ការ​ច្នៃប្រឌិត​ដោយ​ផ្តោត​លើ​មនុស្ស​ជា​ចម្បង

ការ​ច្នៃប្រឌិត​ដោយ​ផ្តោត​លើ​មនុស្ស​ជា​ចម្បង​ (HCD)​ គឺជា​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បែប​ថ្មី​មួយ​។​ វា​គឺជា​វិធីសាស្ត្រ​ដែល​ដាក់​ការ​យល់ចិត្ត​អ្នក​ប្រើប្រាស់​ឱ្យ​នៅ​ចំ​កណ្តាល​នៃ​ដំណើរការ​រៀបចំ​ និង​អនុវត្ត​នៃ​គម្រោង​នានា​។​ វា​ចាប់ផ្តើម​ជាមួយនឹង​ការ​យល់​ដឹង​ពី​តម្រូវការ​នៃ​ក្រុម​គោលដៅ​របស់​យើង​ បន្ទាប់​មក​យក​គម្រោង​របស់​យើង​ទៅ​ច្នៃប្រឌិត​ ឱ្យ​ស្រប​ទៅ​នឹង​តម្រូវការ​របស់​ក្រុម​គោលដៅ​ទាំងនោះ​។​ ឧទាហរណ៍​ ដូច​ជា​ការ​បង្កើត​ឡើង​នូវ​ដំណោះស្រាយ​ថ្មីៗ​ ការ​បង្កើត​គំរូ​ដំណោះស្រាយ​ទាំងនោះ​ ដើម្បី​សាកល្បង​ ហើយ​បន្ទាប់​មក​នាំ​យកគំនិត​ទាំងនោះ​ទៅ​បង្កើត​ជា​ផលិតផល​ចុង​ក្រោយ​។​ ដោយសារ​តែ​វិធីសាស្ត្រ​ក្នុង​ការ​ផ្តោត​សំខាន់​ទៅ​លើ​អ្នក​ប្រើប្រាស់​របស់​ខ្លួន​នេះ​ហើយ​ ទើប​វិធីសាស្ត្រ​HCD​ មាន​សក្តានុពល​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​យ៉ាង​ខ្លាំង​នៃ​គម្រោង​អភិវឌ្ឍន៍​ ក៏​ដូច​ជា​សហគ្រាស​សង្គម​នានា​។​

​លោក​ Morita​ Akira​ បាន​ចែករំលែក​ទៅ​អ្នកចូលរួម​អំពី​វិធីសាស្ត្រ​ច្នៃប្រឌិត​ដោយ​ផ្តោត​លើ​មនុស្ស​ជា​ចម្បង​ (HCD)​។​ លោក​បាន​បញ្ចូល​ជា​ទ្រឹស្តី​ និង​យុទ្ធសាស្ត្រ​នៃ​HCD​ ដើម្បី​បង្កើត​បានជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អនុវត្ត​បែប​ច្នៃប្រឌិត​។​ លោក​បាន​បែងចែក​ដំណើរការ​នៃ​ការ​រៀបចំ​វិធីសាស្ត្រ​នេះ​ ជា​បី​ផ្នែក​គឺ​ការ​ស្វែងរក​បញ្ហា​ គំនិត​សម្រាប់​បង្កើត​ជា​ដំណោះស្រាយ​ និង​បង្កើត​គំរូ​ដើម្បី​សាកល្បង​។​ លោក​ Akira​ បាន​ពន្យល់​ថា​ការ​រចនា​ គឺជា​ដំណើរការ​វិល​ជុំ​ ដែល​នឹង​ត្រឡប់​ចុះឡើង​ នូវ​បញ្ហា​ថ្មី​ គំរូ​ថ្មី​ និង​ដំណោះស្រាយ​ថ្មី​។​ ហើយ​ចំណុចកណ្តាល​នៃ​ដំណើរការ​វិល​ជុំ​នេះ​ គឺ​ដើម្បី​តែ​អ្នក​ប្រើប្រាស់​ ឬ​មនុស្ស​ដែល​អ្នកយើង​កំពុង​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ពួក​គាត់​។

​នៅ​ក្នុង​ការ​ចែករំលែក​របស់​លោក​ Akira​ យើង​ឃើញ​ថា​អ្នកចូលរួម​ជា​អ្នក​ចែករំលែក​ភាគច្រើន​ ហើយ​លោក​ជា​អ្នកសម្របសម្រួល​ការ​ពិភាក្សា​ទាំងនោះ​វិញ​។​ លោក​បាន​បាន​បែក​ចែង​អ្នកចូលរួម​ជា​ក្រុម​ ដើម្បី​ស្វែងរក​បញ្ហា​របស់​ក្រុម​នីមួយៗ​ ហើយ​យក​មក​ពិភាក្សា​ និង​ស្វែងរក​ដំណោះស្រាយ​រួម​គ្នា​។​ បញ្ហា​ទាំងនោះ​រួម​មាន​ឧបសគ្គ​ផ្នែក​ភាសា​ កង្វះ​វត្តមាន​របស់​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ និង​បញ្ហា​ជា​ច្រើន​ទៀត​។​ អ្នកចូលរួម​បាន​អនុវត្ត​ដំណើរការ​រៀបចំ​បញ្ហា​ទាំងនោះ​ ដោយ​ធ្វើការ​ស្រាវជ្រាវ​ផ្តោត​លើ​មនុស្ស​ និង​លើក​ឡើង​នូវ​គំនិត​ដែល​មាន​។​ ជា​ការ​អនុវត្ត​ លោក​ Akira​ បាន​ស្នើ​ឱ្យ​អ្នកចូលរួម​បំផុស​ដំណោះស្រាយ​ចំនួន​ ៥០​ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ពួក​គេ​បាន​កំណត់​!​ ថ្វីបើ​វា​ពិបាក​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​យ៉ាងច្រើន​ក៏​ដោយ​ ក៏​អ្នកចូលរួម​ខិតខំ​ធ្វើការ​ជាមួយ​គ្នា​ ដើម្បី​បង្កើត​បាន​នូវ​តារាង​ដំណោះស្រាយ​បែប​ច្នៃប្រឌិត​។​

ផ្នែក​មួយ​សំខាន់​បំផុត​នៃ​ដំណើរការ​រចនា​របៀប​គិត​ គឺជា​ការ​បង្វែរ​ការ​គិត​ទៅ​ខាងក្រៅ​ប្រអប់​ -​ ដែល​ជា​ទូទៅ​មាន​ន័យ​ថា​ជា​ ការ​គិត​នៅ​ខាងក្រៅ​តំបន់​ដែល​អ្នកមាន​ភាព​កក់ក្តៅ​ហើយ​ ដោយ​គិត​នូវ​ឧបសគ្គ​ថ្មីៗ​ដែល​អ្នកចូលរួម​ពុំ​ទាន់​ជួប​ប្រទះ​។​ លោក​ សូ​ផា​ រតនា​ ជា​វាគ្មិន​ម្នាក់​ និង​ជា​អ្នកចូលរួម​ក្នុង​វគ្គ​នេះ​មួយ​រូប​ផង​នោះ​បាន​លើក​ឡើង​ថា​ “​វា​សំខាន់​ណាស់​ដែល​អ្នក​មិន​ត្រូវ​រិះគន់​ខ្លួនឯង​ នៅ​ពេល​អ្នក​បង្កើត​គំនិត​ថ្មីៗ​នោះ​ទេ​។​ វា​គឺជា​ឧបសគ្គ​រាំងស្ទះ​ការ​គិត​របស់​យើង​ ដែល​ធ្វើ​ឱ្យ​យើង​គិត​ថា​គំនិត​នេះ​មិនល្អ​គ្រប់គ្រាន់​ដើម្បី​ត្រូវ​បាន​សរសេរ​ទុក​ ឬ​និយាយ​ចេញ​មក​ខាងក្រៅ​។​ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​ថ្មី​ យើង​ត្រូវ​តែ​បង្កើត​គោល​គំនិត​ជា​មុន​សិន​ ទោះបីជា​វា​មិន​អាច​ធ្វើ​ទៅ​បាន​ក្នុង​ពេល​បច្ចុប្បន្ន​ក៏​ដោយ​”​។​


​បន្ទាប់​មក​អ្នកចូលរួម​បាន​ចូលរួម​វគ្គ​ទី​២​ ស្តី​ពី​ការ​បង្កើត​គំរូ​យ៉ាង​ឆាប់រហ័ស​។​ នៅ​ក្នុង​វគ្គ​នេះ​ ពួក​គេ​បាន​រៀន​ពី​របៀប​យកគំនិត​របស់​ពួក​គេ​ទៅ​សាកល្បង​។​ គំរូ​អាច​មាន​លក្ខណៈ​ជា​ច្រើន​សណ្ឋាន​ -​ គំរូ​អាច​ជា​ម៉ូ​ដែល​ រូបភាព​ រឿងរ៉ាវ​ ការ​សម្តែង​ ឬអ្វី​ផ្សេង​ទៀត​ដែល​អាច​បង្ហាញ​ពី​រូបភាព​នៃ​គំនិត​របស់​យើង​។​ លោក​ Akira​ បាន​ណែនាំ​ថា​ ផ្នែក​សំខាន់​នៃ​ការ​បង្កើត​គំរូ​គឺ​ “​ធ្វើ​ឱ្យ​វា​មាន​អារម្មណ៍​ដូច​ពិតៗ​”​។​ អ្នកចូលរួម​បាន​បង្កើត​ជា​ថ្លុក​ និង​ការ​បង្ហាញ​ផ្សេង​ទៀត​ដែល​បង្ហាញ​ពី​គំនិត​របស់​ពួក​គេ​ដើម្បី​ដាក់​សាកល្បង​ និង​កែ​លម្អ​។​ បន្ទាប់​ពី​កម្មវិធី​នេះ​ អ្នកចូលរួម​អាច​យល់​ដឹង​ពី​ការ​កំណត់​បញ្ហា​ យល់​ដឹង​ពី​អ្នក​ប្រើប្រាស់​របស់​ពួក​គេ​ និង​បង្កើត​គំរូ​សាកល្បង​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​សហគមន៍​របស់​ពួក​គេ​ជួប​ប្រទះ​។​


​ដើម្បី​យល់​ដឹង​បន្ថែម​អំពី​ការ​ច្នៃប្រឌិត​ដោយ​ផ្តោត​លើ​មនុស្ស​ជា​ចម្បង​ (HCD)​ ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ ការ​បង្កើត​នូវ​ដំណោះស្រាយ​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​ Ideo.org​។​ IDEO​ គឺជា​ក្រុមហ៊ុន​បែប​ឌី​ជី​ថ​ល​មួយ​ ដែល​មាន​ទីស្នាក់ការ​នៅ​ Silicon​ Valley​ ដែល​មានកេរ្តិ៍ឈ្មោះ​ក្នុង​ការ​អភិវឌ្ឍ​ការ​ច្នៃប្រឌិត​ដោយ​ផ្តោត​លើ​មនុស្ស​ជា​ចម្បង​ (HCD)​។​ កិត្តិនាម​ដែល​ល្បីឈ្មោះ​មួយ​ គឺ​ការ​រចនា​ឧបករណ៍​ Mouse​ ដំបូង​គេ​បង្អស់​សម្រាប់​ក្រុមហ៊ុន​ Apple​ Computer​។​ ហើយ​បន្ទាប់​មក​នៅ​ក្នុង​ឆ្នាំ​ ២០១១​ ពួក​គេ​បាន​បង្កើត​ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ដែល​មានឈ្មោះ​ថា​ Ideo.org​។​ បេសកកម្ម​របស់​ពួក​គេ​ គឺ​ប្រើប្រាស់​ការ​ច្នៃប្រឌិត​ដោយ​ផ្តោត​លើ​មនុស្ស​ជា​ចម្បង​ ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ។​ Ideo.org​ ធ្វើការ​ជាមួយ​ដៃគូ​នៅ​សហរដ្ឋអាមេរិក​ និង​ដៃគូ​អន្ដរជាតិ​ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​កែ​លម្អ​កម្មវិធី​ ឬ​ផលិតផល​ដែល​ពួក​គេ​ចែកចាយ​ -​ ដែល​ជា​ចក្ខុវិស័យ​របស់​ពួក​គេ​ក្នុង​ការ​ជួយ​ឱ្យ​ជីវិត​រស់នៅ​របស់​ប្រជាជន​ នៅ​ក្នុង​សហគមន៍​ដែល​មាន​ចំណូល​ទាប​មាន​ភាព​ប្រសើរ​ឡើង​។​ សូម​អាច​បន្ថែម​នៅ​តំណ​នេះ​។​