់គ្រងអ៊ីនធឺណិតបានប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសនីមួយៗ ថាតើច្បាប់គួរមានភាពចុះសម្រុងគ្នាជាសាកលដែរឬទេ ហើយប្រសិនបើច្បាប់មានភាពចុះសម្រុងគ្នា តើវានឹងប៉ះពាល់ដល់វប្បធម៌របស់ប្រទេសដែរឬទេ និងអធិបតេយ្យភាព និងសក្តានុពលអត្ថប្រយោជន៍នៃគំរូផ្សេងៗនៃច្បាប់។