ម្ចាស់ផ្ទះលើកដំបូង សម្រាប់ មេគង្គអាយស៊ីធីខែម លើកទី ៥ នៅក្រៅប្រទេសថៃ (នៅឆ្នាំ ២០១៧) និង កម្មវិធីកម្ពុជាអាយស៊ីធីខែម ឆ្នាំ២០១៨លើកទី ១ នៅប្រទេសកម្ពុជា
មេគង្គ អាយស៊ីធីខែម គឺជាសិក្ខាសាលាក្នុងតំបន់រយៈពេលមួយសប្តាហ៍ ដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។ សិក្ខាសាលានេះលើកកម្ពស់ ការបង្កើនជំនាញនិងការចែករំលែកបទពិសោធន៍ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយថ្មីសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សុខភាពសហគមន៍ និងអង្គការសង្គមស៊ីវិល។ មេគង្គ អាយស៊ីធីខែម ត្រូវបានរៀបចំជាលើកដំបូង ដោយ Thai Fund Foundation នៅប្រទេសថៃ ក្នុងឆ្នាំ ២០០៨ ហើយមានអ្នកចូលរួម មកពីប្រទេសមហាអនុតំបន់ទន្លេមេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម)។ អ្នកចូលរួម គឺជាអ្នកបច្ចេកទេស អ្នកធ្វើការងារសហគមន៍ អ្នកបម្រើការវិស័យសុខាភិបាល សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ដែលផ្តោតលើបញ្ហាការអភិវឌ្ឍ រួមទាំងសិស្សនិស្សិតនានា។
២០១៧ ជាឆ្នាំដំបូង ដែលមេគង្គអាយស៊ីធីខែមលើកទី ៥ ត្រូវបានរៀបចំឡើង នៅខាងក្រៅប្រទេសថៃ ហើយអង្គការទិន្នន័យអំពីការអភិវឌ្ឍបានធ្វើជាម្ទាស់ផ្ទះ សម្រាប់កម្មវិធីនេះ ដោយមានកិច្ចសហការជាមួយដៃគូជាច្រើន ដូចជា Thai Fund Foundation, Emerald HUB, វិទ្យាស្ថានបច្ចេកវិទ្យាសង្គម និងមូលនិធិសម្រាប់អ៊ីនធើណិត និងវប្បធម៌ពលរដ្ឋ។ ខែមនេះត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ៤ ដល់ ៨ ខែធ្នូ ឆ្នាំ២០១៧។ ដោយមានអ្នកចូលរួមជិត ៨០ នាក់ ខែមនេះបានផ្តោតលើ “ការសហការទិន្នន័យឆ្លងព្រំដែន” ដែលមានប្រធានបទសំខាន់ៗចំនួន ៣ គឺការអនុវត្តច្នៃប្រឌិត ការចូលរួមរបស់ពលរដ្ឋក្នុងអភិបាលកិច្ច និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា។ វាត្រូវបានរៀបចំឡើងតាមលក្ខណៈមួយ ដែលអនុញ្ញាតឱ្យវាគ្មិន និងអ្នកចូលរួមបានធ្វើអន្តរកម្មជាមួយគ្នា រៀនសូត្រ ចែករំលែកទស្សនៈ និងបទពិសោធន៍ខុសៗគ្នានៃបច្ចេកវិទ្យា និងផលវិបាករបស់វា នៅក្នុងបរិបទផ្សេងៗគ្នាគឺ៖ វប្បធម៌ និងតួនាទី។
នៅក្នុងនាមជាម្ចាស់ផ្ទះ អូឌីស៊ី និងក្រុមការងារបានដើរតួជា អ្នកកៀរគរធនធាន គណៈកម្មការប្រឹក្សាយោបល់ អ្នកសម្របសម្រួលធនធាន វាគ្មិន អ្នកបង្កើតកម្មវិធីសិក្ខាសាលា និងអ្នកគាំទ្រការរៀបចំភស្តុភារ។
បន្ថែមពីលើការរៀនសូត្រពីគ្នាទៅវិញទៅមក ការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាយ៉ាងសកម្មនោះ អ្វីដែលលេចធ្លោនៅក្នុងកម្មវិធីមេគង្គអាយស៊ីធីខែម លើកទី ៥នោះគឺ “ពានរង្វាន់គ្រាប់ពូជ”។ ពានរង្វាន់នេះបានផ្តល់ទឹកប្រាក់ចំនួន ៣.០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ក្រុមដែលទទួលបានពានរង្វាន់ចំនួន៥ ដែលមកពីប្រទេស កម្ពុជា ថៃ វៀតណាម ឡាវ និង មីយ៉ាន់ម៉ា ដែលក្រុមទាំងនេះបាន បង្ហាញពីគម្រោងច្នៃប្រឌិត ដោយប្រើប្រាស់បច្ចេកវិទ្យា។ គម្រោងទាំងនោះរួមមាន៖
គម្រោងអនុវត្តផ្ទាល់ជាមួយមូលដ្ឋាន
- ជំរុំធម្មជាតិមេគង្គ៖ អនុវត្តដោយ សាលាមេគង្គ ដែលជាវិទ្យាស្ថានផ្តោតលើចំណេះដឹងមូលដ្ឋាន នៅប្រទេសថៃ៖ ផ្តល់ចំណេះដឹង បង្កើនការយល់ដឹង និងបណ្តុះបណ្តាលយុវជន ឱ្យស្រឡាញ់ធនធានធម្មជាតិនៅតំបន់ទន្លេមេគង្គ។
- អណ្តែតលើទឹកជំនន់៖ អនុវត្តដោយ ក្រុមយុវជន មកពីប្រទេសវៀតណាម៖ ផ្តល់ឱកាសដល់អ្នករស់នៅតាមតំបន់ដាច់ស្រយាល ក្នុងការទទួលបានអគ្គិសនីប្រើប្រាស់ តាមរយៈការដាក់ទួរប៊ីនខ្យល់។
គម្រោងផ្តួចផ្តើមនៅលើអនឡាញ
- CCEducare Myanmar៖អនុវត្តក្រោម កម្មវិធីអប់រំពលរដ្ឋជាសកល នៅប្រទេសមីយ៉ាន់ម៉ា៖ ផ្តល់ការអប់រំ និងឱកាសចែករំលែកចំនេះដឹង ដល់សិស្សក្នុងស្រុក និងសិស្សឆ្នើម តាមរយៈ កម្មវិធីសិក្សាលើបណ្ដាញ (online) និងក្រៅបណ្ដាញ (offline)
- ការរៀនអន្តរកម្មលើបណ្តាញ (iLearn)៖អនុវត្តដោយក្រុម Multimedia & Technology Solutions (MTS) នៅប្រទេសឡាវ៖ បង្កើតឱកាសសិក្សានៅលើបណ្តាញអនឡាញ ដល់ប្រជាជនឡាវ ដើម្បីមានលទ្ធភាពអាចប្រើប្រាស់ ប្រព័ន្ធទំនាក់ទំនង និង បណ្តាញសង្គម ដើម្បីបំពេញតម្រូវប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន
- CAM Lost and Found៖ អនុវត្តដោយក្រុមយុវជនកម្ពុជា៖ បានបង្កើតកម្មវិធីទូរស័ព្ទ សម្រាប់ស្វែងរក វត្ថុដែលបាត់។
ការពិព័ណនាបន្ថែមនៃគម្រោងនីមួយៗ មាននៅក្នុងប្លក់ចំនួន២ នៅលើគេហទំព័រ អូឌីស៊ី ដែលបង្ហាញពីលទ្ធផល និងភាពជោគជ័យនៃគម្រោងនីមួយៗ។ អ្នកក៏អាចស្វែងរក ព័ត៌មានបន្ថែម ស្តីពីព្រឹត្តិការណ៍នេះខ្លះៗ តាមរយៈតំណខាងក្រោម៖
- មេគង្គអាយស៊ីធីខែម
- មេគង្គអាយស៊ីធីខែមឆ្នាំ ២០១៧៖ ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក សម្រាប់អ្នកចូលរួមម្នាក់ និងរង្វាន់សម្រាប់គំរូគម្រោង
- ភាពជោគជ័យនៃ “ពានរង្វាន់គ្រាប់ពូជ” នៃកម្មវិធីមេគង្គអាយស៊ីធីខែមលើកទី៥ ឆ្នាំ ២០១៧ ផ្នែកទី១
- ភាពជោគជ័យនៃ “ពានរង្វាន់គ្រាប់ពូជ” នៃកម្មវិធីមេគង្គអាយស៊ីធីខែមលើកទី៥ ឆ្នាំ ២០១៧ ផ្នែកទី២
- វីដេអូ បង្ហាញពីមេគង្គអាយស៊ីធីខែម ឆ្នាំ២០១៧ នៅក្នុងយូធូប៖ https://youtu.be/4DzhTRMtunk
បន្ទាប់ពីការទទួលបានជោគជ័យជាបន្តបន្ទាប់នៃមេគង្គអាយស៊ីធីខែម អង្គការ ទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) នឹងនាំមកនូវឱកាសដ៏អស្ចារ្យមួយគឺ កម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ ២១ ខែធ្នូ នៅខេត្តសៀមរាប។ ប្រធានបទ សម្រាប់កម្មវិធីរយៈពេល ៥ ថ្ងៃនេះគឺផ្តោតលើ សន្តិសុខតាមប្រព័ន្ធអ៊ីនធើណិត ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព កម្មវិធីប្រភពកូដបើកទូលាយសម្រាប់ភាពល្អប្រសើរ និងគំនិតច្នៃប្រឌិតសម្រាប់សង្គម។ សូមចូលទៅកាន់ គេហទំព័រកម្ពុជា អាយស៊ីធីខែម (http://cambodiaict.net/) ដើម្បីទទួលបានព័ត៌មានបន្ថែម។