ការ​សម្ភាស​ និង​ការ​សម្រួល​ទិន្នន័យ​

​លោក​ សំ​អាន​ ម៉ារ​ឌី​ គឺជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា​ និង​គេហទំព័រ​នៅ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​។​ លោក​គ្រប់គ្រង​ និង​ពិនិត្យ​ជា​រួម​ទៅ​លើ​គេហទំព័រ​ និង​ប្រព័ន្ធ​បណ្តាញ​របស់​អូ​ឌី​ស៊ី​ ផ្តល់​ការ​ណែនាំ​ និង​ជំនួយ​បច្ចេកទេស​ និង​ធ្វើការ​លើ​ការ​អនុវត្ត​គម្រោង​។​ នៅ​ឆ្នាំ​២០២២​ លោក​បាន​ទទួល​ការ​បណ្តុះបណ្តាល​ស្តី​ពី​ចំណេះដឹង​ផ្នែក​អក្ខរកម្ម​ទិន្នន័យ​ពី​អ្នកជំនាញ​ផ្នែក​សារព័ត៌មាន​។​ លោក​ធ្លាប់​ជា​គ្រូ​បង្គោល​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ អ្នក​សារព័ត៌មាន​ និង​និស្សិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​តំបន់​។​ លោក​ម៉ារ​ឌី​ និង​លោក​ វង្ស​ ពិសិដ្ឋ​ ដែល​ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ នៃ​អូ​ឌី​ស៊ី​បាន​សហការ​ធ្វើ​សិក្ខាសាលា​ស្តី​ពី​ការ​សម្ភាស​និង​ការ​សម្រួល​ទិន្នន័យ​ ដែល​មាន​អ្នកចូលរួម​ចំនួន​២៩​នាក់​ (​ស្ត្រី​១១​នាក់​)​។​

​ការ​សម្ភាស​ទិន្នន័យ​ មាន​ភាព​ស្រ​ដៀង​គ្នា​ជា​ច្រើន​ជាមួយនឹង​ការ​សម្ភាស​មនុស្ស​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ជំនួស​ឱ្យ​ការ​សួរ​សំណួរ​ទៅ​កាន់​អ្នកជំនាញ​ អ្នក​ស្រាវជ្រាវ​រៀបចំ​ខ្លួន​ដើម្បី​វិភាគ​សំណួរ​ប្រភេទ​ណា​ដែល​សំណុំ​ទិន្នន័យ​អាច​ឆ្លើយ​បាន​ ដើម្បី​អាច​ផ្តល់​ព័ត៌មាន​ថ្មីៗ​។​ ការ​សម្ភាស​ គឺជា​ដំណើរការ​មួយ​ដែល​ទាមទារ​ឱ្យ​មានការ​បង្កើត​សម្មតិកម្ម​ បង្កើត​សំណួរ​ និង​វិភាគ​ទិន្នន័យ​ថ្មី​ដើម្បី​សាកល្បង​សម្មតិកម្ម​។​ សម្មតិកម្ម​ សំដៅ​ទៅ​លើ​អ្វី​ដែល​អ្នក​សន្មត់​ថា​ត្រឹមត្រូវ​ដោយ​ផ្អែក​លើ​សាវតា​របស់​ប្រធានបទ​ និង​បញ្ហា​។​ សម្មតិកម្ម​ កំណត់​វិសាលភាព​នៃ​ប្រធានបទ​ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ផ្ទៀងផ្ទាត់​ និង​ស្វែងរក​ការ​ពិត​ដោយ​ផ្អែក​លើ​ការ​សន្មត់​យ៉ាង​ឆាប់រហ័ស​។​

​សំណួរ​សម្រាប់​សម្ភាស​ ដែល​ល្អ​មាន​លក្ខណៈ​បួន​យ៉ាង​៖​ សំណួរ​ទាំងនោះ​ជួយ​អ្នក​ស្រាវជ្រាវ​ឱ្យ​​ផលិត​ទិន្នន័យ​ដើម្បី​សាកល្បង​សម្មតិកម្ម​ សំណួរ​ទាំងនោះ​មិន​ទូលំទូលាយ​ពេក​ សំណួរ​ទាំងនោះ​ផ្អែក​លើ​សម្មតិកម្ម​ដែល​បាន​បង្កើត​ឡើង​មុន​ និង​សំណុំ​ទិន្នន័យ​ដែល​មាន​ ហើយ​សំណួរ​ទាំងនោះ​ត្រូវ​តែ​អនុញ្ញាត​ឱ្យ​អ្នក​ស្រាវជ្រាវ​វាស់វែង​បញ្ហា​ ផល​ប៉ះពាល់​ មូលហេតុ​ និង​ដំណោះស្រាយ​។​

​ការ​វិភាគ​ទិន្នន័យ​ រួម​មាន​ ការ​ប្រើប្រាស់​ទិន្នន័យ​ដើម្បី​ឆ្លើយ​សំណួរ​ជាក់លាក់​។​ ដំណាក់កាល​សំខាន់ៗ​ រួម​មាន​ ការ​ប្រមូល​ទិន្នន័យ​ ការ​វិភាគ​សំណួរ​ និង​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ដូច្នេះ​ ការ​មាន​ជំនាញ​វិភាគ​ទិន្នន័យ​ល្អ​ និង​ចេះ​ធ្វើការ​ជាមួយ​សៀវភៅបញ្ជី​ និង​ស្ថិតិ​គឺ​ចាំបាច់​ណាស់​។​ ក្នុងអំឡុងពេល​ធ្វើ​បទ​បង្ហាញ​ លោក​ ម៉ារ​ឌី​ បាន​ចែករំលែក​ឧបករណ៍​វិភាគ​ទិន្នន័យ​ជា​ច្រើន​ដូច​ជា​​៖​ Microsoft​ Excel,​ Google​ Sheets,​ R​ Programming,​ SPSS,​ និង​ Python​ Programming​ Language​។​ ការ​សម្ភាស​ទិន្នន័យ​ អាច​មាន​ប្រយោជន៍​ជា​ពិសេស​ក្នុង​ស្ថានភាព​ដែល​ការ​សម្ភាស​មនុ​ស្សមានភាព​ពិបាក​។​ ជា​ឧទាហរណ៍​ ការ​អនុវត្ត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​របស់​កម្ពុជា​ទំនងជា​នឹង​បង្កើត​សំណុំ​ទិន្នន័យ​បែប​បរិមាណ​ដ៏​ធំ​មួយ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​កើតឡើង​ពី​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​នៅ​ក្នុង​វិស័យ​អន​ឡាញ​។​ លើស​ពី​នេះ​ ការ​កាត់​បន្ថយ​សេរីភាព​អ៊ីនធឺណិត​អាច​ជា​ប្រធានបទ​ដ៏​រសើប​ ដែល​មនុស្ស​ជា​ច្រើន​ប្រហែលជា​មិន​ចង់​ពិភាក្សា​ជា​សាធារណៈ​ជាមួយ​អ្នក​ស្រាវជ្រាវ​ ដូចនេះ​ការ​សម្ភាស​ទិន្នន័យ​នឹង​ជា​ជម្រើស​មួយ​សម្រាប់​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​សង្គម​និង​នយោបាយ​នៃអនុក្រឹតស្ដីពី​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​។​

​ដើម្បី​យល់​ដឹង​ពី​ការ​ស្វែងរក​ទិន្នន័យ​ ជំហាន​បន្ទាប់​ផ្សេងៗ​គឺ​ចាំបាច់​ណាស់​។​ លោក​ ពិសិដ្ឋ​ បាន​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ឱ្យ​ទិន្នន័យ​មាន​ភាព​សាមញ្ញ​ ព្រោះ​វា​នាំ​ទៅ​រក​ការ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ការ​រក​ឃើញ​ និង​អាច​ជួយ​បង្កើត​ការ​យល់​ដឹង​ថ្មីៗ​។​ ការ​សម្រួល​ទិន្នន័យ​ ក៏​ធ្វើ​ឱ្យ​ទស្សនិកជន​យល់​ពី​គំនិត​ស្មុ​គ្រ​ស្មាញ​ ដែល​កើត​ចេញពី​សំណុំ​ទិន្នន័យ​ដែល​ពួក​គេ​អាច​មិន​ធ្លាប់​ស្គាល់​។​

​លោក​ ពិសិដ្ឋ​ ក៏​បាន​ពិភាក្សា​អំពី​បច្ចេកទេស​សំខាន់​បី​ដើម្បី​សម្រួល​ទិន្នន័យ​។​ បច្ចេកទេស​ទី​មួយ​គឺ​ ធ្វើ​យ៉ាងណា​ឱ្យ​ការ​រក​ឃើញ​ពី​ទិន្នន័យ​នោះ​ទាក់ទង​នឹង​មនុស្ស​។​ លោក​ ពិសិដ្ឋ​ បាន​និយាយ​ថា​ “​ការ​សម្រួល​ទិន្នន័យ​ គឺ​មាន​ន័យ​លើស​ពី​ការ​ធ្វើ​ឱ្យ​សាមញ្ញ​ ប៉ុន្តែ​ធ្វើ​ឱ្យ​មនុស្ស​អាច​យល់​និង​មាន​​ទំនាក់​ទំនង​​នឹង​ប្រធានបទ​បាន​”​ ។​ ដូច្នេះ​ អ្នក​ស្រាវជ្រាវ​មិន​គួរ​រំពឹង​ថា​ទស្សនិកជន​នឹង​យល់​អំពី​តួលេខ​ និង​ការ​វិភាគ​ស្ថិតិ​ដោយ​គ្មាន​ជំនួយ​ និង​ការ​សម្រួល​កិច្ចការ​វិភាគ​នោះ​ទេ​។​ បច្ចេកទេស​ទី​ពីរ​គឺ​ ប្រើ​ពាក្យ​សាមញ្ញ​ និង​ចៀសវាង​ពាក្យ​ពិបាកៗ​។​ អ្នក​ស្រាវជ្រាវ​គួរតែ​ជៀសវាង​ការ​ប្រើ​ពាក្យ​បច្ចេកទេស​ច្រើន​ពេក​ សរសេរ​ប្រយោគ​វែង​ និង​រួម​បញ្ចូល​ការ​រក​ឃើញ​ច្រើន​ក្នុង​ប្រយោគ​មួយ​។​ បច្ចេកទេស​ទី​បី​ និង​ចុង​ក្រោយ​គឺ​ រាយការណ៍​ចំនួន​លេខ​នៅ​ពេល​សំដៅ​ទៅ​លើ​ភាគរយ​ (​រាយការណ៍​សមាមាត្រ​នៃ​ផ្នែក​ទាំងមូល​)​ និង​សមាមាត្រ​ (​រាយការណ៍​ពី​ប្រភេទ​បុគ្គល​ធៀប​នឹង​បុគ្គល​ទាំងមូល​)​។​ អ្នក​ស្រាវជ្រាវ​ចាំបាច់​ត្រូវ​គិត​ឱ្យ​បាន​ហ្មត់ចត់​ ថា​តើ​មួយ​ណា​សម​ស្រប​ជាង​ ដើម្បី​ឱ្យ​ទស្សនិកជន​អាច​យល់​បាន​យ៉ាង​ងាយ​នូវ​សារ​នោះ​។​

​មុន​នឹង​បញ្ចប់​វគ្គ​ លោក​ ពិសិដ្ឋ​ បាន​រំលឹក​អ្នកចូលរួម​ថា​ ការ​សម្រួល​ទិន្នន័យ​ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ការ​រក​ឃើញ​កាន់តែ​មាន​អត្ថន័យ​ត្រង់ៗ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ការ​សម្រួល​ទិន្នន័យ​ធ្វើ​ឱ្យ​ទស្សនិកជន​ក្លាយជា​ភ្នាក់ងារ​សំខាន់​ក្នុង​ការ​សរសេរ​សាច់​រឿង​ ដូច្នេះ​ពួក​គេ​អាច​ភាព​ទាក់ទង​នឹង​សាច់​រឿង​។​ លោក​ ពិសិដ្ឋ​ ក៏​បាន​ស្នើ​ឱ្យ​អ្នកចូលរួម​សរសេរ​រឿង​អំពី​វគ្គ​ចែករំលែក​នេះ​ ដោយ​ស្វែងរក​សម្មតិកម្ម​ និង​សំណួរ​ដោយ​ប្រ​ប្រាស់​ទិន្នន័យ​។​