ព្រឹត្តិការណ៍ទាំងមូលនៃកម្មវិធី កម្ពុជា អាយស៊ីធីខែម ២០២២ រយៈពេលបីថ្ងៃទទួលបានភាពជោគជ័យនៅខេត្តសៀមរាប
ថ្ងៃចុងក្រោយនៃកម្មវិធី កម្ពុជាអាយស៊ីធីខែម ២០២២ បានមកដល់ហើយ។ អ្នកចូលរួមគឺពោរពេញទៅដោយគំនិត ចំណេះដឹង និងការយល់ដឹងសម្រាប់រយៈពេលពីរថ្ងៃកន្លងមកនៃវគ្គបណ្តុះបណ្តាល តាមរយៈវាគ្មិនដ៏មានសក្តានុពលរបស់យើង ទៅតាមជំនាញខុសៗគ្នារបស់ពួកគេ។ ថ្វីត្បិតតែជាថ្ងៃចុងក្រោយនៃកម្មវិធីខែម ប៉ុន្តែភាពខ្លាំងនៅតែមាន ឬក៏អាចច្រើនជាងនេះ។ សម្រាប់កម្មវិធីទាំមូងលចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែមិថុនា មានអ្នកចូលរួមសរុប ១៥៥នាក់ ក្នុងនោះមានស្រីចំនួន ៦១នាក់ មកពីមជ្ឈដ្ឋានផ្សេងៗគ្នា ដូចជា ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន អ្នកសិក្សា អ្នកវិជ្ជាជីវៈ អ្នកស្រាវជ្រាវ និស្សិតសាកលវិទ្យាល័យ និងច្រើនទៀត។ សម្រាប់រយៈពេលបីថ្ងៃនៃការបណ្ដុះបណ្ដាលដែលមានភាពស្វិតស្វាញ មានវគ្គសិក្ខាសាលាចំនួន ៤៥ (ក្នុងនោះតាមអ៊ីនធឺណិតចំនួន ៤) និងការពិភាក្សាពីរក្រុមដែលដឹកនាំដោយវាគ្មិនជាតិចំនួន ១៧នាក់ និងវាគ្មិនអន្តរជាតិចំនួន ១៤នាក់។
បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួច អ្នកចូលរួមទាំងអស់បានឡើងមកបន្ទប់ធំនៅជាន់ទី៥ ដើម្បីប្រមូលផ្តុំសម្រាប់វគ្គល្បែងថាមពល និងការឆ្លុះបញ្ចាំងពីរយៈពេលពីរថ្ងៃមកនេះ ជាពិសេសថ្ងៃម្សិល។ ថ្ងៃចុងក្រោយមានវគ្គសរុបចំនួន២១ រួមទាំងវគ្គចែករំលែក និងការពិភាក្សាជាក្រុម។ ដូចពីរថ្ងៃផ្សេងទៀតដែរ អ្នកចូលរួមត្រូវបានអញ្ជើញឱ្យចូលរួមវគ្គណាមួយដែលពួកគេចាប់អារម្មណ៍។ ដូចពីរថ្ងៃដំបូងដែរ វគ្គទាំងអស់ត្រូវបានធ្វើឡើងដោយឡែកពីគ្នានៅក្នុងបន្ទប់ចែកចេញជាបីផ្សេងគ្នា ដែលមានប្រធានបទគួរឱ្យចាប់អារម្មណ៍ ខុសៗគ្នាជាច្រើនក្រោមមូលបទធំៗបីដូចជា សារព័ត៌មានទិន្នន័យ សន្តិសុខឌីជីថល និងទិន្នន័យបើកទូលាយ។ នៅក្នុងបន្ទប់ធំនៅជាន់ទី៥ វគ្គត្រូវបានធ្វើឡើងទាំងតាមអ៊ីនធឺណិត និងដោយផ្ទាល់មុខ។
នៅក្នុងបន្ទប់ទី១ វគ្គចំនួន៧ សម្រាប់ប្រធានបទចំនួនប្រាំពីរដូចគ្នាត្រូវបានរៀបចំ និងដាក់បញ្ចូល។ ប្រធានបទគឺរួមមាន ទស្សនីយកម្មទិន្នន័យ ការប្រើប្រាសវិទ្យាសាស្ត្រទិន្នន័យ ដើម្បីកែលម្អសេវាសាធារណៈ និងដំណើរការភាសាធម្មជាតិ។ បន្ទាប់ពីអាហារថ្ងៃត្រង់ បួនវគ្គទៀតត្រូវបានដាក់ថែមជាបន្តបន្ទាប់។ ទាំងនោះមានដូចជា៖ អភិបាលកិច្ចទិន្នន័យក្នុងអាស៊ាន និងការជាប់ពាក់ព័ន្ធចំពោះប្រទេសកម្ពុជា បើកដំណើរការទិន្នន័យបើកទូលាយផ្សេងៗគ្នាជាមួយ Internet-of-Things, ការជឿទុកចិត្តលើទិន្នន័យ និង ឆ្ពោះទៅរកហេដ្ឋារចនាសម្ព័ន្ធព័ត៌មានលំហជាតិ។
បន្ទប់ទី២ សម្បូរទៅដោយវគ្គល្អៗដូចជា សេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិតរបស់មីយ៉ាន់ម៉ា ការចូលរួមនយោបាយក្នុងរបបក្រោយអំណាចផ្តាច់ការក្នុងយុគសម័យឌីជីថល៖ ការយល់ដឹងពីប្រទេសកម្ពុជា សិទ្ធិទិន្នន័យជាកណ្តាលឌីជីថលនៅកម្ពុជា។ បន្ទាប់ពីអាហារថ្ងៃត្រង់ យើងមានប្រធានបទដូចជា សារព័ត៌មានចល័ត សន្តិសុខ WordPress សម្រាប់អ្នកចាប់ផ្តើមដំបូង និង ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា។
វគ្គនៅក្នុងសាលធំមានដូចជា អាជ្ញាប័ណ្ណប្រភពបើកទូលាយ Creative Commons និងរបៀបប្រើពួកវា សារព័ត៌មានចល័ត ផលប៉ះពាល់នៃការរឹតត្បិតសិទ្ធិឌីជីថលលើសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋសកម្មនៅលើអ៊ីនធឺណិត វគ្គចែករំលែកអំពីការប្រើប្រាស់ VPN ការផ្សាយផតខាស ការនិទានរឿងដោយទិន្នន័យ និងការពិភាក្សា៖ ទិដ្ឋភាពឌីជីថលក្នុងតំបន់មេគង្គ។
ក្នុងអំឡុងពេលបីថ្ងៃនេះ ដោយផ្អែកលើការសង្កេត វគ្គដែលមានការចូលរួម និងសកម្មបំផុតត្រូវបានបែងចែក និងលម្អិតដូចខាង ក្រោម៖
នៅថ្ងៃដំបូង វគ្គដែលសកម្មបំផុតគឺ ការពិភាក្សាលើក្រុម៖ MyData4Children ដោយ Dixon Sui និង Jean Queralt ព្រមទាំង លោក ញ៉ែម ពិសិដ្ឋ សវនកម្មសន្តិសុខឌីជីថលដោយ ង៉ែត ម៉ូសេ និង The Glass Room, Data Detox Kit, and Digital Enquirer Kit ដែលដឹកនាំដោយវាគ្មិនរបស់យើង Safa និង Mohamad ។
នៅក្នុងបន្ទប់ទី១ ការពិភាក្សាជាក្រុម៖ My Data4Children បន្ទាប់ពីសិក្ខាសាលា MyData4Children វគ្គពិសេសមួយដែលមានតែកុមារត្រូវបានអនុញ្ញាតឱ្យចូល មានការពិភាក្សាជាក្រុមលើ MyData4Children ។ ប៉ុន្តែលើកនេះ ឪពុកម្តាយ និងអ្នកចូលរួមបាននៅក្នុងបន្ទប់បំបែកដើម្បីពិភាក្សាអំពីការការពារ និងការណែនាំរបស់ កុមារ និងបញ្ហាប្រឈមដែលឪពុកម្តាយកំពុងជួបប្រទះទាក់ទងនឹងអាកប្បកិរិយារបស់កុមារចំពោះ ការប្រើប្រាស់អ៊ីនធឺណិត។
នៅក្នុងបន្ទប់ទី២ វាគ្មិនបានចាប់ផ្តើមដោយសួរសំណួរជាច្រើនទាក់ទងនឹងសវនកម្មសុវត្ថិភាពឌីជីថលដល់អ្នកចូលរួម។ បន្ទាប់មក អ្នកចូលរួមជាច្រើនឆ្លើយសំណួរ ហើយវាគ្មិនឆ្លើយយ៉ាងខ្លីឱ្យលម្អិតបន្ថែមទៀតដល់អ្នកចូលរួម។ វាគ្មិនបាននិយាយថា សវនកម្មសុវត្ថិភាពឌីជីថលមានសារៈសំខាន់ ដោយសារវាជួយក្នុងការកំណត់ថាតើមានបញ្ហាសន្តិសុខ និងការគំរាមកំហែងដល់អាជីវកម្ម និងប្រតិបត្តិការបច្ចេកទេសរបស់ក្រុមហ៊ុនដែរឬទេ។ វាក៏ធ្វើអោយប្រសើរឡើងនូវសុវត្ថិភាពរឹងមាំដោយការរកឃើញភាពងាយរងគ្រោះ និងការគំរាមកំហែង និងការរំលេចទំនាក់ទំនងខ្សោយ និងសកម្មភាពដែលមានហានិភ័យខ្ពស់។
នៅក្នុងសាលធំ វគ្គដែលទាក់ទាញបំផុតគឺលើប្រធានបទនៃបន្ទប់កញ្ចក់ កញ្ចប់ទិន្នន័យ និងឧបករណ៍សាកសួរព័ត៌មានឌីជីថលដែលបង្ហាញដោយ Safa និងសហការី Mohamad ។ បរិយាកាសពិតជាអស្ចារ្យ និងមានអន្តរកម្ម ខណៈដែលអ្នកចូលរួមជាច្រើនបានស្ម័គ្រចិត្តចែករំលែកយោបល់របស់ពួកគេ។ ការលេងល្បែងទស្សន៍ទាយទីក្រុង (City spotting) គឺជាសកម្មភាពដែលអ្នកចូលរួម បានចូលរួមយ៉ាងសកម្ម ដោយចូលទៅជិតអេក្រង់បង្ហាញ ដើម្បីព្យាយាមស្វែងរកតម្រុយ និងទស្សន៍ទាយទីក្រុងដែលបានបង្ហាញ។
នៅថ្ងៃទី២ វគ្គដែលមានការចាប់អារម្មណ៍ជាងគេគឺ ទិន្នន័យបរិស្ថានបើកទូលាយដោយ Saowalak Jinjungvisut, ការអនុវត្តអនាម័យឌីជីថលដោយ ជី សុផាត និង ការសម្ភាសទិន្នន័យ និងការធ្វើឱ្យទិន្នន័យមានភាពសាមញ្ញដោយ ម៉ារឌី។ នៅក្នុងបន្ទប់លេខ១ លោកស្រី Saowalak Jingjungvisut បានធ្វើបទបង្ហាញទៅកាន់អ្នកចូលរួមចំនួន៣៥នាក់ ដែលក្នុងនោះមានស្ត្រី១៣នាក់ ស្តីពី “ទិន្នន័យបរិស្ថានបើកទូលាយ” ដែលសុទ្ធតែជាអ្នកបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រធានបទនេះ។ វគ្គនេះបានលើកឡើងជុំវិញបញ្ហាប្រឈមនៃការទទួលបានទិន្នន័យដោយសេរី និងបើកទូលាយទាក់ទងនឹងបរិស្ថាន រួមទាំងទិន្នន័យស្តីពីការបំពុលបរិយាកាស និងទឹកស្អាត។ បញ្ហាប្រឈមដ៏សំខាន់បំផុតចំពោះទិន្នន័យបរិស្ថានបើកទូលាយ ដែលជាការចូលប្រើប្រាស់ទិន្នន័យត្រូវបានគូសបញ្ជាក់ និងដោះស្រាយ។ លើសពីនេះទៀត អ្នកស្រី ក៏បានបង្ហាញពីវិធីសាស្ត្រស្រាវជ្រាវ និងការរកឃើញសំខាន់ៗនៃការស្រាវជ្រាវទាក់ទងនឹងទិន្នន័យបរិស្ថាន ដែលជាការបិទបញ្ចប់បទបង្ហាញរបស់អ្នកស្រី។
នៅបន្ទប់ទី២ លោកសុផាតបានថ្លែងទៅកាន់អ្នកចូលរួមអំពីការអនុវត្តអនាម័យឌីជីថល។ ក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញ គាត់បានលើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យចូលរួមក្នុងការពិភាក្សាដោយចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការប្រើប្រាស់ទូរស័ព្ទ និងអ៊ីម៉ែល និងការការពារឯកជនភាពរបស់ពួកគេ។
នៅក្នុងសាលធំ ម៉ារឌីបានចាប់ផ្តើមជាមួយនឹងសំណួរសាមញ្ញៗដែលសួរទៅកាន់អ្នកចូលរួម ហើយទទួលបានចម្លើយទៅវិញ។ វគ្គនេះក៏សកម្មផងដែរ ដោយសារវាគ្មិនបានលេងកំសាន្ដ និងធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នកចូលរួមបានល្អ។
នៅថ្ងៃចុងក្រោយ វគ្គដែលចាប់អារម្មណ៍បំផុតគឺការប្រើប្រាស់វិទ្យាសាស្ត្រទិន្នន័យដើម្បីកែលម្អសេវាសាធារណៈ ដោយ ឆន ឆាយយុទ្ធ។ សារព័ត៌មានចល័តដោយ Le Nguyen ។ លើសពីនេះ អាជ្ញាបណ្ណប្រភពបើកទូលាយ Creative Commons និងរបៀបប្រើពួកវាដោយ Chiang Poren និងផលប៉ះពាល់នៃការរឹតត្បិតសិទ្ធិឌីជីថលលើសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋសកម្មនៅលើអ៊ីនធឺណិត ដោយ ហ៊ឹម ខទៀត។
នៅក្នុងបន្ទប់ទី១ ការប្រើប្រាស់វិទ្យាសាស្ត្រទិន្នន័យ ដើម្បីកែលម្អសេវាសាធារណៈ ដោយ ឆន ឆាយយុទ្ធ។ វាគ្មិនបានចាប់ផ្ដើមវគ្គដំបូងដោយបង្ហាញអ្នកចូលរួមនូវក្រាហ្វមួយចំនួន ហើយសុំឱ្យពួកគេវិភាគក្រាហ្វ។ បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញ លោកបានសួរអ្នកចូលរួមចំនួន៤សំណួរតាមរយៈការវាយតម្លៃការអានកម្រិតដំបូង (ERGA) ទាក់ទងនឹងសមត្ថភាពអានរបស់សិស្សថ្នាក់ទី១ និងទី២ ពីទិន្នន័យឆ្នាំ២០១៨ និង២០១៩។ បន្ទាប់មកវគ្គនេះបានប្រែក្លាយទៅជាវគ្គសំនួរ និងចម្លើយ និងវគ្គចែករំលែកដោយអ្នកចូលរួម។
ទាំងនៅបន្ទប់លេខ២ និងសាលធំ វគ្គដែលបានធ្វើបទបង្ហាញដោយលោក Le Nguyen ដែលជាអ្នកផលិត/អ្នកសារព័ត៌មានពហុប្រព័ន្ធផ្សព្វផ្សាយ លើប្រធានបទ សារព័ត៌មានចល័ត។ វគ្គរបស់លោកមានអ្នកចូលរួមសរុប២៧នាក់។ លោក Nguyen បានពន្យល់ជាចម្បងលើបញ្ហាបច្ចេកទេសនៃការប្រើប្រាស់ទូរសព្ទដៃដើម្បីថតរូបភាព និងវីដេអូក្នុងគោលបំណងរាយការណ៍ព័ត៌មាន។
នៅសាលធំ ថ្ងៃនេះត្រូវបានចាប់ផ្តើមជាមួយនឹងវគ្គអនឡាញដែលធ្វើបទបង្ហាញដោយលោក Chiang Poren អ្នកស្រាវជ្រាវច្បាប់ឌីជីថល និងជាអ្នកបង្កើតកម្មវិធី។ អ្នកចូលរួមសរុបចំនួន១១ នាក់បានចូលរួមវគ្គនេះ។ វគ្គរបស់លោកភាគច្រើនគ្របដណ្តប់លើបញ្ហាអាជ្ញាប័ណ្ណ និងសិទ្ធិចម្លង។ គាត់បង្ហាញពីសារៈសំខាន់ជាមូលដ្ឋាននៃការប្រើប្រាស់អាជ្ញាប័ណ្ណត្រឹមត្រូវ និងផ្តល់អាជ្ញាប័ណ្ណសិទ្ធិដល់អ្នក និពន្ធដើម ក៏ដូចជាប្រភពដើម។ បន្ទាប់មក Poren ពន្យល់ពីសារៈសំខាន់សំខាន់នៃច្បាប់ពាក់ព័ន្ធនឹងអ៊ីនធឺណិតទាំងក្នុងស្រុក និងអន្តរជាតិ។ ជាដំបូង គាត់បានលើកឡើងពីសារៈសំខាន់នៃច្បាប់រក្សាសិទ្ធិ។ លោកបាននិយាយថាច្បាប់រក្សាសិទ្ធិភាគច្រើនការពារការរក្សាសិទ្ធិបន្ទាប់ពីម្ចាស់ដើមបានស្លាប់ ដែលច្បាប់នេះមានភាពខុសគ្នាអាស្រ័យលើប្រទេសនិមួយៗ។ បន្ទាប់មក អ្នកចូលរួមត្រូវបានប្រមូលផ្តុំគ្នានៅខាងក្រៅបន្ទប់សម្រាប់ការសម្រាកកាហ្វេដប់ប្រាំនាទី។ វគ្គមួយទៀតដែលនិយាយអំពីផលប៉ះពាល់នៃការរឹតត្បិតសិទ្ធិឌីជីថលលើសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋសកម្មនៅលើអ៊ីនធឺណិតក៏មានការចាប់អារម្មណ៍ខ្លាំងដែរ។
មុននឹងចាប់ផ្តើមធ្វើបទបង្ហាញ លោក ហ៊ឹម ខទៀត បានអញ្ជើញលោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ដើម្បីឡើងថ្លែងសុន្ទរកថាខ្លី។ លោកបានលើកឡើងអំពីហេតុផលដែលនៅពីក្រោយការបង្កើត ខេមបូចា ជាសម្ព័ន្ធអ្នកសារព័ត៌មាន ដើម្បីគាំទ្រអ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា។ ខេមបូចា ក៏បានធ្វើការស្រាវជ្រាវមួយដោយសហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) លើប្រធានបទសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត ដោយសាររដ្ឋាភិបាលបាន និងកំពុងធ្វើការលើច្បាប់នេះ ដូច្នេះហើយវាមានសារៈសំខាន់ក្នុងការធ្វើការស្រាវជ្រាវនេះ ដើម្បីសិក្សាពីផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាននៃច្បាប់ទាំងនេះ ដែលក្នុងនោះការរកឃើញនឹងត្រូវបានធ្វើបទបង្ហាញដោយអ្នកប្រឹក្សាការស្រាវជ្រាវ។
ព្រឹត្តិការណ៍ខែមទាំងមូលត្រូវបានបញ្ចប់ជាមួយនឹងអាហារពេលល្ងាចដ៏អស្ចារ្យ។ អ្នកចូលរួម អ្នកស្ម័គ្រចិត្ត គណៈកម្មាធិការរៀបចំ វាគ្មិន និងភ្ញៀវទាំងអស់ មានសេចក្ដីសោមនស្សរីករាយ និងបានសម្ដែងការត្រេកអរយ៉ាងខ្លាំងនឹងពេលវេលាដែលបានចំណាយជាមួយគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប។ សេចក្តីថ្លែងការណ៍បូកសរុបត្រូវបាននាយកប្រតិបត្តិនៃអង្គការអូឌីស៊ី លោក ធី ទ្រី ថ្លែងក្នុងការសង្ខេប និងបញ្ចប់ព្រឹត្តិការណ៍នេះជាផ្លូវការ។