ទំ​នើប​កម្ម​មេរោគ​អេ​ដស៍ (HIV)

លោក​ រតនា​ គឺជា​អ្នកជំនាញ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ក្នុង​ការ​ផ្សព្វផ្សាយ​ការ​បង្ការ​ និង​ការ​អប់រំ​អំពី​មេរោគ​អេ​ដស៍​។​ លោក​ចាប់ផ្តើម​បទ​បង្ហាញ​របស់​លោក​ ដោយ​ផ្តល់​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​ប្រវត្តិ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​អេ​ដស៍​នៅ​កម្ពុជា​។​ លោក​បាន​បែងចែក​ប្រវត្តិ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​អេ​ដស៍​នៅ​កម្ពុជា​នេះ​ជា​បី​ដំណាក់កាល​៖​ ដំណាក់កាល​ទី​១៖​ ដំណាក់កាល​ប្រើប្រាស់​មធ្យោបាយ​ទប់ស្កាត់​មេរោគ​អេ​ដស៍​ដោយ​ប្រើប្រាស់​ស្រោមអនាម័យ​ ដំណាក់កាល​ទី​២៖​ ដំណាក់កាល​បង្កើន​អត្រា​ព្យាបាល​ដោយ​កំណត់​គោលដៅ​ក្រុម​ដែល​មាន​ហានិភ័យ​ជាមួយនឹង​ការ​ធ្វើតេស្ត​ និង​ការ​ព្យាបាល​ និង​ ដំណាក់កាល​ទី​៣៖​ ដំណាក់កាល​កាត់​បន្ថយ​ពេលវេលា​ក្នុង​ការ​ធ្វើតេស្ត​ពេល​ព្យាបាល​។​ ជា​លទ្ធផល​ អត្រា​នៃ​ការ​ឆ្លង​មេរោគ​អេ​ដស៍​បាន​ថយ​ចុះ​ពី​១,៧​ ភាគរយ​ ក្នុង​ឆ្នាំ​១៩៩០​ នៅ​សល់​ត្រឹមតែ​ ០,៦​ ភាគរយ​ ក្នុង​ឆ្នាំ​២០១៦​។​ បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា​មាន​ករណី​មេរោគ​អេ​ដស៍​ចំនួន​ ៥០០​ករណី​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​កម្ពុជា​កំពុង​ខិតខំ​បន្ថយ​ចំនួន​ករណី​ឲ្យ​នៅ​ក្រោម​ ៣០០​ករណី​ ជា​រៀង​រាល់​ឆ្នាំ​។​ នៅ​ពេល​ដែល​បាន​សម្រេច​គោលដៅ​នេះ​ មេរោគ​អេ​ដស៍​នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ត្រូវ​បាន​ “​ស្ទើរតែ​បាន​លុប​បំបាត់​ទាំងស្រុង​”​។​ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក​ក្នុង​ការ​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​មេរោគ​អេ​ដស៍​ទាំងស្រុង​។​ នៅ​ឆ្នាំ​២០១៤​ អង្គការសហប្រជាជាតិ​បាន​កំណត់​ទិស​ដៅ​ ‘៩០-៩០-៩០’​។​ នេះ​មាន​ន័យ​ថា​ ៩០​ ភាគរយ​ នៃ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ទាំងអស់​ត្រូវ​បាន​ធ្វើតេស្ត​ពិនិត្យ​ឈាម​ និង​រោគវិនិច្ឆ័យ​។​ ៩០​ ភាគរយ​ ត្រូវ​បាន​ផ្តល់​ការ​ព្យាបាល​ដោយ​ប្រើ​ឱសថ​ប្រឆាំង​មេរោគ​ (ART)​ និង​សម្រេច​បាន​នូវ​ការ​បង្ក្រាប​វីរុស​សម្រាប់​ ៩០​ ភាគរយ​ នៃ​អ្នក​ដែល​ត្រូវ​បាន​ព្យាបាល​នៅ​ឆ្នាំ​២០២០​។​ ប្រទេស​កម្ពុជា​សម្រេច​បាន​គោលដៅ​នេះ​មុន​ពេល​គ្រោងទុក​ក្នុង​ឆ្នាំ​២០១៧​ និង​ទទួល​បាន​ពានរង្វាន់​ជា​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​មេរោគ​អេ​ដស៍​ដោយ​ជោគជ័យ​។​ ក្នុង​ការ​ពិភាក្សា​អំពី​ភាព​ជោគជ័យ​របស់​ប្រទេស​កម្ពុជា​ លោក​ រតនា​ បាន​លើក​ឡើង​ថា​ “​ដោយសារ​តែ​យើង​មិនមែន​ជា​ប្រទេស​អភិវឌ្ឍន៍​ នោះ​មិន​មាន​ន័យ​ថា​ យើង​មិន​អាច​សម្រេច​បាន​ទេ​។​ ប្រទេស​កម្ពុជា​គឺជា​គំរូ​មួយ​សម្រាប់​ប្រទេស​ដ៏​ទៃ​ទៀត​ ដែល​កម្ពុជា​ជា​ប្រទេស​តូច​ ហើយ​មាន​កម្រិត​ផ្នែក​ថវិកា​ ធនធាន​ និង​បច្ចេកវិទ្យា​ តែ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ថា​ ខ្លួន​អាច​សម្រេច​បាន​នូវ​គោលដៅ​ ៩០-៩០-៩០”​។​

​នៅ​ក្នុង​ការងារ​របស់​លោក​ រតនា​ លោក​ផ្តោត​លើ​របៀប​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អប់រំ​ និង​បង្ការ​ការ​ឆ្លង​មេរោគ​អេ​ដស៍​។​ ទ​ង្វើ​គ្រោះថ្នាក់​មួយ​ចំនួន​ ដែល​អាច​ធ្វើ​ឲ្យ​ឈាន​ដល់​ការ​ឆ្លង​មេរោគ​អេ​ដស៍​នៅ​តែ​ជា​បញ្ហា​ ហើយ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ នៅ​តែ​ប្រឈម​មុខ​នឹង​ការ​រើសអើង​នៅឡើយ​។​ ជា​លទ្ធផល​ យើង​ឃើញ​ថា​ នៅ​តែ​មានការ​លំបាក​ក្នុង​ការ​លើកទឹកចិត្ត​បុគ្គល​ ដែល​មាន​ហានិភ័យ​ដើម្បី​ទទួល​បានការ​ធ្វើតេស្ត​ ដើម្បី​ដឹង​ពី​ស្ថានភាព​មេរោគ​អេ​ដស៍​របស់​ពួក​គេ​ និង​ស្វែងរក​ព័ត៌មាន​អំពី​មេរោគ​អេ​ដស៍​។​ លោក​ រតនា​ ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​មធ្យោបាយ​ថ្មី​ ក្នុង​ការ​បង្កើត​ឲ្យ​មានការ​សន្ទនា​មិន​ផ្ទាល់​មួយ​ទៅ​លើ​ប្រធានបទ​នេះ​។​

​លោក​ក៏​ប្រើ​វិធីសាស្ត្រ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ការ​ឆ្លង​មេរោគ​អេ​ដស៍​ផង​ដែរ​។​ បច្ចុប្បន្ន​យុវជន​ជា​ច្រើន​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ និង​អ៊ីនធឺណិត​ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ ទទួល​បាន​ព័ត៌មាន​ និង​ការ​ស្វែងរក​ទំនាក់ទំនង​ស្នេហា​ ក៏​ដូច​ជា​ដៃគូ​ជីវិត​។​ ក្រុមការងារ​របស់​លោក​ រតនា​បាន​ធ្វើការ​ស្ទង់​មតិ​មួយ​ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ឥរិយាបថ​របស់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ ថា​តើ​ប្រជាពលរដ្ឋ​កម្ពុជា​ចង់​យល់​ដឹង​អ្វី​ទាក់ទង​នឹង​មេរោគ​អេ​ដស៍​ និង​តើ​ការ​យល់​ច្រឡំ​អ្វីខ្លះ​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​យល់​ច្រឡំ​ទៅ​លើ​មេរោគ​អេ​ដស៍​។​ ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ ក្រុមការងារ​របស់​គាត់​អាច​កែសម្រួល​យុទ្ធសាស្ត្រ​បង្ការ​ការ​ឆ្លង​មេរោគ​អេ​ដស៍​ទៅ​កាន់​ក្រុម​គោលដៅ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​ ឧទាហរណ៍​ក្រុម​មនុស្ស​ដែល​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេ​ដស៍​ខ្លាំង​ គឺជា​បុគ្គល​ដែល​រួម​ភេទ​ជាមួយ​បុគ្គល​មាន​ភេទ​ដូច​គ្នា​។​ ហើយ​ការ​ស្រាវជ្រាវ​របស់​លោក​ រតនា​ បាន​បង្ហាញ​ថា​ កម្មវិធី​ទំនាក់ទំនង​មួយ​ណា​ដែល​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​និយម​ប្រើប្រាស់​ ដើម្បី​យល់​ដឹង​មធ្យោបាយ​ទំនាក់ទំនង​របស់​ក្រុម​គោលដៅ​មួយ​នេះ​ ក្នុង​ការ​រៀបចំ​យុទ្ធនាការ​អប់រំ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​ លើស​ពី​នេះ​ ក្រុមការងារ​របស់​លោក​ក៏​បាន​ធ្វើការ​បង្កើត​ជា​ផែនទី​ដង់ស៊ីតេ​បង្ហាញ​ថា​ ពេល​ណា​ និង​កន្លែង​ណា​ដែល​ក្រុម​គោលដៅ​តែង​ប្រើ​កម្មវិធី​ទាំងនេះ​ ដូច្នេះ​ក្រុមការងារ​អាច​កែសម្រួល​យុទ្ធសាស្ត្រ​អប់រំ​ទៅ​តាម​ពេលវេលា​ និង​ទីតាំង​ជាក់លាក់​។​

​ការ​ចែករំលែក​របស់​លោក​ រតនា​ បង្ហាញ​ពី​របៀប​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​ និង​ការ​ស្រាវជ្រាវ​អាច​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សុខភាព​តាម​លក្ខណៈ​បច្ចេកវិទ្យា​ទំនើប​។​ វិធីសាស្ត្រ​របស់​លោក​អាច​ជា​ចំណេះដឹង​ថ្មី​មួយ​សម្រាប់​អ្នកចូលរួម​ ដែល​ចង់​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទំនាក់ទំនង​ (ICT)​ និង​ធ្វើការ​ស​ម្រ​ច​ចិត្ត​ដោយ​ប្រើប្រាស់​ទិន្នន័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គេ​។​

​ក្ន​ង​នាម​ជា​អតីត​និស្សិត​អាហារូបករណ៍​ Fulbright​ ម្នាក់​ លោក​ រតនា​ មាន​ជំនាញ​វិជ្ជាជីវៈ​ដែល​ពាក់ព័ន្ធ​ចម្រុះ​ទៅ​នឹង​ Portfolio​ ដោយ​រាប់​ចាប់តាំងពី​ការ​បង្ហាត់បង្រៀន​នៅ​តាម​សាកលវិទ្យាល័យ​សាធារណៈ​ រហូត​ដល់​ការ​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​ ក៏​ដូច​ជា​ស្ថាប័ន​មិន​ស្វែងរក​ប្រាក់​ចំណេញ​ផង​ដែរ​។​ តាម​រយៈ​បទ​ពិសោធន៍​នៅ​តាម​សាលា​ និង​អាជីព​របស់​គាត់​ លោក​ រតនា​ បាន​អភិវឌ្ឍ​ចំណាប់អារម្មណ៍​របស់​លោក​បន្ថែម​ទៅ​លើ​ប្រធានបទ​ជា​ច្រើន​ រួម​មានការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​ និង​ការ​ជម្រុញ​ភាព​អង់អាច​ក្លាហាន​ដល់​យុវជន​ ការ​រស់នៅ​ក្នុង​ទីក្រុង​ប្រកបដោយ​ចីរភាព​ អន្តរ​កម្ម​របស់​មនុស្ស​នៅ​យុគសម័យ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ និង​សុខភាព​សាធារណៈ​។​ អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ​ ដែល​លោក​ រតនា​ បាន​ចូលរួម​ក្នុង​ការ​បង្ការ​ជំងឺអេដស៍​ដល់​ប្រជាជន​កម្ពុជា​ដែល​ងាយ​ប្រឈម​នឹង​ជំងឺ​នេះ​ ប្រកបដោយ​វិជ្ជា​ជិ​វៈ​ ដោយ​លោក​បាន​ផ្តោត​សំខាន់​ពី​របៀប​ដែល​ព័ត៌មាន​ទំនាក់ទំនង​ដែល​មាន​ស្រាប់​ និង​ទើប​មក​ដល់​ថ្មី​ រួម​ទាំង​បច្ចេកវិទ្យា​នានា​ អាច​ពង្រីក​បន្ថែម​នូវ​គុណ​តម្លៃ​ដល់​ការងារ​ការ​បង្ការ​ជំងឺអេដស៍​តាម​អន​ឡាញ​ និង​នៅ​តាម​កម្រិត​សហគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​