ការបើកកម្មវិធី កម្ពុជា អាយស៊ីធីខែម
អង្គការទិន្នន័យអំពីការអភិវឌ្ឍមានកិត្តិយសក្នុងការរៀបចំកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០១៨ លើកដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ កម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០១៨ រយៈពេល៥ថ្ងៃនេះ ផ្តោតសំខាន់ទៅលើប្រធានបទធំៗចំនួន ៤ ដូចជា កម្មវិធីប្រភពកូដបើកទូលាយសម្រាប់ភាពល្អប្រសើរ ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គំនិតច្នៃប្រឌិតសម្រាប់សង្គម និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ នៅក្នុងកម្មវិធីនេះមានកម្មវិធីចម្រុះជាច្រើនដូចជា សិក្ខាសាលា វគ្គប្រឹក្សាយោបល់ ការបង្រៀន ទស្សនកិច្ចសិក្សា ដែលមានគោលបំណងសំខាន់ សម្រាប់ផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការរៀនសូត្រ និងយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាដោយសុវត្ថិភាព ដើម្បីដោះស្រាយបញ្ហាសង្គម និងបរិស្ថាននៅក្នុងសហគមន៍របស់ពួកគេ។
លោក ធី ទ្រី នាយកប្រតិបតិ្ត នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចាប់ផ្តើមកម្មវិធីនេះជាមួយសុន្ទរកថាស្វាគមន៍កម្មវិធី ដើម្បីស្វាគមន៍អ្នកចូលរួម និងភ្ញៀវកិត្តិយស ដែលអញ្ជើញមកពី ក្រសួង ដៃគូនៃ Open Development Mekong ស្ថាប័នឯកជន ស្ថាប័នសារព័ត៌មាន វាគ្មិន និស្សិតសាកលវិទ្យាល័យ និងអ្នកស្ម័គ្រចិត្ត។ លោកទ្រី ក៏បានថ្លែងនូវប្រវត្តិសង្ខេបរបស់កម្មវិធីអាយស៊ីធីខែមផងដែរ។ ក្នុងឆ្នាំ២០១៥ លោក ទ្រី បានចូលរួមកម្មវិធី មេគង្គអាយស៊ីធីខែមដំបូងបង្អស់ ដែលបើកសម្រាប់អ្នកចូលរួមមកពីប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ ហើយចាប់តាំងពីពេលនោះមក កម្មវិធីនេះបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ។ នៅឆ្នាំ២០១៨នេះ លោក ទ្រី និងក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ បានខិតខំប្រឹងប្រែងបង្កើតកម្មវិធី កម្ពុជាអាយស៊ីធីខែម ដែលយកលំនាំតាមកម្មវិធី មេគង្គអាយស៊ីធីខែម។ កម្មវិធីនេះត្រូវបានបង្កើតឡើងយ៉ាងពិសេស ដើម្បីបំពេញតម្រូវការរបស់សហគមន៍ ICTនៃប្រទេសកម្ពុជា និងដើម្បីផ្តល់ជាឱកាសសម្រាប់ពួកគាត់ក្នុងការសិក្សា យល់ដឹងបន្ថែម និងពង្រឹងជំនាញរបស់ខ្លួន។
នៅក្នុងថ្ងៃដំបូងនេះ វាគ្មិនសំខាន់ៗរបស់យើងមានដូចជា អ្នកស្រី Pyrou Chung ដែលនឹងធ្វើបទបង្ហាញខ្លីៗអំពី ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព អ្នកស្រី Puangchomphu Rammuang និយាយអំពី គំនិតច្នៃប្រឌិតសម្រាប់សង្គម និង លោក Norbert Klein និយាយអំពី កម្មវិធីប្រភពកូដបើកទូលាយសម្រាប់ភាពល្អប្រសើរ។ នៅក្នុងសុន្ទរកថារបស់អ្នកស្រី បានអំពាវនាវយ៉ាងខ្លាំងក្លាក្នុងការចូលរួមបើកទូលាយទិន្នន័យ ដើម្បីលើកកម្ពស់ការដាក់បញ្ចូល និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព។ អ្នកស្រីបានផ្តោតជាពិសេសទៅលើសារៈសំខាន់នៃទិន្នន័យ ដើម្បីបង្ហាញ និងលើកកម្ពស់តម្រូវការនៃការចូលរួមរបស់ស្ត្រី។ អ្នកស្រីបានថ្លែងថា៖ “វិសមភាពបានកើតមានឡើងហើយ ហើយយើងត្រូវការប្រមូលផ្តុំទិន្នន័យបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាវិសមភាពទាំងនេះ”។ អ្នកស្រីបានបញ្ចប់សុន្ទរកថា ដោយលើកទឹកចិត្តឱ្យស្ត្រីនិយាយជាមួយអ្នករៀបចំកម្មវិធី ដើម្បីបញ្ជាក់ឱ្យច្បាស់ថា តើប្រភេទទិន្នន័យណាដែលស្ត្រីត្រូវការ ដើម្បីចូលរួមក្នុងការអភិវឌ្ឍ និងបន្តគោលដៅរបស់ពួកគាត់។
បន្ថែមពីនេះទៀត អ្នកស្រី Puangchomphu Rammuang ក៏បានសង្កត់ធ្ងន់លើតួនាទីរបស់ប្រជាជន ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសរបស់ខ្លួន។ ក្នុងនាមជាអ្នកតំណាងអង្គការ Thai Fund Foundation អ្នកស្រី Puangchomphu Rammuang បានចែករំលែកពីសារៈសំខាន់នៃគំនិតច្នៃប្រឌិតផ្នែកសង្គម នៅក្នុងបេសកកម្មនៃអង្គការរបស់អ្នកស្រី។
ជាចុងក្រោយ លោក Norbert Klein បានគូសបញ្ជាក់ពីសក្តានុពលនៃកម្មវិធីប្រភពកូដបើកទូលាយ។ លោកបានស្នើថា អ្នកចូលរួមគួរចំណាយលុយរបស់ស្ថាប័នរបស់ពួកគេ ដើម្បីបន្តបុព្វហេតុរបស់ស្ថាប័ន មិនមែនចំណាយលុយទៅលើការទិញកម្មវិធីនោះទេ។ យុទ្ធនាការប្រភពកូដបើកទូលាយ គឺជាសហគមន៍អ្នកសរសេរកម្មវិធីកូដដ៏មានឥទ្ធិពល ក្នុងការធ្វើការដើម្បីបង្កើតកូដបើកទូលាយសម្រាប់សាធារណៈជន។ សុន្ទរកថាទាំងនេះបានបើកជាគំនិត និងផ្សារភ្ជាប់អ្នកចូលរួមទៅក្នុងប្រធានបទ ដែលនឹងត្រូវលើកមកពិភាក្សានៅក្នុងកម្មវិធី កម្ពុជាអាយស៊ីធីខែម ឆ្នាំ២០១៨ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ កម្មវិធី កម្ពុជាអាយស៊ីធីខែម ឆ្នាំ២០១៨នេះ គឺជាឱកាសដ៏ល្អសម្រាប់អ្នកចូលរួម ដើម្បីធ្វើការសិក្សាយល់ដឹងបន្ថែមអំពីប្រធានបទសំខាន់ៗខាងលើ និងយកចំនេះដឹងទាំងអស់ទៅអនុវត្តក្នុងការដោះស្រាយបញ្ហាដែលធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍរបស់ពួកគេ។
សុន្ទរកថាចុងក្រោយនៃកម្មវិធីបើកថ្ងៃនេះ ត្រូវបានផ្តល់ដោយលោក លោក ម៉ុក ខេមរា ប្រធាននាយកដ្ឋានរដ្ឋាភិបាលអេឡិកត្រូនិច នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោកខេមរា បានធ្វើការកត់សម្គាល់ថា សមត្ថភាពនៃទិន្នន័យបើកទូលាយ និងការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត មានឥទ្ធិពលខ្លាំងណាស់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេស។ លោកក៏បានលើកពីសារៈសំខាន់នៃកម្មវិធីនេះ ដោយបញ្ជាក់ថា “ទិន្នន័យបើកទូលាយមានសារៈសំខាន់សម្រាប់ទាំងអ្នកមាន និងអ្នកក្រ”។ លោកបានបន្ថែមថា យើងបានមកជួបគ្នានៅកម្មវិធី អាយស៊ីធីខែម លើកដំបូងបង្អស់របស់ប្រទេសកម្ពុជា ដើម្បីជម្រុញគំនិតច្នៃប្រឌិតសម្រាប់សង្គម កម្មវិធីប្រភពកូដបើកទូលាយសម្រាប់ភាពល្អប្រសើរ ទិន្នន័យបើកទូលាយ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ លោកក៏បានបញ្ចប់សុន្ទរកថារបស់លោក ដោយការអំពាវនាវឱ្យអ្នកចូលរួមទាំងអស់ធ្វើការជាមួយរដ្ឋាភិបាល ដើម្បីលើកកម្ពស់គំនិតទាំងនេះ ដើម្បីបង្កើនប្រសិទ្ធភាពរបស់រដ្ឋាភិបាល ក៏ដូចជាបន្ថែមកិច្ចអភិវឌ្ឍន៍របស់ខ្លួន និងលើកកម្ពស់គោលការណ៍រដ្ឋាភិបាលអេឡិចត្រូនិក និងនាំប្រទេសកម្ពុជាឱ្យមានអនាគតដ៏ប្រសើរ។
កម្មវិធី កម្ពុជាអាយស៊ីធីខែម នៅឆ្នាំនេះ មានអ្នកចូលរួមយ៉ាងច្រើនកុះករដែលមកពីស្ថាប័នចម្រុះ។ កម្មវិធីនេះមានសិក្ខាកាមចូលរួមជាង ៩០នាក់ ដែលមកពីស្ថាប័នអភិវឌ្ឍន៍ សហគ្រិន អ្នកកាសែត បុគ្គលិកសុខាភិបាល អ្នកឯកទេសកសិកម្ម និស្សិត និងបុគ្គលិកវិស័យឯកជន។ ក្នុងរយៈពេល ៥ថ្ងៃនេះ សិក្ខាកាមនឹងចូលរួមសិក្ខាសាលាស្តីពី ទិន្នន័យបើកទូលាយ ការប្រមូលទិន្នន័យ សន្តិសុខបច្ចេកវិទ្យា និងទិន្នន័យធំ ដើម្បីរចនាគំនិត សហគ្រិនភាពសង្គម និងបណ្តាញសង្គម។ អ្នកចូលរួមនឹងមានឱកាសយកមេរៀនដែលគាត់បានរៀន ទៅអនុវត្តទៅលើបញ្ហាដែលអង្គការ ឬសហគមន៍របស់គាត់កំពុងជួបប្រទះ។ តាមរយៈវគ្គបណ្ដុះបណ្ដាលគំរូ ឱកាសប្រឹក្សាយោបល់ គំនូរព្រាង និងទស្សនកិច្ចសិក្សា អ្នកចូលរួមនឹងអាចប្រើប្រាស់ខែមនេះ ជាឧបករណ៍ដ៏មានសំខាន់មួយ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ពួកគាត់។