សុន្ទរកថា​បើក​របស់​លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​

សុន្ទរកថា​បើក​ដោយ​ លោក​ ធី​ ទ្រី​
​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ សហ​ស្ថាបនិក​ និង​តំណាង​គណកម្មាធិការ​ប្រឹក្សា​យោបល់​ កម្មវិធី​ កម្ពុជា​ អាស៊ី​ធី​ខែ​ម​ ២០២២

ក្នុងពិធីពិសារអាហារស្វាគមន៍ពេលល្ងាច

​ឯកឧត្តម​ លោក​ លោកស្រី​ អ្នក​នាង​ កញ្ញា​ ជាទី​មេត្រី​!
​អ្នកចូលរួម​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០២២​ ទាំងអស់​!

​ខ្ញុំបាទ​ឈ្មោះ​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ សហ​ស្ថាបនិក​ និង​តំណាង​គណកម្មាធិការ​ប្រឹក្សា​យោបល់​កម្មវិធី​ កម្ពុជា​ អាស៊ី​ធី​ខែ​ម​ ២០២២​។​

​សាយណ្ហ​សួស្តី​ និង​សូម​អរគុណ​អ្នក​ទាំងអស់​គ្នា​ដែល​បាន​ទទួល​ការ​អញ្ជើញ​របស់​ពួក​យើង​ ហើយ​មក​កាន់ការ​ពិសារ​អាហា​ពេល​ល្ងាច​ក្នុង​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​។​ ខ្ញុំ​រីករាយ​ស្វាគមន៍​វត្តមាន​របស់​អ្នក​ទាំងអស់​គ្នា​ ហើយ​អរគុណ​ជា​ពិសេស​ចំពោះ​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ពី​ចម្ងាយ​។​

​ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ជួប​អ្នក​ទាំងអស់​គ្នា​នៅ​ទី​នេះ​ ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា​យើង​នឹង​ចំណាយពេល​ពីរ​បី​ថ្ងៃ​បន្ទាប់​នេះ​រួម​គ្នា​ចែករំលែក​ចំណេះដឹង​របស់​យើង​អំពី​ទិន្នន័យ​បើក​ទូលាយ​ សន្តិសុខ​ឌី​ជី​ថ​ល​ និង​សារព័ត៌មាន​ទិន្នន័យ​។​ យើង​បាន​ទន្ទឹងរង់ចាំ​ចូលរួម​ខែ​ម​នេះ​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​ដោយសារ​តែ​ជំងឺ​រាតត្បាត​ កូ​វិ​ដ​-១៩​ ទើប​យើង​មិន​អាច​រៀបចំ​បាន​។​ ឥឡូវនេះ​ ករណី​ជំងឺ​កូ​វិ​ដ​-១៩​ ពុំ​មានការ​កើនឡើង​ថ្មី​នោះ​ទេ​ ដែល​ទីបំផុត​យើង​បាន​មក​ជួប​គ្នា​នៅ​ទី​នេះ​ដោយ​ផ្ទាល់​។​ អាច​និយាយ​បាន​ថា​យើង​ជា​អ្នក​ដំបូង​គេ​ដែល​បាន​មក​ទស្សនា​ប្រាសាទអង្គរវត្ត​ដែល​ជាទី​តាំង​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ជំងឺ​រាតត្បាត​បាន​ស្ងប់ស្ងាត់​។​

​ជា​ថ្មី​ម្តងទៀត​ ខ្ញុំ​សូម​អបអរសាទរ​ដល់​អ្នក​ទាំងអស់​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​ 2022​។​ «​ទាំងអស់​គ្នា​ យើង​អាច​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​ព័ត៌មាន​ឌី​ជី​ថ​ល​ដែល​មាន​សុវត្ថិភាព​និង​បរិ​យា​បន្ន​»​។​ ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​នៃ​ការ​ប្រើប្រាស់​ អក្ខរកម្ម​ និង​វប្បធម៌​ឌី​ជី​ថ​ល​គឺជា​អាទិភាព​ចម្បង​សម្រាប់​ផែនការ​យុទ្ធសាស្ត្រ​ឌី​ជី​ថ​ល​របស់​កម្ពុជា​និង​អាស៊ាន​ នៅ​ថ្ងៃ​អនាគត​។​ ការ​ចែករំលែក​ចំណេះដឹង​តាម​រយៈ​ព្រឹត្តិការណ៍​ដូច​ជា​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ នេះ​នឹង​ពង្រឹងសមត្ថភាព​របស់​កម្ពុជា​ក្នុង​ការពារ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ ពង្រឹង​សេដ្ឋកិច្ច​ដើម្បី​បន្ត​ការ​ប្រកួតប្រជែង​ជាស​កល​ កាត់​បន្ថយ​គម្លាត​ចំណេះដឹង​ឌី​ជី​ថ​ល​ រៀបចំ​និង​ការពារ​មនុស្ស​ជំនាន់​ក្រោយ​ពី​ការ​វាយប្រហារ​នានា​តាម​អ៊ីនធឺណិត​។​ ខ្ញុំ​ជឿជាក់​ថា​ការ​ចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ពិត​មាន​សារៈសំខាន់​ណាស់​ ហើយ​យើង​អាច​ចែករំលែក​ចំណេះដឹង​ដែល​ទទួល​បាន​នៅ​ទី​នេះ​ទៅ​កាន់​សហគមន៍​របស់​យើង​ ខេត្ត​របស់​យើង​ ស្ថាប័ន​របស់​យើង​ និង​ទូ​ទាំង​ប្រទេស​ផង​ដែរ​។​

​ការ​ជួបជុំ​ល្ងាច​នេះ​គឺជា​របៀប​វី​រៈ​សំខាន់​មួយ​របស់​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ២០២២​។​ ខ្ញុំ​ពិតជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​ដែល​បាន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ឱកាស​នេះ​ ជាមួយ​ភ្ញៀវ​កិត្តិយស​និង​សហការី​ អតីត​អ្នកចូលរួម​កម្មវិធី​ មេគង្គ​ អាយ​ស៊ី​ធី​ខែ​ម​ និង​អតីត​អ្នកចូលរួម​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​។​

​កម្មវិធី​យប់​នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ​។​ យើង​នឹង​បាន​ជួប​និង​ស្គាល់គ្នា​ បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នកចូលរួម​ដែល​មក​ពី​ស្ថាប័ន​ផ្សេងៗ​គ្នា​ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​មក​ពី​អង្គការ​សង្គម​ស៊ី​វិល​ វិស័យ​ឯកជន​ សមាជិក​មន្ត្រី​រាជរដ្ឋាភិបាល​ និស្សិត​សាកលវិទ្យាល័យ​ និង​អ្នក​សារព័ត៌មាន​។​ សូម​រីករាយ​ទស្សនា​របាំ​អប្សរា​ ការ​សម្តែង​ដោយ​អ្នកចូលរួម​ និង​ពិសារ​អាហារ​ស្វាគមន៍​ពេល​ល្ងាច​ដ៏​រីករាយ​។​

​ក្នុង​រយៈពេល​បី​ថ្ងៃ​បន្ទាប់​នៃ​កម្មវិធី​ខែ​ម​ អ្នក​ទាំងអស់​គ្នា​នឹង​មានឱកាស​ជា​ច្រើន​ដើម្បី​សិក្សា​ឈ្វេងយល់​ពី​អ្នកជំនាញ​របស់​យើង​ ដែល​នឹង​រៀបចំ​សិក្ខាសាលា​ពី​ប្រធានបទ​ឌី​ជី​ថ​ល​ក្នុង​វិស័យ​ផ្សេងៗ​ ការ​ពិភាក្សា​ជា​ក្រុម​ ហេ​ក​កា​តុ​ន​ (Hackathon)​ និង​ការ​អនុវត្ត​ជាក់ស្ដែង​ជាមួយ​អ្នក​ទាំងអស់​គ្នា​។​

​ខ្ញុំ​រីករាយ​ដែល​បាន​ចែករំលែក​មតិ​ឆ្លុះ​បញ្ចាំង​ និង​ទស្សនៈ​របស់ខ្ញុំ​ក្នុងថ្ងៃនេះ​។​ តាង​នាម​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​ គណកម្មាធិការ​ប្រឹក្សា​យោបល់​ ខ្ញុំ​សូម​ស្វាគមន៍​អ្នក​ទាំងអស់​គ្នា​ជា​ផ្លូវការ​មក​កាន់​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ២០២២​។​ ចាប់ពី​ពេល​នេះ​តទៅ​ អ្នក​ទាំងអស់​គ្នា​នឹង​ក្លាយជា​អ្នកចូលរួម​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ដែល​ជា​ផ្នែក​មួយ​នៃ​សហគមន៍​អាយ​ស៊ី​ធី​ខែ​ម​!

​ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ​ថ្លែងអំណរគុណ​ចំពោះ​ស្ថានទូត​ព្រះរាជាណាចក្រ​ហូ​ឡង់​ប្រចាំ​ទីក្រុង​បាងកក​ និង​ដៃគូ​ផ្សេង​ទៀត​ដែល​បាន​គាំទ្រ​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០២២​នេះ​។​

​ជា​ថ្មី​ម្តងទៀត​ ខ្ញុំ​សូម​អរគុណ​អ្នក​ទាំងអស់​គ្នា​ដែល​បាន​មក​កាន់​ពិធី​ពិសារ​អាហារ​ស្វាគមន៍​ពេល​ល្ងាច​នេះ​ ហើយ​សង្ឃឹមថា​អ្នក​នឹង​រីករាយ​ជាមួយនឹង​បដិសណ្ឋារកិច្ច​របស់​យើង​។​

​សូម​អរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​អ្នក​។!