កម្មវិធីផ្ញើសារដែលមានសន្តិសុខ

ការ​ប្រើប្រាស់​កម្មវិធី​ផ្ញើ​សារ​អន​ឡាញ​គឺជា​វិធីសាស្ត្រ​ទំនាក់ទំនង​ដ៏​ពេញ​និយម​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ គិត​ត្រឹម​ខែមករា​ ឆ្នាំ​ ២០២១​ មានការ​ត​ភ្ជាប់​ទូរស័ព្ទ​ចល័ត​ចំនួន​ ២១​ លាន​តំណ​ភ្ជាប់​ក្នុង​ចំណោម​ប្រជាជន​សរុប​ចំនួន​ ១៦.៨​ លាន​នាក់​។​ បើ​និយាយ​មួយ​បែប​ទៀត​ ស​ន្ទ​ស្សន៍​នៃ​កា​រត​ភ្ជាប់​ទូរស័ព្ទ​ចល័ត​មាន​ចំនួន​ ១២៥%​។​ ភាព​ពេញ​និយម​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ជាមួយនឹង​គម្រោង​ទិន្នន័យ​ផ្សេងៗ​បាន​បណ្តាល​ឱ្យ​មាន​បញ្ហា​ទាក់ទង​នឹង​សន្តិសុខ​តាម​អ៊ីនធឺណិត​គួរ​ឱ្យ​កត់សម្គាល់​។​ បញ្ហា​កើត​មាន​ឡើង​ដោយហេតុ​ថា​ បើ​ទោះបីជា​ប្រជាពលរដ្ឋ​ភាគច្រើន​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​និង​កម្មវិធី​ផ្ញើ​សារ​តាម​អ៊ីនធឺណិត​ជា​រៀងរាល់ថ្ងៃ​ ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​ពី​បញ្ហា​ឯកជន​ភាព​និង​មុខងារ​សន្តិសុខ​ដែល​ផ្តល់​ដោយ​កម្មវិធី​ផ្ញើ​សារ​។​ លោក​ ង៉ែត​ ម៉ូ​សេ​ ដែល​ជាទី​ប្រឹក្សា​ និង​អ្នកជំនាញ​សន្តិសុខ​ឌីជី​ថ​ល​ដ៏​លេចធ្លោរ​ម្នាក់​នៅ​កម្ពុជា​ បាន​និយាយ​នៅ​ក្នុង​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ២០២២​។​

​សន្តិសុខ​ឌី​ជី​ថ​ល​សំដៅលើ​ការ​អនុវត្ត​ដែល​មាន​គោលបំណង​ធានា​ និង​ការពារ​អត្តសញ្ញាណ​របស់​បុគ្គល​ម្នាក់​នៅ​លើ​អ៊ីនធឺណិត​។​ នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​ដែល​បច្ចេកវិទ្យា​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​បុគ្គល​ម្នាក់ៗ​ ការ​ធានា​សន្តិសុខ​ព័ត៌មាន​ផ្ទាល់ខ្លួន​គឺ​ចាំបាច់​ដើម្បី​ការពារ​ឯកជន​ភាព​ និង​ព័ត៌មាន​សម្ងាត់​របស់​បុគ្គល​ម្នាក់ៗ​ពី​ចោរ​តាម​អ៊ីនធឺណិត​។​ ការ​ប្រាស្រ័យ​ទាក់ទង​តាម​អ៊ីនធឺណិត​ដោយ​ប្រើប្រាស់​កម្មវិធី​ផ្ញើ​សារ​ដែល​ផ្តល់​ជម្រើស​ការពារ​សន្តិសុខ​តិចតួច​ឬ​គ្មាន​សោះ​ អាច​បណ្តាល​ឱ្យ​មានការ​បែកធ្លាយ​ទិន្នន័យ​ និង​បណ្តាល​ឱ្យ​មានការ​ចូល​ប្រើ​ទិន្នន័យ​កុំព្យូទ័រ​ដោយ​គ្មាន​ការ​អនុញ្ញាត​។​

​ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការ​ពង្រឹង​វិធានការ​សន្តិសុខ​តាម​អ៊ីនធឺណិត​ លោក​ ម៉ូ​សេ​ បាន​រៀបចំ​សិក្ខាសាលា​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ស្តី​ពី​កម្មវិធី​ផ្ញើ​សារ​ដែល​មាន​សន្តិសុខ​ក្នុង​អំឡុង​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ២០២២​។​ លោក​បាន​បង្ហាញ​ទិដ្ឋភាព​ទូទៅ​អំពី​សន្តិសុខ​នៃ​ការ​ផ្ញើ​សារ​អន​ឡាញ​ ដោយ​ផ្តោត​លើ​វិធីសាស្ត្រ​ផ្សេងៗ​ក្នុង​ការ​ជ្រើសរើស​កម្មវិធី​ផ្ញើ​សារ​អន​ឡាញ​ដែល​មាន​សន្តិសុខ​ ធានា​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់​ និង​ការពារ​ពី​ចោរលួច​តាម​អ៊ីនធឺណិត​ ។​


នៅ​ចំពោះ​មុខ​អ្នកចូលរួម​ចំនួន​ ៣៨​នាក់​ (១២​នាក់​ជា​ស្ត្រី​)​ លោក​ ម៉ូ​សេ​ បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ជ្រើសរើស​កម្មវិធី​ផ្ញើ​សារ​ដែល​ការពារ​ភាព​ឯកជន​របស់​អ្នក​ប្រើប្រាស់​ និង​ធានា​នូវ​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​ពួក​គេ​។​ លោក​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា​ការ​ជ្រើសរើស​កម្មវិធី​ផ្ញើ​សារ​ដោយ​ប្រើ​កូដ​នី​យ​កម្ម​ ប្រភព​បើក​ទូលាយ​ និង​ការ​ដាក់​លេខ​សម្ងាត់​២​ជាន់​ (2FA)​ គឺ​ចាំបាច់​ណាស់​។​

​នៅ​ពេល​លោក​ ម៉ូ​សេ​ ឱ្យ​អ្នកចូលរួម​ផ្តល់​និយម​ន័យ​នៃ​ពាក្យ​កូដ​នី​យ​កម្ម​ មាន​តែ​អ្នកចូលរួម​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​អាច​ឆ្លើយ​តប​នឹង​សំណួរ​របស់​គាត់​បាន​។​ ទោះបីជា​មាន​អ្នកចូលរួម​មួយ​ចំនួន​ដឹង​ពី​អត្ថន័យ​នៃ​ពាក្យ​កូដ​នី​យ​កម្មនេះ​ក្ដី​ ប៉ុន្តែ​ពួក​គេ​មិន​អាច​ពន្យល់​វា​បាន​ទេ​។​ បន្ទាប់​មក​ លោក​ ម៉ូ​សេ​ បាន​ពន្យល់​ក្នុង​ន័យ​សាមញ្ញ​ថា​ កូដ​នី​យ​កម្ម​ គឺជា​វិធីសាស្ត្រ​មួយ​ដើម្បី​កែប្រែ​ និង​បំប្លែង​ព័ត៌មាន​ទៅ​ជា​កូដ​ដែល​លាក់​ខ្លឹមសារ​នៃ​សារ​ដែល​បាន​ផ្ញើ​នោះ​។​

​ដើម្បី​ធានា​ថា​មាន​សន្តិសុខ​ កម្មវិធី​ផ្ញើ​សារ​ត្រូវ​តែ​ផ្តល់​ជូន​នូវ​កូដ​នី​យ​កម្ម​ទាំង​សងខាង​ ដែល​ដើរតួ​ជា​ស្រទាប់​បន្ថែម​ដើម្បី​ការពារ​ឯកជន​ភាព​ និង​ដើម្បី​ការពារ​ភាគី​ទី​បី​ពី​ការ​អាន​សារ​របស់​អ្នក​ប្រើប្រាស់​ និង​ទទួល​បាន​ព័ត៌មាន​សម្ងាត់​ដែល​អ្នក​ប្រើប្រាស់​ម្នាក់​បាន​ផ្ញើ​ទៅ​ម្នាក់​ទៀត​។​ លោក​ ម៉ូ​សេ​ បាន​សង្កត់ធ្ងន់​ថា​ ភាគី​ទី​បី​ និង​ចោរ​តាម​អ៊ីនធឺណិត​អាច​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​ និង​អាន​សារ​ឯកជន​ និង​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់​បាន​ ប្រសិនបើ​មិន​មានមុខ​ងារ​កូដ​នី​យ​កម្ម​ទាំង​សងខាង​ ឬ​មុខងារ​នេះ​ត្រូវ​បាន​បិទ​។​ ជាង​នេះ​ទៅ​ទៀត​ កូដ​នី​យ​កម្ម​ទាំង​សងខាង​មិន​មាន​ស្រាប់​នៅ​ក្នុង​កម្មវិធី​ដូច​ជា​ Telegram​ និង​ Facebook​ ទេ​។​ អ្នក​ប្រើប្រាស់​ត្រូវ​បើកមុខ​ងារ​ជាក់លាក់​ណាមួយ​ ដើម្បី​ អាច​ប្រើប្រាស់​ជាមួយ​មុខងារ​នេះ​។​ ដោយឡែក​ កម្មវិធី​ដូច​ជា​ Signal,​ Threema,​ Wire,​ និង​ Session​ ផ្តល់​នូវ​ជម្រើស​ការពារ​ឯកជន​ភាព​ និង​ទិន្នន័យ​ខ្លាំង​ជាង​។​ ការ​បង្កើន​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល​របស់​ប្រជាជន​ ជា​ពិសេស​លើ​បញ្ហា​សន្តិសុខ​ឌី​ជី​ថ​ល​ បាន​ក្លាយជា​ចំណុច​សំខាន់​នៅ​ក្នុង​បរិបទ​នៃ​ការ​បង្កើត​ច្រក​ទ្វារ​ឌី​ជី​ថ​ល​ ដែល​នឹង​គ្រប់គ្រង​ចរាចរណ៍​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ អនុ​ក្រឹ​ត​ស្ដី​ពី​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ (NIG)​ នឹង​ចោទ​ជា​ផលវិបាក​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាជន​ដូច​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ និង​សិទ្ធិ​អំពី​ឯកជន​ភាព​ ការ​លាតត្រដាង​ទិន្នន័យ​អន​ឡាញ​របស់​មនុស្ស​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដូច្នេះ​ហើយ​វា​ធ្វើ​ឱ្យ​លំហ​ពលរដ្ឋ​មានការ​ធ្លាក់​ចុះ​។​

កូដ​នី​យ​កម្ម​ទាំង​សងខាង​គឺជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​បន្ថែម​ស្រទាប់​សន្តិសុខ​ទៅ​ក្នុង​គណនី​របស់​អ្នក​ប្រើប្រាស់​។​ ក្រៅពី​ព័ត៌មាន​បញ្ជាក់​ការ​ចូលរួម​ដូច​ជា​ឈ្មោះ​អ្នក​ប្រើប្រាស់​ និង​ពាក្យ​សម្ងាត់​ កូដ​នី​យ​កម្ម​ទាំង​សងខាង​នឹង​ទាមទារ​ព័ត៌មាន​បញ្ជាក់​ការ​ចូល​បន្ថែម​ដើម្បី​ចូល​ប្រើ​គណនី​។​ លិខិត​សម្គាល់​កូដ​នី​យ​កម្ម​ទាំង​សងខាង​ ត្រូវ​បាន​ផ្តល់​ជូន​តាម​រយៈ​សារ​ជា​អក្សរ​ អ៊ីមែល​ ឬ​ដោយ​ប្រើ​កម្មវិធី​ផ្ទៀងផ្ទាត់​ភាគី​ទី​បី​។​ លោក​ ម៉ូ​សេ​ បាន​បង្ហាញ​ថា​ ទោះបីជា​ឈ្មោះ​អ្នក​ប្រើប្រាស់​ និង​ពាក្យ​សម្ងាត់​របស់​អ្នក​ប្រើប្រាស់​ត្រូវ​បាន​លួច​ក៏​ដោយ​ ក៏​កូដ​នី​យ​កម្ម​ទាំង​សងខាង​ ជួយ​ការពារ​គណនី​របស់​អ្នក​ប្រើប្រាស់​ពី​ការ​លួច​ចូល​ផង​ដែរ​។​ លោក​បាន​ណែនាំ​អ្នក​រាល់គ្នា​ជ្រើសរើស​កម្មវិធី​សារ​ដែល​មានមុខ​ងារ​នេះ​ ហើយ​បើក​ដំណើរការ​វា​ដើម្បី​ការពារ​ខ្លួន​ និង​គណនី​របស់​ពួក​គេ​ពី​ការ​លួច​ចូល​។