សុន្ទរកថាបើករបស់លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ
សុន្ទរកថាដោយ លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ
អំឡុងពិធីប្រកាសបើក
កម្មវិធីកម្ពុជាអាយស៊ីធីខែម លើកទីមួយ ឆ្នាំ ២០១៨
នៅសណ្ឋាគារសុខាសៀមរាប ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៨
ភ្ញៀវកិត្តិយស លោក លោកស្រី អ្នកនាង កញ្ញា សូមគោរព៖
- លោក ម៉ុក ខេមរា ប្រធាននាយកដ្ឋានរដ្ឋាភិបាលអេឡិកត្រូនិច និងជាតំណាងនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- លោក Norbert Klein ក្រុមប្រឹក្សាភិបាលរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ
- អ្នកស្រី Pyrou Chung ទីប្រឹក្សាជាន់ខ្ពស់នៃគម្រោងកិច្ចផ្តួចផ្តើមទិន្នន័យបើកទូលាយដើម្បីការអភិវឌ្ឍ (ODI) របស់អង្គការវិទ្យាស្ថានគ្រប់គ្រងបូព៌ាបញ្ចឹម (EWMI)
- អ្នកស្រី Puangchomphu Rammuang អ្នកគ្រប់គ្រងផ្នែកកៀរគរធនធាននៃ អង្គការ Thai Fund Foundation
- ព្រមទាំងអ្នកចូលរួមនៅក្នងកម្មវិធីកម្ពុជាអាយស៊ីខែមឆ្នាំ ២០១៨នេះទាំងអស់
អរុណសួស្តីអ្នកទាំងអស់គ្នា!
- ជំរាបសួរ
- សាវ៉ាសឌី ក្រាប
- សា បាយ ឌី
- មីហ្គាឡាបា
- សេឡាម៉ាត ផាជី
- នី ហោ
ជាបឋម តាងនាមអោយគណៈកម្មាធិការនៃកម្មវិធីកម្ពុជាអាយស៊ីខែមឆ្នាំ ២០១៨ និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ខ្ញុំបាទសូមធ្វើការថ្លែងអំណរគុណដល់ លោក ម៉ុក ខេមរា តំណាងដ៏ខ្ពង់ខ្ពស់នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រាប់វត្តមានរបស់លោក ដើម្បីថ្លែងសុន្ទករថាបើកកម្មវិធីកម្ពុជាអាយស៊ីធីខែមលើកទីមួយជាមួយយើងខ្ញុំទាំងអស់គ្នានៅថ្ងៃនេះ។
ខ្ញុំពិតជាមានក្តីរំភើបឥតឧបមា ដែលបានជួបជាមួយមិត្តភក្តិថ្មីៗ និងវាគ្មិននានា នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាមកពីប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងតៃវ៉ាន់ នៅក្នុងកម្មវិធីកម្ពុជាអាយស៊ីធីខែមនេះ ជាពិសេសតំណាងនៃក្រុមទទួលបានពានរង្វាន់មូលនិធិគ្រាប់ពូជច្នៃប្រឌិតនៅក្នុងកម្មវិធីមេគង្គអាយស៊ីធីខែមកាលពីឆ្នាំ ២០១៧ ដែលពួកគេនឹងមកធ្វើការចែករំលែកអំពីភាពជោគជ័យនៃការអនុវត្តគម្រោងរបស់ខ្លួន។ អ្នកទាំងអស់គ្នានឹងបានស្តាប់អំពីរឿងរ៉ាងរបស់ពួកគេកាលពីនៅក្នុងអំឡុងពេលចូលរួមកម្មវិធីមេគង្គអាយស៊ីធីខែមរយៈពេលប្រាំថ្ងៃផងដែរ។ ពួកគេសុទ្ធតែជាអ្នកជំនាញ ដែលមកពីសហគមន៍ព័ត៌មានវិទ្យា និងទំនាក់ទំនង អង្គការសង្គមស៊ីវិល រដ្ឋាភិបាល សាកលវិទ្យាល័យ និងវិស័យឯកជន។
ភ្ញៀវកិត្តិយស លោក លោកស្រី អ្នកនាង កញ្ញា
ខ្ញុំសុំអនុញ្ញាតយកឱកាសនេះ ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមអ្នកសម្របសម្រួល វាគ្មិន ក្រុមអ្នកស្ម័គ្រចិត្ត ជាពិសេសសមាជិកសមាជិកានៃគណៈកម្មធិការកម្មវិធីកម្ពុជាអាយស៊ីធីខែម រួមទាំងក្រុមការងារអូឌីស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាក្នុងការងារនេះជាមួយយើងតាំងពីដំបូងនៃដំណាក់កាលធ្វើផែនការ រហូតបន្តមានវត្តមាននៅទីនេះដើម្បីប្រព្រឹត្តកម្មវិធីនេះជាមួយគ្នា បើទោះបីជាអ្នកទាំងអស់គ្នាមមារញឹកនឹងការទទួលខុសត្រូវភារៈកិច្ចនៅស្ថាប័នរបស់ខ្លួនយ៉ាងណាក៏ដោយ។ យើងខ្ញុំពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះការលះបង់របស់អ្នកទាំងអស់គ្នា។
ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមធ្វើការចែករំលែកជាមួយអ្នកទាំងអស់គ្នាអំពីដំណើរនៃការរៀបចំឱ្យមានកម្មវិធីកម្ពុជាអាយស៊ីធីខែមឆ្នាំ ២០១៨ មួយនេះ។ កាលពីឆ្នាំ ២០១៥ ខ្ញុំបានទៅចូលរួមកម្មវិធីមេគង្គអាយស៊ីធីខែមជាលើកដំបូង ក្នុងនាមជាអ្នកចូលរួមម្នាក់ ជាមួយនឹងអ្នកចូលរួមដទៃទៀតដែលមកពីបណ្តាប្រទេសនៃអនុតំបន់ទន្លេមេគង្គ។ នៅអំឡុងពេលចូលរួមនោះ ខ្ញុំបានសម្លឹងឃើញពីសក្តានុពលដើម្បីប្រារព្ធព្រឹត្តិការណ៍បែបនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ហើយខ្ញុំបានចាប់ផ្តើមពិភាក្សាពីរបៀបក្នុងការនាំយកព្រឹត្តិការណ៍មួយនេះមកកាន់ទីនេះ។ យើងបានធ្វើការឆ្លុះបញ្ចាំងអំពីលក្ខខណ្ឌតម្រូវនានានៃទីកន្លែង និងសមត្ថភាពដែលត្រូវការចាំបាច់ដើម្បីដំណើរការកម្មវិធីនេះ។
តាមរយៈការពិភាក្សាជាបន្តបន្ទាប់មក នៅក្នុងឆ្នាំ ២០១៧ ក្រុមការងារអូឌីស៊ី ត្រូវបានលើកទឹកចិត្តដោយ Thai Fund Foundation និងគណៈកម្មាធិការនៃកម្មវិធីមេគង្គអាយស៊ីធីខែម ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីមេគង្គអាយស៊ីធីខែមលើកទី ៥ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វាគឺជាលើកទីមួយ និងដំបូងបង្អស់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធនៅក្រៅព្រះរាជាណាចក្រថៃ។ តាមរយៈសមិទ្ធិផលនៃកម្មវិធីមេគង្គអាយស៊ីធីខែម ដែលបានប្រារព្ធទៅ ប្រកបដោយភាពជោគជ័យយ៉ាងខ្លាំងកាលពីឆ្នាំ ២០១៧ យើងពិតជាមានក្តីសោមនស្សរីករាយ ក្នុងការរៀបចំ និងស្វាគមន៍អ្នកទាំងអស់គ្នា មកកាន់កម្មវិធីកម្ពុជាអាយស៊ីធីខែមលើកទីមួយនេះ។ យើងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងចូលរួមធ្វើអោយកម្មវិធីខែមមួយនេះក្លាយទៅជាព្រឹត្តិការណ៍ដែលនឹងដំណើរការទៅជាទៀតទាត់។
គោលបំណងនៃកម្មវិធីកម្ពុជាអាយស៊ីធីខែមលើកទីមួយ ឆ្នាំ២០១៨ នេះគឺ ដើម្បី៖
- បង្កើត ពង្រីក និងគាំទ្របណ្តាញនៃការបង្ហាត់បង្រៀនគ្នាទៅវិញទៅមក និងកន្លែងសម្រាប់រៀនសូត្រ ដែលបង្កើតជាបណ្តាញថ្នាក់ជាតិមួយ ដែលផ្តោតលើបច្ចេកវិទ្យាបើកទូលាយ និងបញ្ហាសិទ្ធិឌីជីថល ដោយមានការពិគ្រោះយោបល់ ការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកធនធាន ជាមួយអ្នកជំនាញ អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ និងអ្នកអនុវត្តន៍សហគមន៍។
- ចងក្រងឯកសារអំពីបញ្ហា និងការអនុវត្តថ្នាក់ជាតិ សម្រាប់ចែករំលែកជាមួយអ្នកអភិវឌ្ឍបច្ចេកវិទ្យា អ្នកស្រាវជ្រាវ អ្នកបណ្តុះបណ្តាល និងសហគមន៍សិទ្ធិឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យាបើកទូលាយ កម្មវិធីប្រភពបើកទូលាយ និងស្តង់ដារបើកទូលាយ ដែលផ្តល់ដល់ក្រុមគោលដៅនូវបណ្តាញមួយដ៏រឹងមាំ និងអាចទុកចិត្តបាន។
- លើកកម្ពស់តួនាទីរបស់ហេដ្ឋារចនាសម្ព័ន្ធផ្នែកបច្ចេកវិទ្យាប្រកបដោយចីរភាព ដែលជួយបង្កើនសមត្ថភាពក្នុងការសម្រេចចិត្តដោយផ្អែកលើភស្តុតាង និងមានប្រសិទ្ធិភាព ដោយប្រើប្រាស់ទិន្នន័យបើកទូលាយសម្រាប់គំនិតច្នៃប្រឌិតសម្រាប់សង្គម។
ភ្ញៀវកិត្តិយស លោក លោកស្រី អ្នកនាង កញ្ញា
ឆ្នាំនេះ កម្មវិធីកម្ពុជាអាយស៊ីធីខែម ២០១៨ នឹងធ្វើការផ្តោតសំខាន់ទៅលើប្រធានបទចំនួនបួន៖ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត កម្មវិធីប្រភពកូដបើកទូលាយសម្រាប់ភាពល្អប្រសើរ ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងគំនិតច្នៃប្រឌិតសម្រាប់សង្គម។
ជាថ្មីម្តងទៀត កម្មវិធីអាយស៊ីធីខែមឆ្នាំ ២០១៨ នេះ ពិតជាមិនអាចដំណើរការបានទេ ប្រសិនបើមិនមានការជួយគាំទ្រពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USIAD) គម្រោង Development Innovations (DI) និងគម្រោងកិច្ចផ្តួចផ្តើមទិន្នន័យបើកទូលាយដើម្បីការអភិវឌ្ឍ (ODI)នៃអង្គការវិទ្យាគ្រប់គ្រងបូព៌ាបញ្ចឹម (EWMI)។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងនាំយកលទ្ធផលនៃការចូលរួមកម្មវិធីខែមនេះទៅអនុវត្តនៅក្នុងការរស់នៅប្រចាំថ្ងៃ ក្នុងអង្គការ និងក៏ដូចជានៅក្នុងស្ថាប័នរបស់ខ្លួន។
ខ្ញុំសង្ឃឹមថា ការស្នាក់នៅរបស់អ្នកទាំងអស់គ្នានឹងប្រកបដោយផាសុខភាព ព្រមទាំងរីករាយជាមួយបដិសណ្ឋារកិច្ចនៅទីនេះ ក្នុងអំឡុងពេលចូលរួមព្រឹត្តិការណ៍ដ៏ពិសេសមួយនេះនៅក្នុងប្រទេសកម្ពុជា។ ហើយខ្ញុំក៏សង្ឃឹមដែរថា អ្នកនឹងរីករាយជាមួយកម្មវិធីខែមនេះច្រើនដូចជាអ្នកទាំងអស់គ្នានៅទីនេះរីករាយនឹងមានវត្តមានរបស់អ្នកក្នុងកម្មវិធីខែមនេះដែរ។
ជាចុងក្រោយ ខ្ញុំសូមគោរពជូនពរដល់ ភ្ញៀវកិត្តិយស លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងសុភមង្គល។
ខ្ញុំសង្ឃឹមថា អ្នកទាំងអស់នឹងរីករាយជាមួយកម្មវិធីខែមនេះ ហើយខ្ញុំជឿជាក់ថា អ្នកចូលរួមយើងដែលមកពីក្រៅប្រទេសក៏នឹងមានភាពសប្បាយរីករាយក្នុងការស្នាក់នៅក្នុងខេត្តសៀមរាបនេះផងដែរ។
សូមអរគុណ!
