ភាពជោគជ័យនៃមូលនិធិពានរង្វាន់គ្រាប់ពូជច្នៃប្រឌិតឆ្នាំ ២០១៧
ខណៈពេលដែលយើងកំពុងតែខិតជិតដើម្បីប្រារព្ធកម្មវិធីកម្ពុជាអាយស៊ីធីខែមឆ្នាំ ២០១៨ យើងសូមធ្វើការឆ្លុះបញ្ចាំងពីកម្មវិធីខែមកម្រិតថ្នាក់តំបន់ទន្លេមេគង្គកាលពីឆ្នាំមុន។ នៅឆ្នាំ ២០១៧ គម្រោងចំនួនប្រាំត្រូវបានជ្រើសរើសចេញពីតំបន់មេគង្គក្រោម ដើម្បីទទួលបានមូលនិធិពីកម្មវិធីមេគង្គអាយស៊ីធីខែម ដែលមានឈ្មោះថា “មូលនិធិពានរង្វាន់គ្រាប់ពូជច្នៃប្រឌិត”។ ក្នុងចំនោមអ្នកទទួលពានរង្វាន់ទាំងនោះ មានដូចជា គម្រោងអំពីកម្មវិធីអប់រំរបស់ក្រុមមកពីប្រទេសឡាវ និងមីយ៉ាន់ម៉ា គម្រោងកម្មវិធីអប់រំអំពីធម្មជាតិរបស់ក្រុមមកពីប្រទេសថៃ គម្រោងផ្តល់អគ្គិសនីដល់សាលារៀនរបស់ក្រុមមកពីប្រទេសវៀតណាម និងគម្រោងស្វែងរកវត្ថុដែលបាត់បង់ត្រលប់មកវិញរបស់ក្រុមមកពីប្រទេសកម្ពុជា។ គម្រោងទាំងនេះបានកំពុងបន្តពង្រីកដំណើរការប្រើប្រាស់វិធីសាស្ត្រ បន្ថែមពីភាពសម្បូរបែបនៃភូមិសាស្ត្រ និងប្រធានបទរបស់ពួកគេ។ លក្ខណៈសម្បត្តិរួមមួយនៃគម្រោងទាំងនេះ គឺពួកគេបានចូលរួមក្នុងការពង្រីកការប្រើប្រាស់បច្ចេកវិទ្យាដោយភាពច្នៃប្រឌិតថ្មី ដើម្បីដោះស្រាយបញ្ហាកំពុងប្រឈមនានានៅសហគមន៍របស់ពួកគេ។
ជាឧទាហរណ៍ ក្រុមអ្នកឈ្នះមកពីប្រទេសកម្ពុជាកាលពីឆ្នាំមុន បានបង្កើតកម្មវិធីទូរស័ព្ទមួយដែលមានឈ្មោះថា “CAM Lost and Found”។ ក្រុមការងារគម្រោងមួយនេះ បានយល់ច្បាស់ពីភាពក្រៀមក្រំនៅពេលបាត់បង់វត្ថុអ្វីមួយ និងវាកាន់តែសោកស្តាយទៅទៀតនៅពេលវត្ថុមួយនោះជារបស់សំខាន់ៗ ដូចជា កូនសោរ កាបូបលុយ ឬទូរស័ព្ទរបស់អ្នក ហើយពួកគេបានស្វែងរកដំណោះស្រាយតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។ កម្មវិធីទូរស័ព្ទដៃមួយនេះ គឺជាកម្មវិធីមួយដែលបានតភ្ជាប់ជាមួយផែនទី Google (Google Map) និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ កំណត់ទីតាំង នៃវត្ថុដែលបាត់បង់ ឬរកឃើញវិញ។ មូលនិធិពានរង្វាន់គ្រាប់ពូជច្នៃប្រឌិត ដែលបានផ្តល់ជូនដោយកម្មវិធីមេគង្គអាយស៊ីធីខែមឆ្នាំ ២០១៧ បានផ្តល់ជាឱកាសដល់ក្រុមអ្នកច្នៃប្រឌិត មួយនេះ អាចឈានដល់ដំណាក់កាលសាកល្បងគម្រោងរបស់ខ្លួន ក៏ដូចជាអនុញ្ញាតឱ្យក្រុមអ្នកប្រើប្រាស់មួយចំនួនតូច អាចចូលទៅប្រើប្រាស់ និងវាយតម្លៃពីមុខងាររបស់កម្មវិធីទូរស័ព្ទដៃមួយនេះ។ ឆ្លងកាត់ដំណាក់កាលនៃការសាកល្បង ទីបំផុតក្រុមការងារមួយនេះ អាចសម្រិតសម្រាំងផលិតផលចុងក្រោយរបស់ពួកគេបានហើយ។ ការបាត់បង់វត្ថុណាមួយរបស់អ្នកអាចហាក់ដូចជា បញ្ហាធម្មតា តែមិនអាចដោះស្រាយបាននោះទេ។ យ៉ាងណាមិញក្រុមការងារមួយនេះបានបង្កើតដំណោះស្រាយប្រកបដោយការច្នៃប្រឌិត និងភាពប៉ិនប្រសព្វ ដើម្បីដោះស្រាយបញ្ហាដែលប្រជាជនកម្ពុជាគ្រប់រូបតែងជួបប្រទះ។
ចំណែកគម្រោងមួយទៀតដែលមានគោលបំណងដើម្បីផ្តល់ការអប់រំដល់ក្រុមយុវជនស្វែងយល់កាន់តែច្បាស់អំពីភាពជាពលរដ្ឋ ត្រូវបានដឹកនាំដោយក្រុមមកពីប្រទេសមីយ៉ាន់ម៉ា។ ពួកគេសង្ឃឹមថា ការយល់ដឹងមួយនេះ នឹងដឹកនាំក្រុមសិស្សនិស្សិតឱ្យក្លាយជាអ្នកចូលរួមដ៏សកម្មនៅក្នុងសហគមន៍ចម្រុះរបស់ពួកគេ និងដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពផងដែរ។ ពួកគេបានបង្កើតជាមេរៀន និងបានចែកចាយមេរៀនទាំងនេះ នៅទៅកាន់សិស្សនិស្សិតតាមរយៈគំរូរួមបញ្ជូលគ្នា ដោយការសិក្សានៅក្នុងថ្នាក់រៀន ជាមួយនឹងវគ្គសិក្សាលើបណ្ដាញ។ ជាជាងការរៀនសូត្រតែលើប្រព័ន្ធបណ្តាញសុទ្ធតែមួយមុខ ក្រុមការងារមួយនេះបានជ្រើសរើសវិធីសាស្ត្ររួមបញ្ជូលគ្នា ពីព្រោះថា វាមានលក្ខណៈងាយស្រួលច្រើនក្នុងការដាក់បញ្ជូលទៅក្នុងប្រព័ន្ធអប់រំ និងវប្បធម៌នៃការសិក្សារៀមសូត្រដែលមានស្រាប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ជាមួយនឹងជំនួយមូលនិធិពីកម្មវិធីអាយស៊ីធីខែម CCEducare Myanmar បានសម្ពោធគម្រោងថ្នាក់រៀនដំបូងរបស់ខ្លួន ហើយមានសិស្សនិស្សិតចំនួន ៥០ នាក់ជាង ដែលបានចុះឈ្មោះ ហើយសិស្សនិស្សិត ១៥ នាក់ក្នុងចំនោមពួកគេត្រូវបានជ្រើសរើស។ នៅក្នុងឆ្នាំនេះ អ្នកនាង Chit Aein Thu ដែលជាស្ថាបនិកនៃ CCEducare នឹងត្រលប់មកចូលរួមកម្មវិធីកម្ពុជាអាយស៊ីធីខែម ដើម្បីចែករំលែកអំពីបទពិសោធន៍របស់អ្នកនាងទៅកាន់អ្នកចូលរួម។
ស្រដៀងនឹងក្រុមមកពីប្រទេសមីយ៉ាន់ម៉ាបានអនុវត្តន៍ ក្រុមមកពីប្រទេសឡាវក៏បានស្វែងរកការប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយដើម្បីជួយកែលម្អដល់លទ្ធផលនៃការសិក្សា។ ជំនួសដោយការផ្តោតទៅលើការអប់រំអំពីភាពជាពលរដ្ឋ ក្រុមមួយនេះបានបង្កើតជាគេហទំព័រមួយដែលផ្តល់មេរៀនតាមរយៈមាតិកាអន្តរកម្ម និងតាមរយៈរូបភាព។ មធ្យោបាយនៃការរៀនសូត្រថ្មីនេះ អនុញ្ញាតឱ្យសិស្សនិស្សិតអាចធ្វើការស្វែងយល់កាន់តែងាយស្រួលពីទ្រឹស្តីស្មុគស្មាញ។
ដោយឡែកគម្រោងមួយទៀត ដែលផ្តោតលើបញ្ហាកង្វះអគ្គិសនីប្រើប្រាស់នៅតាមទីជនបទក្នុងប្រទេសវៀតណាម មានឈ្មោះថា Float in Flood។ ក្រុមការងារនៃគម្រោងមួយនេះ មានទិសដៅដោះស្រាយបញ្ហាមួយនេះ តាមរយៈការផលិតថាមពលប្រកបដោយនិរន្តរភាព។ តាមរយៈការស្រាវជ្រាវនៅទីតាំងជាក់ស្តែង ពួកគេបានរកឃើញថា តំបន់គោលដៅទាំងនោះពោរពេញទៅដោយអ័ព្ទ និងមានភ្លៀងធ្លាក់ជាញឹកញាប់ ដែលមិនអំណោយផលដល់ការប្រើប្រាស់ថាមពលព្រះអាទិត្យជាប្រភពថាមពលនោះទេ។ ដូច្នេះហើយ ក្រុមការងារបានសម្រេចផ្លាស់ប្តូរការផែនការរបស់ពួកគេមកការប្រើប្រាស់ថាមពលខ្យល់វិញ។ តាមរយៈការតំឡើងតួប៊ីនខ្យល់ចំនួន ១០ ក្រុមការងារទីបំផុតអាចផ្តល់អគ្គិសនីដល់សាលាបឋមសិក្សានៅទីជនបទក្នុងប្រទេសវៀតណាមចំនួន ២។ លទ្ធផលនៃគម្រោងរបស់ពួកគេ បានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលពីពេលនេះតទៅពួកគេលែងបារម្ភពីការរៀនសូត្រអំឡុងពេលដែលមានអ័ព្ទ ឬមេឃចុះងងឹតនៅក្នុងភូមិរបស់គេទៀតហើយ។
ឯក្រុមចុងក្រោយរបស់យើង គឺក្រុមដែលបានចាប់អារម្មណ៍អំពីវិធីសាស្ត្រអប់រំអំពីធម្មជាតិ។ “ជំរុំធម្មជាតិមេគង្គ” បានបង្កើតកម្មវិធីមួយសម្រាប់ក្មេងៗសិស្សានុសិស្សថៃស្វែងយល់ពីគុណតម្លៃនៃធម្មជាតិ និងសារៈសំខាន់សង្គមនៃទន្លេមេគង្គ។ កម្មវិធីជំរុំនេះបានផ្តល់បទពិសោធន៍រយៈពេលពីរថ្ងៃដល់អ្នកចូលរួមទាំងអស់បានស្តាប់លោកគ្រូអ្នកគ្រូណែនាំ ធ្វើដំណើរតាមទូក សន្ទនាជាមួយអ្នកស្រុកនៅតាមដងទន្លេមេគង្គ និងអនុវត្តន៍ការពិសោធបែបវិទ្យាសាស្ត្រនានាដោយពួកគេផ្ទាល់ទៀតផង។ អ្នកក៏អាចតាមដានអំពីចក្ខុវិស័យរបស់ពួកគេបានក្លាយជាផ្លែផ្កានៅក្នុងខ្សែវីដេអូនៃការបោះជំរុំធម្មជាតិមេគង្គជាលើកដំបូងនេះផងដែរ។
ទាំងនេះគឺជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលត្រូវបានជ្រើសរើសកាលពីឆ្នាំមុន ដើម្បីទទួលបានមូលនិធិសម្រាប់គំនិតដ៏អស្ចារ្យរបស់ពួកគេ។ សម្រាប់ឆ្នាំនេះ យើងនឹងធ្វើការជ្រើសរើសគម្រោងចំនួនបី ពីក្រុមអ្នកចូលរួមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រើប្រាស់ចំណង់ចំណូលចិត្តរបស់ពួកគេ ក្នុងការដោះស្រាយបញ្ហាសង្គម និងបរិស្ថាន និងចក្ខុវិស័យដើម្បីពង្រីកការប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយឈានដល់ការសម្រេចបាននូវដំណោះស្រាយ។ នៅសប្តាហ៍ក្រោយ អ្នកចូលរួមទាំងអស់ នឹងរៀនសូត្រពីរបៀបក្នុងការកំណត់ពីបញ្ហា ការរៀបចំដោះស្រាយ និងសារៈប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងដំណោះស្រាយទាំងនោះ។ ក្នុងនាមជាអ្នករៀបចំកម្មវិធីកម្ពុជាអាយស៊ីធីឆ្នាំនេះ អង្គការទិន្នន័យអំពីការអភិវឌ្ឍពិតជាមានសេចក្តីរំភើប ហើយយើងពិតជាចង់ដឹងថាតើអ្នកចូលរួមក្នុងកម្មវិធីខែមខាងមុខនេះ នឹងពាំនាំមកនូវគំនិតអ្វីខ្លះសម្រាប់ប្រកួតប្រជែង “មូលនិធិគំនិតច្នៃប្រឌិតអាយស៊ីធីកម្ពុជា ២០១៨” (Cambodia ICT Innovation Fund 2018)។ ដូច្នេះសូមអ្នកទាំងអស់ត្រៀមខ្លួនជាស្រេច ដើម្បីទទួលបានការរៀនសូត្រ ការបង្កើតបណ្តាញ ការណែនាំ និងការអនុវត្តនៅក្នុងពេលវេលាដល់អស្ចារ្យរយៈពេលមួយសប្តាហ៍នេះ។