ដំណឹងក្លែងក្លាយនិងឧបករណ៍ផ្ទៀងផ្ទាត់ការពិត

នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ព័ត៌មាន​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ការ​កំណត់​រវាង​ព័ត៌មាន​ពិត​ និង​ក្លែងក្លាយ​បាន​ក្លាយជា​បញ្ហា​ប្រឈម​មួយ​។​ បច្ចេកវិទ្យា​ឌី​ជី​ថ​ល​បាន​ធ្វើ​ឱ្យ​ការ​បំភ្លៃ​ព័ត៌មាន​ទៅ​ជា​បញ្ហា​ប្រឈម​កាន់តែ​ធំ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ ដូច្នេះ​ហើយ​បានជា​នៅ​ក្នុង​វិស័យ​សន្តិសុខ​ឌី​ជី​ថ​ល​ ការ​ត្រួតពិនិត្យ​ការ​ពិត​និង​ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​គឺ​ចាំបាច់​ដើម្បី​ការពារ​បុគ្គល​ម្នាក់​ពី​ការ​ផ្សព្វ​ផ្សាយដំណឹង​ក្លែងក្លាយ​នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​។​

​នៅ​ក្នុង​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ២០២២​ លោក​ សរ​ ចាន់​ដា​រ៉ា​ បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្តី​ពី​ “​ដំណឹង​ក្លែងក្លាយ​និង​ឧបករណ៍​ផ្ទៀងផ្ទាត់​ការ​ពិត​”​ ដើម្បី​ចែករំលែក​ចំណេះ​ដឺ​ង​អំពី​ព័ត៌មាន​មិន​ពិត​ ព័ត៌មាន​ខុស​ ការ​ត្រួតពិនិត្យ​ការ​ពិត​ និង​ឧបករណ៍​ផ្ទៀងផ្ទាត់​ជាមួយ​អ្នកចូលរួម​។​ លោក​ ចាន់​ដា​រ៉ា​ មានបទពិសោធន៍​យ៉ាងច្រើន​នៅ​ក្នុង​ការ​បោះពុម្ពផ្សាយ​និង​វិស័យ​សារព័ត៌មាន​ ហើយ​បច្ចុប្បន្ន​លោក​កំពុងធ្វើការ​ជា​អ្នកសម្របសម្រួល​របស់​ DW​ Akademie​ និង​ជា​អ្នក​បណ្តុះបណ្តាល​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​។​

​នៅ​ពេល​ដែល​វគ្គ​នេះ​ចាប់ផ្តើម​ វាគ្មិន​បាន​ស្នើ​ឱ្យ​អ្នកចូលរួម​ចំនួន​ ៤៣​នាក់​ បែងចែក​រវាង​ “​ព័ត៌មាន​មិន​ពិត​”​ និង​ “​ព័ត៌មាន​ខុស​”​។​ យោង​តាម​អង្គការ​យូ​ណេ​ស្កូ​ ព​ត៌​មាន​មិន​ពិត​ គឺជា​ព័ត៌មាន​មិន​ត្រឹមត្រូវ​ បង្កើត​ឡើង​ដោយ​ចេតនា​ដើម្បី​បង្ក​គ្រោះថ្នាក់​ដល់​បុគ្គល​ ក្រុម​សង្គម​ អង្គការ​ ឬ​ប្រទេស​ណាមួយ​។​ ចំណែកឯ​ព័ត៌មាន​ខុស​ គឺជា​ព័ត៌មាន​មិន​ត្រឹមត្រូវ​ដូច​គ្នា​ ប៉ុន្តែ​មិន​មាន​បំណង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្រុម​ ឬ​ប្រទេស​ណាមួយ​ឡើយ​។​

​លោក​ ចាន់​ដា​រ៉ា​ បាន​និយាយ​ថា​ ការ​បំភ្លៃ​ដំណឹង​ និង​ព័ត៌មាន​គឺជា​បញ្ហា​សកល​ដែល​មិនមែន​កើតឡើង​តែ​នៅ​ក្នុង​ប្រទេស​ភាគ​ខាងត្បូង​ពិភពលោក​នោះ​ទេ​។​ និន្នាការ​នៃ​ដំណឹង​ក្លែងក្លាយ​ មាន​ការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ ជា​ពិសេស​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​ ដំណឹង​ក្លែងក្លាយ​ និង​ព័ត៌មាន​មិន​ពិត​ ច្រើន​តែ​ជាប់​ពាក់ព័ន្ធ​ជាមួយ​គោលបំណង​នយោបាយ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ជាមួយនឹង​ការ​កើនឡើង​នៃ​បណ្តាញ​សង្គម​ និង​អ៊ីនធឺណិត​នា​ពេល​ថ្មីៗ​នេះ​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ក៏​អាច​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​បុគ្គល​ និង​ ឆ្លើយ​តប​ទៅ​នឹង​ផលប្រយោជន៍​របស់​បុគ្គល​និង​ក្រុម​ណាមួយ​ផង​ដែរ​។​

​វាគ្មិន​បាន​លើក​ឡើង​ពី​ផលវិបាក​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ដំណឹង​ក្លែងក្លាយ​ ដែល​វា​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ការ​ជឿជាក់​លើ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ ភាព​វឹកវរ​ក្នុង​សង្គម​ និង​ការ​បំពាន​សុវត្ថិភាព​ឌី​ជី​ថ​ល​។​ លោក​ ចាន់​ដា​រ៉ា​ បាន​ផ្តល់​ឧទាហរណ៍​ជាក់ស្តែង​មួយ​ដើម្បី​បង្ហាញ​ពី​គុណវិបត្តិ​នៃ​ការ​បង្កើត​ និង​ផ្សព្វ​ផ្សាយដំណឹង​ក្លែងក្លាយ​ផង​ដែរ​។​ ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​កូ​វិ​ដ​១៩​ ពាក្យ​ចចាមអារ៉ាម​ និង​ព័ត៌មាន​មិន​ពិត​អំពី​ចំនួន​អ្នក​ស្លាប់​ដែល​ទាក់ទង​នឹង​ការ​ចាក់​វ៉ាក់សាំង​បាន​រីក​រាលដាល​នៅ​លើ​អ៊ីនធឺណិត​ ដែល​បង្ក​ឱ្យ​មាន​ភាព​ចលាចល​ក្នុង​សង្គម​ និង​បង្កើត​ការ​ភ័យ​ខ្លាច​ដល់​ប្រជាជន​។​ ការ​មិន​ទុកចិត្ត​របស់​ពលរដ្ឋ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​ដែល​ទទួលខុសត្រូវ​ ពិបាក​ក្នុង​ការ​ទប់ទល់​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​។​

​ដូច​គ្នា​ដែរ​ អ្នក​សារព័ត៌មាន​ និង​ប្រជាពលរដ្ឋ​គួរតែ​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​ការ​ពិត​ មុន​នឹង​ចែកចាយ​វា​ដល់​អ្នក​ដទៃ​។​ អ្នក​ប្រើប្រាស់​គួរតែ​យកចិត្តទុកដាក់​លើ​អត្ថបទ​ រូបថត​ វី​ដេ​អូ​ និង​ការ​ក្លែងបន្លំ​នានា​។​ លោក​ ចាន់​ដា​រ៉ា​ បាន​បង្ហាញ​ពី​បច្ចេកទេស​ត្រួតពិនិត្យ​ការ​ពិត​ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​មួយ​ចំនួន​ដែល​អ្នក​ប្រើប្រាស់​អាច​អនុវត្ត​ ដើម្បី​ចៀសវាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​មាន​ដូច​ជា​ ពិនិត្យ​ព័ត៌មាន​ឆ្លង​គ្នា​រវាង​ស្ថាប័ន​ផ្សេងៗ​ ជៀសវាង​ការ​ប្រើប្រាស់​ព័ត៌មាន​ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ប្រភព​ដែល​មិន​គួរ​ឱ្យ​ទុកចិត្ត​ និង​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​នៃ​ព័ត៌មាន​ដោយ​ប្រើប្រាស់​គេហទំព័រ​ផ្លូវការ​ (​ស្ថាប័ន​រដ្ឋាភិបាល​ និង​អង្គការ​)​។​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​រលុប​បំបាត់​ដំណឹង​ក្លែងក្លាយ​យ៉ាង​សកម្ម​ និង​បាន​ធ្វើការ​លើ​ការ​អនុវត្ត​អនុ​ក្រឹ​ត​ស្ដី​ពី​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ (NIG)​ ដែល​នឹង​ផ្តល់​ឱ្យ​រដ្ឋាភិបាល​គ្រប់គ្រង​លើ​ចរាចរណ៍​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​។​ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​បាន​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ថា​អនុ​ក្រឹ​ត​ស្ដី​ពី​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ ដំណឹង​ក្លែងក្លាយ​ អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​ និង​អន្តរជាតិ​បាន​សង្កត់ធ្ងន់​ថា​អនុ​ក្រឹ​ត​នេះ​នឹង​ផ្តល់​ផល​អវិជ្ជមាន​យ៉ាងធ្ងន់ធ្ងរ​ដល់​​សេរីភាព​អ៊ីនធឺណិត​របស់​កម្ពុជា​។​

​លើស​ពី​នេះ​ វាគ្មិន​បាន​ណែនាំ​ទៅ​កាន់​អ្នកចូលរួម​អំពី​វេ​ប​សាយ​ “Tineye”​ ដែល​ជា​គេហទំព័រ​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ធ្វើការ​ស្វែងរក​រូបភាព​បញ្ច្រាស់​ ។​ គេហទំព័រ​នេះ​បង្ហាញ​ថា​រូបថត​មួយ​សន្លឹក​នោះ​ជា​រូប​ចាស់​ឬ​មួយ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​កន្លែង​ផ្សេង​រួច​ហើយ​។​ លោក​ ចាន់​ដា​រ៉ា​ ក៏​បាន​បង្ហាញ​ “fotoforensics“​ ដែល​ជា​ម៉ាស៊ីន​ស្វែងរក​រូបភាព​ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​វិភាគ​រូបភាព​ឌី​ជី​ថ​ល​ និង​មើល​ព័ត៌មាន​ផ្សេងៗ​របស់​រូបភាព​នោះ​។​