ភាព​​ជោគ​ជ័យ​នៃ​មូលនិធិ​ពានរង្វាន់​គ្រាប់ពូជ​ច្នៃប្រឌិតឆ្នាំ​ ២០១៧

ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ខិត​ជិត​ដើម្បី​ប្រារព្ធ​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ឆ្នាំ​ ២០១៨​ យើង​សូម​ធ្វើការ​ឆ្លុះ​បញ្ចាំង​ពី​កម្មវិធី​ខែ​ម​កម្រិត​ថ្នាក់​តំបន់​ទន្លេមេគង្គ​កាលពី​ឆ្នាំ​មុន​។​ នៅ​ឆ្នាំ​ ២០១៧​ គម្រោង​ចំនួន​ប្រាំ​ត្រូវ​បាន​ជ្រើសរើស​ចេញពី​តំបន់​មេគង្គ​ក្រោម​ ដើម្បី​ទទួល​បាន​មូលនិធិ​ពី​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ ដែល​មានឈ្មោះ​ថា​ “​មូលនិធិ​ពានរង្វាន់​គ្រាប់ពូជ​ច្នៃប្រឌិត​”​។​ ក្នុង​ចំនោម​អ្នក​ទទួល​ពានរង្វាន់​ទាំងនោះ​ មាន​ដូច​ជា​ គម្រោង​អំពី​កម្មវិធី​អប់រំ​របស់​ក្រុម​មក​ពី​ប្រទេស​ឡាវ​ និង​មី​យ៉ា​ន់​ម៉ា​ គម្រោង​កម្មវិធី​អប់រំ​អំពី​ធម្មជាតិ​របស់​ក្រុម​មក​ពី​ប្រទេស​ថៃ​ គម្រោង​ផ្តល់​អគ្គិសនី​ដល់​សាលារៀន​របស់​ក្រុម​មក​ពី​ប្រទេស​វៀតណាម​ និង​គម្រោង​ស្វែងរក​វត្ថុ​ដែល​បាត់បង់​ត្រលប់​មក​វិញ​របស់​ក្រុម​មក​ពី​ប្រទេស​កម្ពុជា​។​ គម្រោង​ទាំងនេះ​បាន​កំពុង​បន្ត​ពង្រីក​ដំណើរការ​ប្រើប្រាស់​វិធីសាស្ត្រ​ បន្ថែម​ពី​ភាព​សម្បូរ​បែប​នៃ​ភូមិសាស្ត្រ​ និង​ប្រធានបទ​របស់​ពួក​គេ​។​ លក្ខណៈសម្បត្តិ​រួម​មួយ​នៃ​គម្រោង​ទាំងនេះ​ គឺ​ពួក​គេ​បាន​ចូលរួម​ក្នុង​ការ​ពង្រីក​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​ភាព​ច្នៃប្រឌិត​ថ្មី​ ដើម្បី​ដោះស្រាយ​បញ្ហា​កំពុង​ប្រឈម​នានា​នៅ​សហគមន៍​របស់​ពួក​គេ​។​

​ជា​ឧទាហរណ៍​ ក្រុម​អ្នក​ឈ្នះ​មក​ពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន​ បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ​ដែល​មានឈ្មោះ​ថា​ “CAM​ Lost​ and​ Found”​។​ ក្រុមការងារ​គម្រោង​មួយ​នេះ​ បាន​យល់​ច្បាស់​ពី​ភាព​ក្រៀមក្រំ​នៅ​ពេល​បាត់បង់​វត្ថុ​អ្វីមួយ​ និង​វា​កាន់តែ​សោកស្តាយ​ទៅ​ទៀត​នៅ​ពេល​វត្ថុ​មួយ​នោះ​ជា​របស់​សំខាន់ៗ​ ដូច​ជា​ កូនសោរ​ កាបូប​លុយ​ ឬ​ទូរស័ព្ទ​របស់​អ្នក​ ហើយ​ពួក​គេ​បាន​ស្វែងរក​ដំណោះស្រាយ​តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​។​ កម្មវិធី​ទូរស័ព្ទ​ដៃ​មួយ​នេះ​ គឺជា​កម្មវិធី​មួយ​ដែល​បាន​ត​ភ្ជាប់​ជាមួយ​ផែនទី​ Google​ (Google​ Map)​ និង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ កំណត់​ទីតាំង​ នៃ​វត្ថុ​ដែល​បាត់បង់​ ឬ​រក​ឃើញ​វិញ​។​ មូលនិធិ​ពានរង្វាន់​គ្រាប់ពូជ​ច្នៃប្រឌិត​ ដែល​បាន​ផ្តល់​ជូន​ដោយ​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ឆ្នាំ​ ២០១៧​ បាន​ផ្តល់​ជា​ឱកាស​ដល់​ក្រុម​អ្នក​ច្នៃប្រឌិត​ មួយ​នេះ​ អាច​ឈាន​ដល់​ដំណាក់កាល​សាកល្បង​គម្រោង​របស់​ខ្លួន​ ក៏​ដូច​ជា​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​ប្រើប្រាស់​មួយ​ចំនួន​តូច​ អាច​ចូល​ទៅ​ប្រើប្រាស់​ និង​វាយតម្លៃ​ពីមុខ​ងារ​របស់​កម្មវិធី​ទូរស័ព្ទ​ដៃ​មួយ​នេះ​។​ ឆ្លងកាត់​ដំណាក់កាល​នៃ​ការ​សាកល្បង​ ទីបំផុត​ក្រុមការងារ​មួយ​នេះ​ អាច​សម្រិតសម្រាំង​ផលិតផល​ចុង​ក្រោយ​របស់​ពួក​គេ​បាន​ហើយ​។​ ការ​បាត់បង់​វត្ថុ​ណាមួយ​របស់​អ្នក​អាច​ហាក់ដូចជា​ បញ្ហា​ធម្មតា​ តែ​មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ​។​ យ៉ាងណាមិញ​ក្រុមការងារ​មួយ​នេះ​បាន​បង្កើត​ដំណោះស្រាយ​ប្រកបដោយ​ការ​ច្នៃប្រឌិត​ និង​ភាព​ប៉ិនប្រសព្វ​ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ប្រជាជន​កម្ពុជា​គ្រប់​រូប​តែង​ជួប​ប្រទះ​។​

​ចំណែក​គម្រោង​មួយទៀត​ដែល​មាន​គោលបំណង​ដើម្បី​ផ្តល់​ការ​អប់រំ​ដល់​ក្រុម​យុវជន​ស្វែង​យល់​កាន់តែ​ច្បាស់​អំពី​ភាព​ជា​ពលរដ្ឋ​ ត្រូវ​បាន​ដឹកនាំ​ដោយ​ក្រុម​មក​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​ ពួក​គេ​សង្ឃឹមថា​ ការ​យល់​ដឹង​មួយ​នេះ​ នឹង​ដឹកនាំ​ក្រុម​សិស្ស​និស្សិត​ឱ្យ​ក្លាយជា​អ្នកចូលរួម​ដ៏​សកម្ម​នៅ​ក្នុង​សហគមន៍​ចម្រុះ​របស់​ពួក​គេ​ និង​ដើម្បី​ចូលរួម​ចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រក្សា​សន្តិភាព​ផង​ដែរ​។​ ពួក​គេ​បាន​បង្កើត​ជា​មេរៀន​ និង​បាន​ចែកចាយ​មេរៀន​ទាំងនេះ​ នៅ​ទៅ​កាន់​សិស្ស​និស្សិត​តាម​រយៈ​គំរូ​រួម​ប​ញ្ជូ​ល​គ្នា​ ដោយ​ការ​សិក្សា​នៅ​ក្នុង​ថ្នាក់រៀន​ ជាមួយនឹង​វគ្គ​សិក្សា​លើ​បណ្ដាញ​។​ ជា​ជាង​ការ​រៀនសូត្រ​តែ​លើ​ប្រព័ន្ធ​បណ្តាញ​សុទ្ធតែ​មួយ​មុខ​ ក្រុមការងារ​មួយ​នេះ​បាន​ជ្រើសរើស​វិធីសាស្ត្រ​រួម​ប​ញ្ជូ​ល​គ្នា​ ពីព្រោះ​ថា​ វា​មាន​លក្ខណៈ​ងាយស្រួល​ច្រើន​ក្នុង​ការ​ដាក់​ប​ញ្ជូ​ល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ និង​វប្បធម៌​នៃ​ការ​សិក្សា​រៀម​សូត្រ​ដែល​មាន​ស្រាប់​ នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​ ជាមួយនឹង​ជំនួយ​មូលនិធិ​ពី​កម្មវិធី​អាយ​ស៊ី​ធី​ខែ​ម​ CCEducare​ Myanmar បាន​សម្ពោធ​គម្រោង​ថ្នាក់រៀន​ដំបូង​របស់​ខ្លួន​ ហើយ​មាន​សិស្ស​និស្សិត​ចំនួន​ ៥០​ នាក់​ជាង​ ដែល​បាន​ចុះ​ឈ្មោះ​ ហើយ​សិស្ស​និស្សិត​ ១៥​ នាក់​ក្នុង​ចំនោម​ពួក​គេ​ត្រូវ​បាន​ជ្រើសរើស​។​ នៅ​ក្នុងឆ្នាំនេះ​ អ្នក​នាង​ Chit​ Aein​ Thu​ ដែល​ជា​ស្ថាបនិក​នៃ​ CCEducare​ នឹង​ត្រលប់​មក​ចូលរួម​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ ដើម្បី​ចែករំលែក​អំពី​បទ​ពិសោធន៍​របស់​អ្នក​នាង​ទៅ​កាន់​អ្នកចូលរួម​។​

​ស្រ​ដៀង​នឹង​ក្រុម​មក​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​អនុវត្តន៍​ ក្រុម​មក​ពី​ប្រទេស​ឡាវ​ក៏​បាន​ស្វែងរក​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ជា​មធ្យោបាយ​ដើម្បី​ជួយ​កែ​លម្អ​ដល់​លទ្ធផល​នៃ​ការ​សិក្សា​។​ ជំនួស​ដោយ​ការ​ផ្តោត​ទៅ​លើ​ការ​អប់រំ​អំពី​ភាព​ជា​ពលរដ្ឋ​ ក្រុម​មួយ​នេះ​បាន​បង្កើត​ជា​គេហទំព័រ​មួយ​ដែល​ផ្តល់​មេរៀន​តាម​រយៈ​មាតិកា​អន្តរ​កម្ម​ និង​តាម​រយៈ​រូបភាព​។​ មធ្យោបាយ​នៃ​ការ​រៀនសូត្រ​ថ្មី​នេះ​ អនុញ្ញាត​ឱ្យ​សិស្ស​និស្សិត​អាច​ធ្វើការ​ស្វែង​យល់​កាន់តែ​ងាយស្រួល​ពី​ទ្រឹស្តី​ស្មុគស្មាញ​។​

ដោយឡែក​គម្រោង​មួយទៀត​ ដែល​ផ្តោត​លើ​បញ្ហា​កង្វះ​អគ្គិសនី​ប្រើប្រាស់​នៅ​តាម​ទី​ជនបទ​ក្នុង​ប្រទេស​វៀតណាម​ មានឈ្មោះ​ថា​ Float​ in​ Flood​។​ ក្រុមការងារ​នៃ​គម្រោង​មួយ​នេះ​ មាន​ទិស​ដៅ​ដោះស្រាយ​បញ្ហា​មួយ​នេះ​ តាម​រយៈ​ការ​ផលិត​ថាមពល​ប្រកបដោយ​និរន្តរភាព​។​ តាម​រយៈ​ការ​ស្រាវជ្រាវ​នៅ​ទីតាំង​ជាក់ស្តែង​ ពួក​គេ​បាន​រក​ឃើញ​ថា​ តំបន់​គោលដៅ​ទាំងនោះ​ពោរពេញ​ទៅ​ដោយ​អ័ព្ទ​ និង​មាន​ភ្លៀង​ធ្លាក់​ជា​ញឹកញាប់​ ដែល​មិន​អំណោយផល​ដល់​ការ​ប្រើប្រាស់​ថាមពលព្រះអាទិត្យ​ជា​ប្រភព​ថាមពល​នោះ​ទេ​។​ ដូច្នេះ​ហើយ​ ក្រុមការងារ​បាន​សម្រេច​ផ្លាស់​ប្តូរ​ការ​ផែនការ​របស់​ពួក​គេ​មក​ការ​ប្រើប្រាស់​ថាមពលខ្យល់​វិញ​។​ តាម​រយៈ​ការ​តំឡើង​តួប៊ីន​ខ្យល់​ចំនួន​ ១០​ ក្រុមការងារ​ទីបំផុត​អាច​ផ្តល់​អគ្គិសនី​ដល់​សាលា​បឋម​សិក្សា​នៅ​ទី​ជនបទ​ក្នុង​ប្រទេស​វៀតណាម​ចំនួន​ ២​។​ លទ្ធផល​នៃ​គម្រោង​របស់​ពួក​គេ​ បាន​ទទួល​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​លោកគ្រូ​អ្នកគ្រូ​ និង​សិស្សានុសិស្ស​ ដែល​ពី​ពេល​នេះ​តទៅ​ពួក​គេ​លែង​បារម្ភ​ពី​ការ​រៀនសូត្រ​អំឡុង​ពេល​ដែល​មាន​អ័ព្ទ​ ឬ​មេឃ​ចុះ​ងងឹត​នៅ​ក្នុងភូមិ​របស់​គេ​ទៀត​ហើយ​។​

​ឯ​ក្រុម​ចុង​ក្រោយ​របស់​យើង​ គឺ​ក្រុម​ដែល​បាន​ចាប់អារម្មណ៍​អំពី​វិធីសាស្ត្រ​អប់រំ​អំពី​ធម្មជាតិ​។​ “​ជំរុំ​ធម្មជាតិ​មេគង្គ​”​ បាន​បង្កើត​កម្មវិធី​មួយ​សម្រាប់​ក្មេងៗ​សិស្សានុសិស្ស​ថៃ​ស្វែង​យល់​ពី​គុណ​តម្លៃ​នៃ​ធម្មជាតិ​ និង​សារៈសំខាន់​សង្គម​នៃ​ទន្លេមេគង្គ​។​ កម្មវិធី​ជំរុំ​នេះ​បាន​ផ្តល់​បទ​ពិសោធន៍​រយៈពេល​ពីរ​ថ្ងៃ​ដល់​អ្នកចូលរួម​ទាំងអស់​បាន​ស្តាប់​លោកគ្រូ​អ្នកគ្រូ​ណែនាំ​ ធ្វើ​ដំណើរ​តាម​ទូក​ សន្ទនា​ជាមួយ​អ្នកស្រុក​នៅ​តាម​ដង​ទន្លេមេគង្គ​ និង​អនុវត្តន៍​ការ​ពិសោធ​បែប​វិទ្យាសាស្ត្រ​នានា​ដោយ​ពួក​គេ​ផ្ទាល់​ទៀត​ផង​។​ អ្នក​ក៏​អាច​តាមដាន​អំពី​ចក្ខុវិស័យ​របស់​ពួក​គេ​បាន​ក្លាយជា​ផ្លែផ្កា​នៅ​ក្នុង​ខ្សែ​វី​ដេ​អូ​​នៃ​ការ​បោះជំរុំ​ធម្មជាតិ​មេគង្គ​ជា​លើក​ដំបូង​នេះ​ផង​ដែរ​។​

​ទាំងនេះ​គឺជា​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ដែល​ត្រូវ​បាន​ជ្រើសរើស​កាលពី​ឆ្នាំ​មុន​ ដើម្បី​ទទួល​បាន​មូលនិធិ​សម្រាប់​គំនិត​ដ៏​អស្ចារ្យ​របស់​ពួក​គេ​។​ សម្រាប់​ឆ្នាំ​នេះ​ យើង​នឹង​ធ្វើការ​ជ្រើសរើស​គម្រោង​ចំនួន​បី​ ពី​ក្រុម​អ្នកចូលរួម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​នឹង​ប្រើប្រាស់​ចំណង់​ចំណូលចិត្ត​របស់​ពួក​គេ​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម​ និង​បរិស្ថាន​ និង​ចក្ខុវិស័យ​ដើម្បី​ពង្រីក​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ជា​មធ្យោបាយ​ឈាន​ដល់​ការ​សម្រេច​បាន​នូវ​ដំណោះស្រាយ​។​ នៅ​ស​ប្តា​ហ៍​ក្រោយ​ អ្នកចូលរួម​ទាំងអស់​ នឹង​រៀនសូត្រ​ពី​របៀប​ក្នុង​ការ​កំណត់​ពី​បញ្ហា​ ការ​រៀបចំ​ដោះស្រាយ​ និង​សារៈ​ប្រយោជន៍​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​ក្នុង​ដំណោះស្រាយ​ទាំងនោះ​។​ ក្នុង​នាម​ជា​អ្នក​រៀបចំ​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ឆ្នាំ​នេះ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ពិតជា​មាន​សេចក្តី​រំភើប​ ហើយ​យើង​ពិតជា​ចង់​ដឹង​ថា​តើ​អ្នកចូលរួម​ក្នុង​កម្មវិធី​ខែ​មខាង​មុខ​នេះ​ នឹង​ពាំនាំ​មក​នូវ​គំនិត​អ្វីខ្លះ​សម្រាប់​ប្រកួតប្រជែង​ “​មូលនិធិ​គំនិត​ច្នៃប្រឌិត​អាយ​ស៊ី​ធី​កម្ពុជា​ ២០១៨”​ (Cambodia​ ICT​ Innovation​ Fund​ 2018)​។​ ដូច្នេះ​សូមអ្នក​ទាំងអស់​ត្រៀមខ្លួន​ជា​ស្រេច​ ដើម្បី​ទទួល​បានការ​រៀនសូត្រ​ ការ​បង្កើត​បណ្តាញ​ ការ​ណែនាំ​ និង​ការ​អនុវត្ត​នៅ​ក្នុង​ពេលវេលា​ដល់​អស្ចារ្យ​រយៈពេល​មួ​យស​ប្តា​ហ៍​នេះ​។​