ការច្នៃប្រឌិតដោយផ្តោតលើមនុស្សជាចម្បង
ការច្នៃប្រឌិតដោយផ្តោតលើមនុស្សជាចម្បង (HCD) គឺជាវិធីសាស្ត្រដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិតបែបថ្មីមួយ។ វាគឺជាវិធីសាស្ត្រដែលដាក់ការយល់ចិត្តអ្នកប្រើប្រាស់ឱ្យនៅចំកណ្តាលនៃដំណើរការរៀបចំ និងអនុវត្តនៃគម្រោងនានា។ វាចាប់ផ្តើមជាមួយនឹងការយល់ដឹងពីតម្រូវការនៃក្រុមគោលដៅរបស់យើង បន្ទាប់មកយកគម្រោងរបស់យើងទៅច្នៃប្រឌិត ឱ្យស្របទៅនឹងតម្រូវការរបស់ក្រុមគោលដៅទាំងនោះ។ ឧទាហរណ៍ ដូចជាការបង្កើតឡើងនូវដំណោះស្រាយថ្មីៗ ការបង្កើតគំរូដំណោះស្រាយទាំងនោះ ដើម្បីសាកល្បង ហើយបន្ទាប់មកនាំយកគំនិតទាំងនោះទៅបង្កើតជាផលិតផលចុងក្រោយ។ ដោយសារតែវិធីសាស្ត្រក្នុងការផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់របស់ខ្លួននេះហើយ ទើបវិធីសាស្ត្រHCD មានសក្តានុពលក្នុងការបង្កើនប្រសិទ្ធភាពយ៉ាងខ្លាំងនៃគម្រោងអភិវឌ្ឍន៍ ក៏ដូចជាសហគ្រាសសង្គមនានា។
លោក Morita Akira បានចែករំលែកទៅអ្នកចូលរួមអំពីវិធីសាស្ត្រច្នៃប្រឌិតដោយផ្តោតលើមនុស្សជាចម្បង (HCD)។ លោកបានបញ្ចូលជាទ្រឹស្តី និងយុទ្ធសាស្ត្រនៃHCD ដើម្បីបង្កើតបានជាមូលដ្ឋានគ្រឹះនៃការអនុវត្តបែបច្នៃប្រឌិត។ លោកបានបែងចែកដំណើរការនៃការរៀបចំវិធីសាស្ត្រនេះ ជាបីផ្នែកគឺការស្វែងរកបញ្ហា គំនិតសម្រាប់បង្កើតជាដំណោះស្រាយ និងបង្កើតគំរូដើម្បីសាកល្បង។ លោក Akira បានពន្យល់ថាការរចនា គឺជាដំណើរការវិលជុំ ដែលនឹងត្រឡប់ចុះឡើង នូវបញ្ហាថ្មី គំរូថ្មី និងដំណោះស្រាយថ្មី។ ហើយចំណុចកណ្តាលនៃដំណើរការវិលជុំនេះ គឺដើម្បីតែអ្នកប្រើប្រាស់ ឬមនុស្សដែលអ្នកយើងកំពុងស្វែងរកដំណោះស្រាយសម្រាប់ពួកគាត់។
នៅក្នុងការចែករំលែករបស់លោក Akira យើងឃើញថាអ្នកចូលរួមជាអ្នកចែករំលែកភាគច្រើន ហើយលោកជាអ្នកសម្របសម្រួលការពិភាក្សាទាំងនោះវិញ។ លោកបានបានបែកចែងអ្នកចូលរួមជាក្រុម ដើម្បីស្វែងរកបញ្ហារបស់ក្រុមនីមួយៗ ហើយយកមកពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា។ បញ្ហាទាំងនោះរួមមានឧបសគ្គផ្នែកភាសា កង្វះវត្តមានរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា និងបញ្ហាជាច្រើនទៀត។ អ្នកចូលរួមបានអនុវត្តដំណើរការរៀបចំបញ្ហាទាំងនោះ ដោយធ្វើការស្រាវជ្រាវផ្តោតលើមនុស្ស និងលើកឡើងនូវគំនិតដែលមាន។ ជាការអនុវត្ត លោក Akira បានស្នើឱ្យអ្នកចូលរួមបំផុសដំណោះស្រាយចំនួន ៥០ ដើម្បីដោះស្រាយបញ្ហាដែលពួកគេបានកំណត់! ថ្វីបើវាពិបាកក្នុងការស្វែងរកដំណោះស្រាយយ៉ាងច្រើនក៏ដោយ ក៏អ្នកចូលរួមខិតខំធ្វើការជាមួយគ្នា ដើម្បីបង្កើតបាននូវតារាងដំណោះស្រាយបែបច្នៃប្រឌិត។
ផ្នែកមួយសំខាន់បំផុតនៃដំណើរការរចនារបៀបគិត គឺជាការបង្វែរការគិតទៅខាងក្រៅប្រអប់ - ដែលជាទូទៅមានន័យថាជា ការគិតនៅខាងក្រៅតំបន់ដែលអ្នកមានភាពកក់ក្តៅហើយ ដោយគិតនូវឧបសគ្គថ្មីៗដែលអ្នកចូលរួមពុំទាន់ជួបប្រទះ។ លោក សូផា រតនា ជាវាគ្មិនម្នាក់ និងជាអ្នកចូលរួមក្នុងវគ្គនេះមួយរូបផងនោះបានលើកឡើងថា “វាសំខាន់ណាស់ដែលអ្នកមិនត្រូវរិះគន់ខ្លួនឯង នៅពេលអ្នកបង្កើតគំនិតថ្មីៗនោះទេ។ វាគឺជាឧបសគ្គរាំងស្ទះការគិតរបស់យើង ដែលធ្វើឱ្យយើងគិតថាគំនិតនេះមិនល្អគ្រប់គ្រាន់ដើម្បីត្រូវបានសរសេរទុក ឬនិយាយចេញមកខាងក្រៅ។ ប៉ុន្តែដើម្បីទទួលបានដំណោះស្រាយថ្មី យើងត្រូវតែបង្កើតគោលគំនិតជាមុនសិន ទោះបីជាវាមិនអាចធ្វើទៅបានក្នុងពេលបច្ចុប្បន្នក៏ដោយ”។
បន្ទាប់មកអ្នកចូលរួមបានចូលរួមវគ្គទី២ ស្តីពីការបង្កើតគំរូយ៉ាងឆាប់រហ័ស។ នៅក្នុងវគ្គនេះ ពួកគេបានរៀនពីរបៀបយកគំនិតរបស់ពួកគេទៅសាកល្បង។ គំរូអាចមានលក្ខណៈជាច្រើនសណ្ឋាន - គំរូអាចជាម៉ូដែល រូបភាព រឿងរ៉ាវ ការសម្តែង ឬអ្វីផ្សេងទៀតដែលអាចបង្ហាញពីរូបភាពនៃគំនិតរបស់យើង។ លោក Akira បានណែនាំថា ផ្នែកសំខាន់នៃការបង្កើតគំរូគឺ “ធ្វើឱ្យវាមានអារម្មណ៍ដូចពិតៗ”។ អ្នកចូលរួមបានបង្កើតជាថ្លុក និងការបង្ហាញផ្សេងទៀតដែលបង្ហាញពីគំនិតរបស់ពួកគេដើម្បីដាក់សាកល្បង និងកែលម្អ។ បន្ទាប់ពីកម្មវិធីនេះ អ្នកចូលរួមអាចយល់ដឹងពីការកំណត់បញ្ហា យល់ដឹងពីអ្នកប្រើប្រាស់របស់ពួកគេ និងបង្កើតគំរូសាកល្បងសម្រាប់ដោះស្រាយបញ្ហាប្រឈមដែលសហគមន៍របស់ពួកគេជួបប្រទះ។
ដើម្បីយល់ដឹងបន្ថែមអំពីការច្នៃប្រឌិតដោយផ្តោតលើមនុស្សជាចម្បង (HCD) ដែលត្រូវបានប្រើប្រាស់សម្រាប់ ការបង្កើតនូវដំណោះស្រាយ សូមចូលទៅកាន់គេហទំព័រ Ideo.org។ IDEO គឺជាក្រុមហ៊ុនបែបឌីជីថលមួយ ដែលមានទីស្នាក់ការនៅ Silicon Valley ដែលមានកេរ្តិ៍ឈ្មោះក្នុងការអភិវឌ្ឍការច្នៃប្រឌិតដោយផ្តោតលើមនុស្សជាចម្បង (HCD)។ កិត្តិនាមដែលល្បីឈ្មោះមួយ គឺការរចនាឧបករណ៍ Mouse ដំបូងគេបង្អស់សម្រាប់ក្រុមហ៊ុន Apple Computer។ ហើយបន្ទាប់មកនៅក្នុងឆ្នាំ ២០១១ ពួកគេបានបង្កើតជាអង្គការមិនរកប្រាក់ចំណេញដែលមានឈ្មោះថា Ideo.org។ បេសកកម្មរបស់ពួកគេ គឺប្រើប្រាស់ការច្នៃប្រឌិតដោយផ្តោតលើមនុស្សជាចម្បង ដើម្បីជួយកាត់បន្ថយភាពក្រីក្រ។ Ideo.org ធ្វើការជាមួយដៃគូនៅសហរដ្ឋអាមេរិក និងដៃគូអន្ដរជាតិដើម្បីជួយពួកគេក្នុងការកែលម្អកម្មវិធី ឬផលិតផលដែលពួកគេចែកចាយ - ដែលជាចក្ខុវិស័យរបស់ពួកគេក្នុងការជួយឱ្យជីវិតរស់នៅរបស់ប្រជាជន នៅក្នុងសហគមន៍ដែលមានចំណូលទាបមានភាពប្រសើរឡើង។ សូមអាចបន្ថែមនៅតំណនេះ។