ជីវិតក្នុងអំឡុងពេលកូវីដ-១៩
កាលនោះ រាល់ព្រឹកធ្លាប់តែសាមញ្ញ។ ងើបពីគេង ស្លៀកពាក់ ទៅសាលារៀន ហើយជួបនិងឱបពួកម៉ាក។ ទម្លាប់រាល់ព្រឹកក្នុងថ្ងៃទៅរៀនដែលគួរអោយធុញ ដែលពួកយើងរាល់គ្នាមិនចាប់អារម្មណ៍ បានរលាយបាត់ទៅក្នុងមួយប្រព្រិចភ្នែក។ ឥលូវនេះ ទម្លាប់រាល់ព្រឹករបស់ពួកយើង ត្រូវបានកាត់មកត្រឹមតែ ងើបពីគេង ហើយធ្វើការនៅក្នុងផ្ទះតែម្តង។ ទម្លាប់រាល់ថ្ងៃរបស់ខ្ញុំក្លាយមកត្រឹមតែ ងើបពីគេង ហើយធ្វើការក្នុងកុំព្យូទ័រ ទាំងមិនដូរចេញពីសម្លៀកបំពាក់គេងយប់ឡើយ។
ត្រឹមតែប៉ុន្មានអាទិត្យសោះ កូវីដ-១៩ បានផ្លាស់ប្តូរជីវិតរបស់មនុស្សជាច្រើន ក្នុងកម្រិតមួយដែលយើងមិនអាចនឹងស្រមៃដល់។ តើអ្នកណានឹងអាចទាយបានទៅថា លោកវិនាសនឹងមកដល់ឆាប់បែបនេះ? តែអរគុណដល់បច្ចេកវិទ្យាហើយ ដែលធ្វើអោយខ្ញុំនិងមនុស្សជាច្រើនទៀតរស់នៅសុខស្រួលមួយកម្រិត បើទោះជាមានការផ្លាស់ប្តូរទម្លាប់រស់នៅដែលប្លែកនិងមិនសូវទម្លាប់ក៏ដោយ។
សប្បាយៗក៏ក្លាយជា…
នៅពេលដែលចំនួនករណី កូវីដ-១៩ នៅកម្ពុជាកើនឡើងខ្លាំង ក្រសួងអប់រំបានប្រកាសបិទសាលារៀនទូទាំងប្រទេស ជាបណ្តោះអាសន្នដោយគ្មានថ្ងៃកំណត់។ ក្នុងនាមជានិស្សិតម្នាក់ ក៏ដូចជាសិស្ស និងនិស្សិតដទៃដែរនោះ ព័ត៌មាននេះពិតជាព័ត៌មានដ៏ល្អមែនទែន។ សប្បាយចិត្តនឹងការមិនទៅរៀន!!! ក្នុងប៉ុន្មានអាទិត្យដំបូង ពិតជាសប្បាយរីករាយមែនទែន រហូតដល់ពេលមួយដែលមានអារម្មណ៍ធ្លាក់ទឹកចិត្ត។ ការពិតទៅគឺវាបែបនេះ។ អត់ទៅរៀន គឺពិតជាល្អពិតមែន ក៏ប៉ុន្តែអ្វីដែលអាក្រក់នោះគឺការបាត់បង់ទំនាក់ទំនងសង្គម ជាពិសេសគឺការបាត់បង់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិ។ មនុស្សយើងគឺជាសត្វសង្គម។ មិនថាយើងជាមនុស្សដែលចូលចិត្តនៅម្នាក់ឯង ឬជាមនុស្សដែលស្រលាញ់ការជួបជុំនោះទេ យើងគ្រប់គ្នាត្រូវការការប្រាស្រ័យទាក់ទងគ្នានឹងមនុស្សដទៃ។ ក្នុងនាមជាមនុស្សម្នាក់ដែលចូលចិត្តនៅម្នាក់ឯង ខ្ញុំបែរជានឹកដល់ពេលមួយដែលខ្ញុំអាចបដិសេដមិនចូលរួមព្រឹត្តិការណ៍សង្គមទៅវិញ។ ពេលនេះ ខ្ញុំមានអារម្មណ៍ច្របូកច្របល់ខ្លាំងណាស់។ សំណាងហើយដែលយើងមិនមែនរស់នៅក្នុងសម័យបុរេប្រវត្តិទៀតនោះ។ ឥលូវ យើងមានបច្ចេកវិទ្យាដែលជួយបំពេញចន្លោះខ្វះខាតបាន។
ZOOM វិរជនជួយសង្គ្រោះក្នុងពេលមានវិបត្តិ
ខ្ញុំនិយាយនេះ គឺនិយាយតំណាងអោយមនុស្សជាច្រើន ដែលថាពួកយើងទើបតែដឹងពី Zoom ក្នុងអំឡុងពេលកូវីដ-១៩ នេះទេ។ Zoom គឺជាប្រព័ន្ធសន្និសិទវីដេអូ ដែលអនុញ្ញាតអោយយើងជួបគ្នាតាម អ៊ីនធើណេត លក្ខណៈជាគូ ឬជាក្រុម។ និយាយអោយស្រួលស្តាប់ទៅ Zoom គឺស្រដៀងគ្នានឹង Skype ដែរ ក៏ប៉ុន្តែល្អជាង។ ជាដំបូង អ្វីដែលល្អនោះគឺថា យើងមិនចាំបាច់ចុះឈ្មោះ ឬទាញយក Zoom នោះទេ។ យើងអាចចូលរួមក្នុងសន្និសិទវីដេអូបានដោយផ្ទាល់លើគេហទំព័រតែម្តង! មិនថារៀនអនឡាញ ឬជួបជុំមិត្តភក្តិ អនឡាញនោះទេ Zoom គឺជាវីរជនដែលយើងមិនដែលដឹងថាយើងត្រូវការឡើយ។ ការរក្សាគម្លាតសុវត្តិភាព ពិតណាស់ថាជាវិធានការចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ-១៩ ក៏ប៉ុន្តែវាមិនមែនបានន័យថាយើងត្រូវបាក់ទឹកចិត្ត ហើយឃ្លាតឆ្ងាយពីមនុស្សជាទីស្រលាញ់របស់យើងនោះទេ។ ការជួបជុំអនឡាញ គឺជាជម្រើសដ៏អស្ចារ្យមួយ ហើយវានាំខ្ញុំអោយខិតទៅជិតមនុស្សដែលខ្ញុំស្រឡាញ់ ទោះបីជានៅដាច់ឆ្ងាយពីគ្នាក៏ដោយ។
តើវានឹងអាក្រក់ជាងនេះទៀតទេ?
ក្នុងពេលដ៏លំបាកនេះ យើងត្រូវពឹងផ្អែកលើបច្ចេកវិទ្យាដែលមាន ដើម្បីភ្ជាប់យើងទាំងអស់គ្នា។ ខ្ញុំអរគុណដល់មនុស្សជំនាន់មុនខ្ញុំ ដែលបានបង្កើតអ៊ីនធើណេត។ ប៉ុន្តែនេះគឺឆ្នាំ២០២០ទៅហើយ ដោយឡែកល្បឿនអ៊ីនធើណេតរបស់ខ្ញុំពិតជាយឺតមែនទែន។ តើវានឹងយឺតជាងនេះដែរឬទេ ជាពិសេសនៅពេលដែលខ្ញុំត្រូវការវាខ្លាំងបែបនេះ? នៅពេលដែលខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តនឹងល្បឿនអ៊ីធើណេតដើរដូចអណ្តើករបស់ខ្ញុំ ខ្ញុំក៏ស្រាប់តែគិតដល់រឿងមួយ។ ខណៈពេលដែលខ្ញុំមានឯកសិទ្ធិក្នុងការមានឧបករណ៍បច្ចេកវិទ្យា និងអ៊ីនធើណេត មនុស្សជាច្រើនមិនមានឯកសិទ្ធិដូចគ្នាទេ។ ខ្ញុំគិតដល់កុមារក្រីក្រដែលមិនអាចបន្តការសិក្សារបស់ពួកគេបាន ក៏ដោយសារតែពួកគេមិនមានកុំព្យូទ័រឬអ៊ីនធើណេត។ ខ្ញុំគិតដល់មនុស្សដែលមិនអាចរកលុយបាន ដោយសារតែវិធានការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ-១៩។ ចុងក្រោយ ដែនកំណត់បច្ចេកវិទ្យាដែលខ្ញុំមាន មិនអាចប្រៀបធៀបទៅនឹងដែនកំណត់របស់ប្រជាជនកម្ពុជាជាច្រើនដែលពួកគាត់បានជួបនោះទេ។
ពន្លឺនៃក្តីសង្ឃឹម
បើទោះបីជាពេលនេះជាពេលដ៏លំបាកមួយក៏ដោយ យើងត្រូវតែរឹងមាំឡើង ដើម្បីទប់ទល់នឹងព្យុះនេះ។ អរគុណដល់បច្ចេកវិទ្យាទំនើប ដែលយើងអាចជំនួសការជួបនិងសិក្សាដោយផ្ទាល់ ជាមួយនឹងការជួបនិងសិក្សាអនឡាញ។ កម្មវីធីដូចជា Zoom, Skype, Google Classroom, Google Hangout, និង Microsoft Teams ធ្វើអោយពួកយើងខិតជិតគ្នាតាមអនឡាញ និងធ្វើអោយយើងរក្សាទំនាក់ទំនងជាមួយនឹងមនុស្សជាទីស្រលាញ់ដែលឃ្លាតឆ្ងាយ។ មេរៀនមួយដ៏អស្ចារ្យដែលយើងរៀនបានពីពេលដ៏លំបាកនេះគឺ យើងត្រូវរៀនក្នុងការបង្ហាញក្តីស្រលាញ់យើងតាមរយៈពាក្យសម្តី ជាជាងសកម្មភាព។ វាអាចនឹងមានការលំបាកដែលយើងមិនអាចជួបគ្នាដោយផ្ទាល់ តែវាធ្វើអោយយើងក្លាយខ្លួនជាអ្នកសរសេរដ៏ចំណានម្នាក់!
គួរអោយកត់សម្គាល់ផងដែរនោះ ឆ្មារបស់ខ្ញុំដូចជាពេញចិត្តដែលខ្ញុំនៅផ្ទះច្រើនជាងពេលមុនដែលគ្មានកូវីដ-១៩។ ខ្ញុំក៏ពេញចិត្តនឹងវត្តមានរបស់វាផងដែរ។ គិតទៅ ចំនុចល្អដែលចេញពីពេលដ៏លំបាកនេះគឺ ខ្ញុំអាចលេងជាមួយនឹងមិត្តស្រម៉ូវៗរបស់ខ្ញុំបាន នៅពេលណាដែលខ្ញុំធុញថប់នឹងកិច្ចការសាលាដែលខ្ញុំធ្វើក្នុងកុំព្យូទ័រ! គ្រប់យ៉ាងគឺល្អ ពេលដែលបញ្ចប់ទៅដោយល្អ។
ប្លុកសរសេរដោយ៖
កញ្ញា អ៊ាន មុនីលក្ខណ៍
ជ័យលាភីលេខ ២ នៃការប្រកួតសរសេរប្លុកស្តីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ICT ក្នុងការសិក្សា និងធ្វើការពីផ្ទះក្នុងអំឡុងពេលកូវីដ-១៩
កញ្ញា មុនីលក្ខណ៍ គឺជានិសិ្សតឆ្នាំទី៤ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភំ្នពេញ។