ជីវិតក្នុង​អំឡុងពេលកូវីដ-១៩

កាលនោះ​ រាល់​ព្រឹក​ធ្លាប់តែ​សាមញ្ញ។ ងើប​ពី​គេង ស្លៀកពាក់ ទៅ​សាលារៀន ហើយ​ជួប​និង​ឱប​ពួក​ម៉ាក។ ទម្លាប់​រាល់​ព្រឹក​ក្នុង​ថ្ងៃ​ទៅរៀន​ដែល​គួរ​អោយ​ធុញ ដែល​ពួក​យើង​រាល់គ្នា​មិន​ចាប់អារម្មណ៍​ បាន​រលាយ​បាត់​ទៅ​ក្នុង​មួយ​ប្រព្រិច​ភ្នែក។ ឥលូវ​នេះ ទម្លាប់​រាល់​ព្រឹក​របស់​ពួក​យើង​ ត្រូវ​បាន​កាត់​មក​ត្រឹមតែ ងើប​ពី​គេង ហើយ​ធ្វើការ​នៅក្នុង​ផ្ទះ​តែម្តង។ ទម្លាប់​រាល់ថ្ងៃ​របស់ខ្ញុំ​ក្លាយ​មក​ត្រឹមតែ ងើប​ពី​គេង ហើយ​ធ្វើការ​ក្នុង​កុំព្យូទ័រ​ ទាំង​មិន​ដូរ​ចេញពី​សម្លៀកបំពាក់​គេង​យប់​ឡើយ។

របស់សំខាន់

ត្រឹមតែ​ប៉ុន្មាន​អាទិត្យ​សោះ​ កូ​វីដ​-១៩ បាន​ផ្លាស់​ប្តូរជីវិត​របស់​មនុស្សជា​ច្រើន​ ក្នុង​កម្រិត​មួយ​ដែល​យើង​មិន​អាច​នឹង​ស្រមៃ​ដល់។ តើ​អ្នកណា​នឹងអាច​ទាយ​បាន​ទៅ​ថា​ លោកវិនាស​នឹង​មកដល់​ឆាប់​បែបនេះ​? តែ​អរគុណ​ដល់​បច្ចេកវិទ្យា​ហើយ​ ដែល​ធ្វើអោយ​ខ្ញុំ​និង​មនុស្សជា​ច្រើន​ទៀត​រស់នៅ​សុខ​ស្រួល​មួយ​កម្រិត​ បើ​ទោះជា​មានការ​ផ្លាស់​ប្តូរ​ទម្លាប់​រស់នៅ​ដែល​ប្លែក​និង​មិនសូវ​ទម្លាប់​ក៏ដោយ។

សប្បាយ​ៗក៏​ក្លាយជា​…

នៅពេល​ដែល​ចំនួន​ករណី​ កូ​វីដ​-១៩ នៅ​កម្ពុជា​កើនឡើង​ខ្លាំង​ ក្រសួង​អប់រំ​បាន​ប្រកាស​បិទ​សាលារៀន​ទូទាំង​ប្រទេស ជា​បណ្តោះអាសន្ន​ដោយ​គ្មាន​ថ្ងៃកំណត់។ ក្នុងនាម​ជា​និស្សិត​ម្នាក់ ក៏ដូចជា​សិស្ស​ និង​និស្សិត​ដទៃ​ដែរ​នោះ ព័ត៌មាន​នេះ​ពិតជា​ព័ត៌មាន​ដ៏​ល្អ​មែនទែន។ សប្បាយចិត្ត​នឹង​ការ​មិនទៅ​រៀន​!!! ក្នុង​ប៉ុន្មាន​អាទិត្យ​ដំបូង ពិតជា​សប្បាយរីករាយ​មែនទែន​ រហូតដល់​ពេល​មួយ​ដែល​មាន​អារម្មណ៍​ធ្លាក់ទឹក​ចិត្ត។ ការពិត​ទៅ​គឺ​វា​បែបនេះ។ អត់​ទៅរៀន​ គឺ​ពិតជា​ល្អ​ពិតមែន ក៏ប៉ុន្តែ​អ្វី​ដែល​អាក្រក់​នោះ​គឺ​ការបាត់បង់​ទំនាក់ទំនង​សង្គម​ ជាពិសេស​គឺ​ការបាត់បង់​ទំនាក់ទំនង​ជាមួយនឹង​មិត្តភក្តិ។ មនុស្សយើង​គឺជា​សត្វ​សង្គម។ មិនថា​យើង​ជា​មនុស្ស​ដែល​ចូលចិត្ត​នៅ​ម្នាក់ឯង ឬជា​មនុស្ស​ដែល​ស្រលាញ់​ការ​ជួបជុំ​នោះ​ទេ​ យើង​គ្រប់គ្នា​ត្រូវការ​ការ​ប្រាស្រ័យ​ទាក់ទងគ្នា​នឹង​មនុស្សដទៃ។ ក្នុងនាម​ជា​មនុស្សម្នាក់​ដែល​ចូលចិត្ត​នៅ​ម្នាក់ឯង ខ្ញុំ​បែរជា​នឹកដល់​ពេល​មួយ​ដែល​ខ្ញុំ​អាចប​ដិ​សេ​ដមិន​ចូលរួម​ព្រឹត្តិ​ការណ៍​សង្គម​ទៅវិញ។ ពេលនេះ ខ្ញុំ​មាន​អារម្មណ៍​ច្របូកច្របល់​ខ្លាំង​ណាស់។ សំណាង​ហើយដែល​យើង​មិនមែន​រស់នៅ​ក្នុង​សម័យ​បុរេប្រវត្តិ​ទៀត​នោះ។ ឥលូវ យើង​មាន​បច្ចេកវិទ្យា​ដែល​ជួយ​បំពេញ​ចន្លោះ​ខ្វះខាត​បាន។

ZOOM​ វិ​រជន​ជួយសង្គ្រោះ​ក្នុង​ពេល​មាន​វិបត្តិ​

ខ្ញុំ​និយាយ​នេះ គឺ​និយាយ​តំណាង​អោយ​មនុស្សជា​ច្រើន​ ដែល​ថា​ពួក​យើងទើបតែ​ដឹងពី​ Zoom​ ក្នុង​អំឡុង​ពេលកូ​វីដ​-១៩​ នេះ​ទេ។ Zoom គឺជា​ប្រព័ន្ធ​សន្និ​សិ​ទវីដេ​អូ​ ដែល​អនុញ្ញាត​អោយ​យើង​ជួបគ្នា​តាម​ អ៊ី​នធើ​ណេត លក្ខណៈ​ជាគូ ឬជា​ក្រុម។ និយាយ​អោយ​ស្រួល​ស្តាប់​ទៅ​ Zoom​ គឺ​ស្រដៀងគ្នា​នឹង​ Skype​ ដែរ ក៏ប៉ុន្តែ​ល្អ​ជាង។ ជាដំបូង អ្វី​ដែល​ល្អ​នោះ​គឺថា​ យើង​មិន​ចាំបាច់​ចុះឈ្មោះ ឬទាញ​យក​ Zoom​ នោះ​ទេ។ យើង​អាច​ចូលរួម​ក្នុង​សន្និ​សិ​ទវីដេ​អូ​បាន​ដោយ​ផ្ទាល់​លើ​គេហទំព័រ​តែម្តង​! មិនថា​រៀន​អន​ឡាញ​ ឬជួបជុំ​មិត្តភក្តិ​ អន​ឡា​ញនោះ​ទេ Zoom​ គឺជា​វីរជន​ដែល​យើង​មិនដែល​ដឹង​ថា​យើង​ត្រូវការ​ឡើយ។ ការ​រក្សា​គម្លាត​សុ​វត្តិភាព​ ពិត​ណាស់​ថា​ជា​វិធានការ​ចាំបាច់ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃកូ​វីដ​-១៩ ក៏ប៉ុន្តែ​វា​មិនមែន​បានន័យ​ថា​យើង​ត្រូវ​បាក់ទឹកចិត្ត​ ហើយ​ឃ្លាតឆ្ងាយ​ពី​មនុស្សជា​ទី​ស្រលាញ់​របស់​យើង​នោះ​ទេ។ ការ​ជួបជុំ​អន​ឡាញ គឺជា​ជម្រើសដ៏​អស្ចារ្យ​មួយ ហើយ​វា​នាំ​ខ្ញុំ​អោយ​ខិត​ទៅ​ជិត​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ ទោះបីជា​នៅ​ដាច់​ឆ្ងាយ​ពីគ្នា​ក៏ដោយ។

អ្នកគាំទ្រផ្នែកអារម្មណ៍របស់ខ្ញុំ គឺលីស្សា

តើ​វា​នឹង​អាក្រក់​ជាង​នេះ​ទៀត​ទេ​?

ក្នុង​ពេល​ដ៏​លំបាក​នេះ​ យើង​ត្រូវ​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​ដែល​មាន ដើម្បី​ភ្ជាប់​យើង​ទាំងអស់គ្នា។ ខ្ញុំ​អរគុណ​ដល់​មនុស្សជំនាន់​​មុន​ខ្ញុំ ​ដែល​បាន​បង្កើត​អ៊ី​នធើ​ណេត។ ប៉ុន្តែ​នេះ​គឺ​ឆ្នាំ២០២០ទៅ​ហើយ​ ដោយឡែក​ល្បឿន​អ៊ី​នធើ​ណេត​របស់ខ្ញុំ​ពិតជា​យឺត​មែនទែន។ តើ​វា​នឹង​យឺត​ជាង​នេះ​ដែរ​ឬទេ​ ជាពិសេស​នៅពេល​ដែល​ខ្ញុំ​ត្រូវការ​វា​ខ្លាំង​បែបនេះ​? នៅពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​នឹង​ល្បឿន​អ៊ី​ធើ​ណេត​ដើរ​ដូច​អណ្តើក​របស់ខ្ញុំ​ ខ្ញុំ​ក៏​ស្រាប់តែ​គិតដល់​រឿង​មួយ។ ខណៈ​ពេល​ដែល​ខ្ញុំ​មាន​ឯកសិទ្ធិ​ក្នុង​ការ​មាន​ឧបករណ៍​បច្ចេកវិទ្យា​ និង​អ៊ី​នធើ​ណេត មនុស្សជា​ច្រើន​មិន​មាន​ឯកសិទ្ធិ​ដូចគ្នា​ទេ។ ខ្ញុំ​គិតដល់​កុមារ​ក្រីក្រ​ដែល​មិន​អាច​បន្ត​ការសិក្សា​របស់​ពួក​គេ​បាន​ ក៏ដោយសារតែ​ពួក​គេ​មិន​មាន​កុំព្យូទ័រ​ឬអ៊ី​នធើ​ណេត។ ខ្ញុំ​គិតដល់​មនុស្ស​ដែល​មិន​អាច​រកលុយ​បាន ដោយសារតែ​វិធានការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​កូ​វីដ​-១៩។ ចុងក្រោយ ដែន​កំណត់​បច្ចេកវិទ្យា​ដែល​ខ្ញុំ​មាន​ មិន​អាច​ប្រៀបធៀប​ទៅ​នឹង​ដែន​កំណត់​របស់​ប្រជាជន​កម្ពុជា​ជាច្រើន​ដែល​ពួក​គាត់​បាន​ជួប​នោះ​ទេ។

ពន្លឺ​នៃ​ក្តី​សង្ឃឹម​

បើ​ទោះបីជា​ពេលនេះ​ជា​ពេល​ដ៏​លំបាក​មួយ​ក៏ដោយ​ យើង​ត្រូវតែ​រឹងមាំ​ឡើង ដើម្បី​ទប់ទល់​នឹង​ព្យុះ​នេះ​។ អរគុណ​ដល់​បច្ចេកវិទ្យា​ទំនើប​ ដែល​យើង​អាច​ជំនួស​ការ​ជួប​និង​សិក្សា​ដោយ​ផ្ទាល់ ជាមួយនឹង​ការ​ជួប​និង​សិក្សា​អន​ឡាញ។ កម្ម​វី​ធី​ដូចជា​ Zoom​, Skype​, Google Classroom​, Google Hangout​, និង Microsoft​ Teams​ ធ្វើអោយ​ពួក​យើង​ខិត​ជិត​គ្នា​តាម​អន​ឡាញ​ និង​ធ្វើអោយ​យើង​រក្សា​ទំនាក់ទំនង​ជាមួយនឹង​មនុស្សជា​ទី​ស្រលាញ់​ដែល​ឃ្លាតឆ្ងាយ។ មេរៀន​មួយ​ដ៏​អស្ចារ្យ​ដែល​យើង​រៀន​បាន​ពី​ពេល​ដ៏​លំបាក​នេះ​គឺ យើង​ត្រូវ​រៀន​ក្នុង​ការ​បង្ហាញ​ក្តី​ស្រលាញ់​យើង​តាម​រយៈ​​ពាក្យ​សម្តី​ ជាជាង​សកម្មភាព។ វា​អាច​នឹង​មានការ​លំបាក​ដែល​យើង​មិន​អាច​ជួបគ្នា​ដោយ​ផ្ទាល់​ តែ​វា​ធ្វើអោយ​យើង​ក្លាយ​ខ្លួន​ជា​អ្នក​សរសេរ​ដ៏​ចំណាន​ម្នាក់​!

គួរ​អោយ​កត់សម្គាល់​ផង​ដែរ​នោះ​ ឆ្មា​របស់ខ្ញុំ​ដូចជា​ពេញចិត្ត​ដែល​ខ្ញុំ​នៅផ្ទះ​ច្រើនជាង​ពេលមុន​ដែល​គ្មានកូ​វីដ​-១៩។ ខ្ញុំ​ក៏​ពេញចិត្ត​នឹង​វត្តមាន​របស់​វា​ផង​ដែរ។ គិតទៅ​ ចំនុច​ល្អ​ដែល​ចេញពី​ពេល​ដ៏​លំបាក​នេះ​គឺ ខ្ញុំ​អាច​លេង​ជាមួយនឹង​មិត្ត​ស្រ​ម៉ូវៗ​របស់ខ្ញុំ​បាន​ នៅពេល​ណា​ដែល​ខ្ញុំ​ធុញថប់​នឹង​កិច្ចការ​សាលា​ដែល​ខ្ញុំ​ធ្វើ​ក្នុង​កុំព្យូទ័រ​! គ្រប់យ៉ាង​គឺ​ល្អ​ ពេល​ដែល​បញ្ចប់​ទៅ​ដោយ​ល្អ។

 

ប្លុក​សរសេរ​ដោយ​៖​

កញ្ញា អ៊ាន មុនីលក្ខណ៍

ជ័យ​លា​ភី​លេខ​ ២ នៃ​ការ​ប្រកួត​សរសេរ​ប្លុក​ស្តី​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ ICT​ ក្នុង​ការ​សិក្សា​ និង​ធ្វើការ​ពី​ផ្ទះ​ក្នុងអំឡុងពេល​កូ​វី​ដ​-១៩​​

កញ្ញា​ ​មុនី​លក្ខណ៍​​ គឺជា​​និសិ្សត​ឆ្នាំ​ទី​៤​ ​នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​សារ​គមនាគមន៍​ ​នៃ​សាកល​​វិទ្យាល័យ​ភូមិន្ទ​ភំ្នពេញ​។​​​​