ដំណាក់កាល​សំខាន់ៗ​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​ប្រកបដោយ​ជោគជ័យ

​លោក​ Victor​ Logos​ មក​ពី​ប្រទេស​ម៉ុ​ល​ដា​វី​ គឺជា​សហគ្រិន​ម្នាក់​ដែល​បាន​រស់នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​២​ ឆ្នាំ​មក​ហើយ​។​ គាត់​គឺជា​ស្ថាបនិក​ និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Cambo​ Market​ ដែល​ជា​គេហទំព័រ​សេវាកម្ម​ដឹក​ជញ្ជូន​គ្រឿងទេស​។​

​ជា​ជាង​ការ​ចាប់ផ្តើម​ជាមួយនឹង​រឿង​រ៉ាវ​ជោគជ័យ​ គាត់​ចាប់ផ្តើម​ពី​រឿង​រ៉ាវ​បរាជ័យ​ក្នុង​ការ​ចាប់ផ្តើម​ជំនួញ​លើក​ដំបូង​របស់​គាត់​។​ តាម​រយៈ​ការ​ចែករំលែក​ការ​វិភាគ​ជុំវិញ​ភាព​បរាជ័យ​របស់​ក្រុមហ៊ុន​របស់​គាត់​។ គាត់​អាច​បង្ហាញ​អ្នកចូលរួម​បាន​យ៉ាង​ច្បាស់​ថា​ តើ​ដំបូន្មាន​របស់​គាត់​ពិតជា​មាន​សារៈសំខាន់​ ចំពោះ​វិធីសាស្ត្រ​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​ប្រកបដោយ​ជោគជ័យ​។​ ការ​ចែករំលែក​របស់​គាត់​ ចាប់ផ្តើម​ពី​មូលដ្ឋាន​គំនិត​ប្រកបដោយ​ជោគជ័យ​ទៅ​កាន់ការ​អនុវត្ត​។​

លោក Victor បានផ្ដល់បទបង្ហាញរបស់គាត់។

Logos​ បាន​ចែករំលែក​ទៅ​កាន់​អ្នកចូលរួម​អំពី​ របៀប​បង្កើត​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​អាជីវកម្ម​។​ គាត់​បាន​ចែករំលែក​មូលដ្ឋាន​សំខាន់ៗ​ដូច​ជា​ ការ​កំណត់​បញ្ហា​ ការ​បង្កើត​ដំណោះស្រាយ​ ការ​ស្វែងរក​អតិថិជន​ និង​ការ​សាកល្បង​ដំណោះស្រាយ​តាម​រយៈ​ការ​សិក្សា​ទៅ​លើ​អតិថិជន​។​ ក្រោយ​ពី​ដំណាក់​កាលយ៉ាង​ម៉ត់ចត់​នេះ​ លោក​អ្នក​នឹង​មានគំនិត​រួចរាល់​សម្រាប់​ការ​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​។​

លោក Victor បានផ្ដល់បទបង្ហាញរបស់គាត់។

Logos​ ក៏​បាន​បង្ហាញ​អ្នកចូលរួម​អំពី​ការ​អនុវត្ត​ដំណើរការ​អាជីវកម្ម​ផង​ដែរ​។​ ដំណើរការ​ទាំងនោះ​មាន​ដូច​ជា​ការ​រៀបចំ​ផែនការ​ថវិកា​ យុទ្ធសាស្ត្រ​ទីផ្សារ​ ការ​កំណត់​គោលដៅ​ជោគជ័យ​ និង​ការ​ប្រើប្រាស់​មតិយោបល់​របស់​អតិថិជន​។​ លោក​ Logos​ ក៏​បាន​សង្កត់ធ្ងន់​ទៅ​លើ​បទ​ពិសោធន៍​អតិថិជន​ និង​មតិយោបល់​របស់​អតិថិជន​។​ លោក​បាន​ប្រាប់​អ្នកចូលរួម​ថា​ “​នៅ​ចុងបញ្ចប់​ រាល់​មតិយោបល់​របស់​អតិថិជន​ គឺ​ការ​យល់​ឃើញ​របស់​អតិថិជន​ ហើយ​នោះ​គឺជា​រឿង​សំខាន់​បំផុត​សម្រាប់​អាជីវកម្ម​របស់​យើង​”​ ។​

គាត់​បាន​បញ្ចប់​ការ​ពិភាក្សា​របស់​គាត់​ ដោយ​បញ្ជាក់​ពី​ចំនុច​សំខាន់​ ដែល​សហគ្រិន​វ័យក្មេង​ត្រូវ​តែ​ដឹង​៖

  • ត្រូវ​ត្រៀមខ្លួន​ខំប្រឹង​ធ្វើការ​
  • ជឿ​លើ​គំនិត​របស់​អ្នក​ហើយ​កុំ​បោះបង់​
  • កុំ​រំពឹង​ច្រើន​ពេក​ក្នុង​ឆ្នាំ​ដំបូង​
  • សង្កេត​មើល​ដៃគូ​ប្រកួតប្រជែង​របស់​អ្នក​
  • ត្រូវ​ត្រៀម​ចិត្ត​ និង​អារម្មណ៍​សម្រាប់​រឿង​មិនល្អ​ដែល​អាច​កើត​មាន​ឡើង​

​បន្ទាប់​ពី​បញ្ចប់​សុន្ទរកថា​ លោក​ Logos​ បាន​បើក​វេទិកា​សម្រាប់​អ្នកចូលរួម​ក្នុង​ការ​សួរ​សំណួរ​ ក៏​ដូច​ជា​ពិភាក្សា​ជុំវិញ​ប្រធានបទ​ខាងលើ​។​ ការ​ពិភាក្សា​ជុំវិញប្រធានបទ​នេះ​ ចំណាយពេល​រហូត​ទៅ​ដល់​ ៤៥​នាទី​។​ អ្នកចូលរួម​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​បទ​ពិសោធន៍​របស់​លោក​ Logos​ ក៏​ដូច​ជា​ របៀប​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​គាត់​ និង​ដំបូន្មាន​សម្រាប់​ការ​ចាប់ផ្ដើម​អាជីវកម្ម​របស់​ពួក​គេ​។​ អ្នកចូលរួម​ម្នាក់​ឈ្មោះ​រ៉ុ​ម​ តឿន​ បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​គាត់​ថា​៖​ “​វា​ជា​រឿង​ល្អ​ណាស់​ដែល​ត្រូវ​សួរ​អ្នកសម្របសម្រួល​ អំពី​បទ​ពិសោធន៍​ផ្ទាល់​របស់​គាត់​។​ ការ​អង្គុយ​ក្នុង​រង្វង់​ ការ​សួរ​សំណួរ​ផ្ទាល់ខ្លួន​ និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកចូលរួម​ទាំងអស់​ គឺជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ប្ដូរ​បរិយាកាស​ថ្នាក់រៀន​ឱ្យ​ ក្លាយជា​បរិយាកាស​ពិភាក្សា​យ៉ាង​សកម្ម​ និង​ជួយ​សម្រួល​ដល់​ការ​ចែករំលែក​ចំណេះដឹង​។​”​ លោក​រ៉ុ​ម​ តឿន​ បាន​ចូលរួម​សួរ​សំណួរ​ជា​ច្រើន​ ហើយ​គាត់​ជឿជាក់​ថា​ការ​ចូលរួម​របស់​គាត់​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​របស់​គាត់​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​របស់​គាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

លោក​ Logos​ បាន​បើក​វេទិកា​សម្រាប់​អ្នកចូលរួម​ក្នុង​ការ​សួរ​សំណួរ​។

Victor​ Logos​ គឺជា​ស្ថាបនិក​ និង​នាយក​ប្រតិបត្តិ​ នៃ​ Cambo​ Market​ ដែល​ជា​សេវាកម្ម​ដឹក​ជញ្ជូន​គ្រឿងទេស​ដោយ​ឥត​គិតថ្លៃ​ នៅ​ទីក្រុង​ភ្នំពេញ​ និង​ខេត្តសៀមរាប​។​ គាត់​ក៏​ជានា​យក​ប្រតិបត្តិ​ នៃ​ភ្នាក់ងារ​ឌី​ជី​ថ​ល​ ដែល​ហៅ​ថា​ Smart​ Management​ Systems​។​

គាត់​ចូល​ចិត្ត​ការងារ​ទាក់ទង​នឹង​គេហទំព័រ​ ដើរ​កំសាន្ត​ និង​ជា​អ្នក​សរសេរ​ប្លុក​ក្រៅ​ម៉ោង​ ហើយ​គាត់​បាន​ចូលរួម​ក្នុង​បណ្ដាញ​ទាក់ទង​នឹង​គេហទំព័រ​ តាំងពី​ឆ្នាំ​២០១២​។​ គោលដៅ​ចម្បង​របស់​គាត់​គឺ​ ចូលរួម​ចំណែក​ក្នុង​ដំណើរការ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ និង​បង្កើត​ផលិតផល​ឌី​ជី​ថ​ល​ ដែល​អាច​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ងាយស្រួល​ ដល់​ប្រជាជន​កម្ពុជា​។​