អ្នកស្រី ម៉ៅ ម៉ាប
នៅក្នុងពេលបច្ចុប្បន្ននេះ អ្នកស្រី ម៉ៅ ម៉ាប់ ជានាយិកាប្រតិបត្តិនៃអង្គការក្លាហាន។ អ្នកស្រី គឺជាអ្នកការពារសិទ្ធិមនុស្សជាស្ដ្រីមួយរូបដែលបាន និងកំពុងធ្វើការយ៉ាងសកម្មក្នុងការលើកកម្ពស់សិទ្ធិស្ដ្រីនៅក្នុងប្រទេសកម្ពុជា។ នៅអង្គការក្លាហាន អ្នកស្រីដើរតួនាទីជាអ្នកស្រ្ដីនិយមបែបអន្តរប្រសព្វ អ្នកសម្របសម្រួលវគ្គបណ្ដុះបណ្ដាល អ្នកតស៊ូមតិផ្នែកយេនឌ័រ និងធ្វើការងារក្នុងភាពជាដៃគូជាមួយនឹងសកម្មជនសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ស្ដ្រីជនជាតិដើមភាគតិច និងស្ដ្រីដែលមានភាពងាយរងគ្រោះផ្សេងទៀត។ ការងាររបស់អ្នកស្រីរួមចំណែកទៅដល់ការទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស តាមរយៈការគាំទ្រផ្នែកបច្ចេកទេស និងគំនិតផ្ដួចផ្ដើមផ្សេងទៀតដែលផ្ដល់សិទ្ធិអំណាចដល់ស្ដ្រីគ្រប់ៗរូប។
ក្រៅពីនេះ អ្នកស្រីក៏កំពុងដឹកក្រុមអ្នកស្ត្រីនិយមវ័យក្មេង និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីរៀបចំ និងអនុវត្តកម្មវិធីជាច្រើនដូចជា ការសិក្សាស្រាវជ្រាវបែបចូលរួម យុទ្ធនាការលើប្រព័ន្ធអនឡាញដើម្បីផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថ ការចូលរួមរបស់យុវជននៅក្នុងគម្រោងទាក់ទងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ សិទ្ធិសុខភាពផ្លូវភេទ និងបន្ដពូជ និងភាពជាម្ចាស់លើរូបរាងកាយ។ អ្នកស្រីបាន និងកំពុងធ្វើការតស៊ូមតិនៅក្នុងឆាកអន្តរជាតិផងដែរ តាមរយៈយន្តការតាមដានការអនុវត្តអនុសញ្ញា ស៊ីដ (CEDAW) ពិនិត្យឡើងវិញជាសកលតាមកាលកំណត់(យូភីអ) និងការចូលរួមរបស់អ្នកស្រីនៅក្នុងកម្មវិធីអ្នកធ្វើទស្សនកិច្ចអន្តរជាតិស្ដីពីភាពជាអ្នកដឹកនាំ (IVLP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលផ្ដោតទៅលើការស៊ើបអង្កេត និងការកាត់ទោសករណីរំលោភសិទ្ធិមនុស្ស។
មុនពេលអ្នកស្រីចូលបំពេញការងារនៅអង្គការក្លាហាន អ្នកស្រីធ្លាប់ធ្វើការងារជាមួយអង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) អស់រយៈពេល ១៧ឆ្នាំ ក្នុងតួនាទីជាច្រើន។ អ្នកស្រីមានបរិញ្ញាបត្រផ្នែកច្បាប់មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច និងបរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យាមកពីសាកលវិទ្យាល័យ Walan នៅក្នុងប្រទេសកម្ពុជា ។