សិក្ខាសាលា MyData4Children

​ប្រធានបទ​ MyData4Children​ ជា​សិក្ខាសាលា​ដ៏​ពិសេស​មួយ​នៅ​ក្នុង​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ២០២២​ ព្រោះ​វគ្គ​នេះ​ត្រូវ​បាន​រៀបចំ​ជា​ពិសេស​សម្រាប់​កុមារ​ប៉ុណ្ណោះ​ ដោយ​អ្នកចូលរួម​ដទៃ​ទៀត​និង​ឳ​ពុក​ម្ដាយ​ តម្រូវ​ឱ្យ​ចូលរួម​ក្នុង​បន្ទប់​ដាច់​ដោយឡែក​មួយទៀត​។​ យើង​មាន​សេចក្ដី​រីករាយ​ដែល​អាច​អញ្ជើញ​កុមារ​ចំនួន​១៩​នាក់​ ក្នុង​នោះ​មាន​ ស្រី​១១​នាក់​ ឱ្យមក​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ ដែល​ដឹកនាំ​ដោយ​លោក​ Jean​ F.​ Queralt​ នាយក​ប្រត្តិបត្តិ​នៃ​ The​ IO​ Foundation​ និង​លោក​ ញ៉ែ​ម​ ពិសិដ្ឋ​ បុគ្គលិក​មក​ពី​ APLE​ Cambodia​។​

​សិក្ខាសាលា​នេះ​ចាប់ផ្ដើម​ឡើង​ជាមួយនឹង​ការ​សួរ​សំនួរ​ចំនួន​៤​ដល់​កុមារ​។​ វាគ្មិន​របស់​យើង​បាន​លើកទឹកចិត្ត​ដល់​អ្នកចូលរួម​ចែករំលែក​ដោយ​សេរី​ពី​រឿង​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​មិន​សុវត្ថិភាព​នៅ​លើ​អ៊ីនធឺណិត​។​ ការ​ចែករំលែក​នេះ​បាន​ធ្វើ​ឡើង​ដោយ​សម្ងាត់​តាម​រយៈ​ការ​សរសេរ​ចម្លើយ​ទាំងអស់​ដោយ​មិន​បង្ហាញ​អត្តសញ្ញាណ​។​ សំនួរ​ទី​១​ នៅ​ក្នុង​សិក្ខាសាលា​នេះ​ផ្ដោត​លើ​សកម្មភាព​ដែល​កុមារ​ចូល​ចិត្ត​ធ្វើ​បំផុត​នៅ​លើ​អ៊ីនធឺណិត​។​ អ្នកចូលរួម​ភាគច្រើន​ឆ្លើយ​ថា​សកម្មភាព​ ដែល​គេ​ចូល​ចិត្ត​ធ្វើ​បំផុត​គឺ​ការ​ស្រាវជ្រាវ​មេរៀន​នានា​ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​។​ សំនួរ​ទី​២​ ចោទសួរ​កុមារ​អំពី​រឿង​ដែល​គួរ​ឱ្យ​ខ្លាច​នៅ​លើ​អ៊ីនធឺណិត​។​ ភាគច្រើន​ កុមារ​មានការ​ភ័យ​ខ្លាច​នៅ​ពេល​ដែល​អ្នក​ដទៃ​យក​រូបភាព​ពួក​គេ​ទៅ​កាត់ត​ក្នុង​គោលបំណង​មិនល្អ​ និង​ធ្វើ​រឿង​ដែល​បង្ករ​ជា​គ្រោះថ្នាក់​មក​លើ​ពួក​គេ​។​ សំនួរ​ទី​៣​ ផ្តោត​លើ​ថា​តើ​រឿង​នៅ​លើ​អ៊ីនធឺណិត​ណាខ្លះ​ ដែល​ធ្វើ​ឱ្យ​កុមារ​ខឹងសម្បារ​ ហើយ​ចម្លើយ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ មាតិកា​ ដែល​មិន​សមរម្យ​ និង​ព័ត៌មាន​មិន​ត្រឹមត្រូវ​។​ សម្រាប់​សំនួរ​ចុង​ក្រោយ​ អ្នកចូលរួម​ឆ្លើយ​ថា​ រឿង​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ធុញទ្រាន់​គឺ​ការ​ផ្ញើ​សារ​ឥត​បានការ​ ឬ​បោកប្រាស់​ ការ​ដែល​មិន​អាច​ស្វែងរក​របស់​ដែល​ពួក​គេ​ចង់បាន​នៅ​ក្នុង​អ៊ីនធឺណិត​ និង​ការ​ចំណាយពេល​ច្រើន​លើ​ប្រព័ន្ធ​អន​ឡាញ​។​ វាគ្មិន​និង​អ្នកចូលរួម​ផ្សេង​ទៀត​បាន​ចូលរួម​ចែករំលែក​បទ​ពិសោធន៍​ល្អ​និង​អាក្រក់​នៅ​លើ​អ៊ីនធឺណិត​ និង​ការ​ការពារ​ខ្លួន​ទាក់ទង​នឹង​ការ​លួងលោម​កុមារ​តាម​អន​ឡាញ​។​

​វាគ្មិន​ក៏​បាន​សួរ​សំនួរ​បិទ​មួយ​ចំនួន​ដល់​កុមារ​ផង​ដែរ​ រួម​មាន​សំនួរ​ទាក់ទង​នឹង​ការ​មាន​ទំនាក់ទំនង​ជាមួយ​ដៃគូ​ដែល​មាន​អាយុ​ច្រើន​ជាង​ ការ​ទទួល​បាន​មតិយោបល់​ច្រើន​លើសលប់​ពី​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​ផុ​ស្ត​ សំណើរ​សុំ​ចែករំលែក​ ឬ​ប្ដូរ​រូបភាព​ពី​ជន​ដទៃ​ និង​ការ​ទទួល​បាន​សារ​លើសលប់​ពី​នរណា​ម្នាក់​។​ បន្ទាប់​មក​ វាគ្មិន​របស់​យើង​បាន​ពន្យល់​ពី​សកម្មភាព​នានា​ ដែល​កុមារ​គួរតែ​ប្រយ័ត្ន​ពេល​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​។​

​វាគ្មិន​ ឳ​ពុក​ម្ដាយ​ និង​អ្នកចូលរួម​ផ្សេង​ទៀត​ បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​មួយទៀត​បន្ទាប់​ពី​បញ្ចប់​សិក្ខាសាលា​ជាមួយ​កុមារ​។​ លោក​ Dixon​ Siu​ ដែល​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ MyData​ Global​ បាន​ សម្របសម្រួល​កិច្ច​ពិភាក្សា​នេះ​ជាមួយ​លោក​ Jean​ F.​ Queralt​ និង​លោក​ ញ៉ែ​ម​ ពិសិដ្ឋ​ ជាមួយ​អ្នកចូលរួម​ចំនួន​១៤​នាក់​ (​ស្រី​ ៧​នាក់​)​ ។​ គោលបំណង​សំខាន់​នៃ​ការ​ពិភាក្សា​នេះ​ផ្ដោត​លើ​ការ​ណែនាំ​និង​ការពារ​កុមារ​ និង​បញ្ហា​ប្រឈម​ដែល​ឳ​ពុក​ម្ដាយ​ជួប​ប្រទះ​ទាក់ទង​នឹង​អាកប្បកិរិយា​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​របស់​កុមារ​។​

​ការ​លួងលោម​កុមារ​តាម​អន​ឡាញ​តាម​រយៈ​ឳ​ពុក​ម្ដាយ​អាច​កើតឡើង​ក្រោម​រូបភាព​ជា​ច្រើន​ដូច​ជា​ការ​លើក​សរសើរ​តាម​បណ្ដាញ​ទំនាក់​ទ​ន​ង​សង្គម​ពី​គ្រួសារ​និង​របៀប​ចិញ្ចឹម​បីបាច់​កូន​ ការ​សួរនាំ​និង​បង្ហាញ​ចំណាប់អារម្មណ៍​ទៅ​លើ​កូនៗ​របស់​ពួក​គេ​ និង​ការ​ព្យាយាម​បង្កើត​ទំនាក់ទំនង​មនោសញ្ចេតនា​ជាដើម​។​

​សិក្ខាសាលា​នេះ​បញ្ចប់​ទៅ​ប្រកបដោយ​កិច្ច​ពិភាក្សា​ដ៏​មាន​ផ្លែផ្កា​អំពី​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​កុមារ​ដោយ​បើក​ទូលាយ​តាម​រយៈ​ការ​រៀន​ប្រើប្រាស់​បច្ចេកវិទ្យា​ជាមួយ​គ្នា​ ការ​ឈ្វេងយល់​ពី​ព័ត៌មាន​រសើប​ទាក់ទង​នឹង​កុមារ​ ដែល​បាន​ចែករំលែក​នៅ​សាលា​ និង​ការ​ស្នើរ​សុំ​ការ​យល់ព្រម​ពី​កុមារ​ជា​មុន​សិន​មុន​នឹង​បង្ហោះ​រូបភាព​ពួក​គេ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​។​

​ដោយហេតុ​ថា​កុមារ​ងាយ​នឹង​រង​គ្រោះ​យ៉ាង​ខ្លាំង​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ ដូចនេះ​ទិន្នន័យ​និង​បទ​ពិសោធន៍​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ពួក​គេ​គួរតែ​ត្រូវ​ថែទាំ​ដោយ​មានការ​យកចិត្តទុកដាក់​។​ ការ​ការពារ​កុមារ​គឺជា​ទំនួល​ខុស​ត្រូវ​របស់​ឳ​ពុក​ម្ដាយ​ ប៉ុន្តែ​នៅ​ក្នុង​ប្រព័ន្ធ​ឌី​ជី​ថ​ល​ ឳ​ពុក​ម្ដាយ​មិន​មាន​លទ្ធភាព​មើលថែ​កូនៗ​របស់​គេ​ឳ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​។​ ដូច្នេះ​ ការ​សិក្សា​ពី​អក្ខរកម្ម​ទិន្នន័យ​និង​ឌី​ជី​ថ​ល​ពិតជា​មាន​សារសំខាន់​។​ ការ​យល់ចិត្ត​ និង​ស្និត​ស្នាល​ជាមួយ​កុមារ​អាច​ធ្វើ​ឱ្យ​កុមារ​បើក​ចិត្ត​និយាយ​រឿងរ៉ាវ​នានា​ប្រាប់​ឳ​ពុក​ម្ដាយ​ ដូច្នេះ​ឳ​ពុក​ម្ដាយ​អាច​ដឹង​ពី​សកម្មភាព​នានា​របស់​កូន​។​ នេះ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​បង្ការ​ការ​លួងលោម​កុមារ​តាម​អន​ឡាញ​។​ អ្នកចូលរួម​ម្នាក់​បាន​លើក​ឡើង​ថា​ «​ឳ​ពុក​ម្ដាយ​គួរតែ​កំណត់​ពី​រយៈពេល​ប្រើប្រាស់​ទូរស័ព្ទ​របស់​កូនៗ​ និង​គួរតែ​នាំ​ពួក​គេ​ទៅ​ដើរ​កំសាន្ត​នៅ​ខាងក្រៅ​វិញ​»​។​