ចាំពេលយើងជួបគ្នាម្តងទៀត

ចំហាយ​ក្លិន​និទាឃរដូវ​បាន​សាយភាយ​ក្នុង​បរិយាកាស។ សញ្ញា​នៃ​និទាឃរដូវ​លេចឡើង​គ្រប់​ទីកន្លែង​ យើង​ឃើញ​មាន​ផ្កា​ពណ៌​ខៀ​វតូចៗ ផ្កាដា​ហ្វូ​ឌី​លព​ណ៌​លឿង ធូ​លី​បពណ៌ក្រហម​និង​ពណ៌ស្វាយ ព្រមទាំង​ផ្កា​លី​លី​នៅ​ជ្រលងភ្នំ​ពណ៌ស​ផង​ដែរ។ ស្លឹកឈើ​ពណ៌បៃតង​បាន​លូតលាស់​ចេញពី​មែក​សាខា​របស់​ដើមឈើ​ទាំងឡាយ ដែល​ពីមុន​មិន​មាន​ស្លឹក​សោះ។ ដី​មាន​សំណើម​បាន​បញ្ចេញ​ក្លិន​ពី​ភ្លៀង​កាលពីយប់មិញ​ ហើយ​ព្រះអាទិត្យ​បាន​ចែងចាំង​រស្មី​យ៉ាង​ភ្លឺ​ថ្លា។ រដូវរងា​បាន​កន្លង​ផុត​ទៅ ហើយ​និទាឃរដូវ​ក៏បាន​ចូល​មកដល់។ បើ​ទោះបីជា​ធម្មជាតិ​មាន​ភាព​រីករាយ ក៏ប៉ុន្តែ​បរិយាកាស​នៅក្នុង​សាលា​វិញ​បែរជា​មាន​សភាព​ស្ងប់ស្ងាត់​គួរ​ឱ្យ​ខ្លាច។ នៅពេល​ជំងឺរាតត្បាត​មេរោគ​កូ​វីដ-១៩ បាន​ឈានជើង​ចូលក្នុង​ជីវិត​យើង​ អ្វី​ៗទាំងអស់​បាន​ប្រែប្រួល​ខុសពី​ធម្មតា។ ភាព​ភ័យខ្លាច​និង​ការ​ព្រួយបារម្ភ​បាន​រុំ​ព័ទ្ធ​ពួក​យើង ហើយ​យើង​មានតែ​សង្ឃឹមថានឹង​បាន​វិល​ទៅ​ធម្មតា​វិញ​ប៉ុណ្ណោះ។ បើ​ទោះបីជា​មានហេតុ​កើតឡើង​បែបនេះ​ក៏ដោយ ខ្ញុំ​បាន​ងើយ​សម្លឹង​ទៅ​មើល​មេឃ លើកដៃ​បាំង​កម្តៅថ្ងៃ​ ហើយ​ខ្ញុំ​ក៏បាន​ញញឹម។ ខ្ញុំ​បាន​មាន​ក្តី​សង្ឃឹម​ឡើងវិញ​ ដោយសារតែ​សម្រស់​នៃ​គ្រប់យ៉ាង​ដែល​នៅ​ជុំវិញ​ខ្ញុំ។

នៅពេល​ខ្ញុំ​ឈានជើង​ដំបូង​ចូល​បរិវេណ​របស់ Beloit​ ក្នុង​ការ​ចាប់ផ្តើម​ទំព័រ​ថ្មី​ក្នុង​ជីវិត ខ្ញុំ​គ្រាន់តែ​ព្រួយបារម្ភ​ពី​ភាពត្រជាក់​ និង​ការរៀនសូត្រ ការបង្កើត​មិត្ត​ភក្តិ​ថ្មី​ៗ និង​ការ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​បន្ទប់​ខ្ញុំ​ឈ្មោះ​ ប្រី​អាន់​ណា។ ខ្ញុំ​មិនបាន​រំពឹង​ទាល់តែសោះ​ថា​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​មួយ​មាន​ក្នុង​នោះ​ដែរ។ នៅពេល​ខ្ញុំ​ព្រមទាំង​មិត្តភក្តិ​និយាយ​លាគ្នា​នៅ​ខែ​មីនា ពួក​យើង​មិន​រំពឹង​ថា​នឹង​មិនបាន​ជួបគ្នា​លើស​ពី​មួយ​សប្តាហ៍​ទេ។ យើង​បាន​លាគ្នា តែ​គិតថា​នឹង​ជួបគ្នា​វិញ​បន្ទាប់ពី​សម្រាក​មួយ​សប្តាហ៍​ហើយ។ ប៉ុន្តែ​អ្វី​ៗគឺ​ខុសពី​ការ​គិត​របស់​យើង​ទាំងស្រុង។

សកម្មភាព​ក្នុង​សាលា​ទាំងអស់​ត្រូវ​បាន​ផ្អាក។ គ្មាន​ការប្រកួត​កីឡា​ គ្មាន​ការ​ប្រគំតន្ត្រី គ្មាន​សកម្មភាព​ជា​ក្រុម គ្មាន​ការប្រជុំ​អ្វី​ទាំងអស់។ និស្សិត​ដែល​បាន​ចេញពី​សាលា​សម្រាប់​ការសម្រាក​មួយ​សប្តាហ៍​ មិន​អាច​វិល​វិញ​បាន។ បន្ទាប់មក​ទៀត ក៏​មាន​សេចក្តី​ប្រកាស​ថា​នឹង​ត្រូវ​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ។ ក្នុងរយៈពេល​តែ​ពីរ​សប្តាហ៍​ គ្រប់គ្នា​ច្របូកច្របល់​ខ្លាំង។ សាស្ត្រា​ចារ្យ​បង្រៀន​ម្នា​ក់ៗ​មាន​បញ្ហា​ក្នុង​ការប្រើ​ប្រាស់​ Zoom ហើយ​សិស្ស​និស្សិត​ក៏​មិន​ស៊ាំ​នឹង​ការ​រៀន​បែបនេះ​ ហើយ​មិន​សប្បាយចិត្ត​ដែល​មិនបាន​ជួប​មុខ​គ្នា។ ខ្ញុំ​ក៏​មានការ​ព្រួយបារម្ភ​ពី​គ្រួសារ​នៅ​កម្ពុជា​ និង​មិត្តភក្តិ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក ជាពិសេស​គ្រូ​ណែនាំ​នៅ​ញូ​វយ៉​ក ដែល​ជាទី​កន្លែង​មាន​ករណី​កូ​វីដ-១៩ច្រើន។ ខ្ញុំ​បាន​ត្រឹមតែ​រង់ចាំ​ប៉ុណ្ណោះ។ ចំនួន​ករណី​អ្នក​ដែល​ឆ្លង​ជំងឺ​បាន​កើនឡើង​ ហើយ​អ្នក​ស្លាប់​ក៏​មាន​កាន់តែ​ច្រើន​ទៀត។ ប្រទេស​នី​មួយ​ៗត្រូវ​បាន​បិទ។ ការ​ធ្វើ​ដំ​ណើរ​ផ្សេង​ៗត្រូវ​បាន​ផ្អាក។ គ្រប់​ជំនួញ​អាជីវកម្ម​ទាំងអស់​ត្រូវ​បាន​បិទ។ អ្វី​ៗមើលទៅ​មិនល្អ​សោះ។

ខ្ញុំ​ពិតជា​កោតសរសើរ​ខ្លាំង​ណាស់​ដែល​មនុស្ស​ទាំងអស់​មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រឈម​នឹង​​ជំងឺ​​នេះ​ ពេល​មាន​បច្ចេកវិទ្យា​ជួយ​សម្រួលការ​ទំនាក់ទំនង។ ខ្ញុំ​បានទូរស័ព្ទ​​ទៅ​គ្រួសារ​និង​មិត្តភក្តិ​រាល់ថ្ងៃ។ សាស្ត្រា​ចារ្យ​របស់ខ្ញុំ​បាន​ផ្ញើ​អ៊ី​ម៉ែ​លម​កសួរ​សុខ​ទុក្ខ​ខ្ញុំ។ នៅពេល​រៀន​តាម​ Zoom ​ពួក​យើង​បើក​កាមេរ៉ា ដើម្បី​បាន​មើល​មុខ​គ្នា។ មិត្តភក្តិ​ខ្ញុំ​និង​ខ្ញុំ​ញ៉ាំ​អាហារ​តាម​អន​ឡាញ​ ដោយ​មើល​មុខ​គ្នា​តាម​វីដេអូ។ ដោយសារ​មាន​បច្ចេកវិទ្យា​ទើប​យើង​ទាំងអស់គ្នា​អាច​រក្សា​ទំនាក់ទំនង​បាន​ក្នុង​ពេល​ដែល​យើង​ត្រូវ​រក្សា​គម្លាត​ពីគ្នា។

ប្រព័ន្ធ​អន​ឡាញ​ពិតជា​ល្អ​ក៏​ពិតមែន​ តែ​ក៏​ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​ក្នុង​ការ​រក្សា​ទម្លាប់​ល្អ​មួយ​ប្រចាំថ្ងៃ​ផង​ដែរ។ ខ្ញុំ​តែងតែមាន​អារម្មណ៍​ថា​ចង់​ចូលរៀន​ដោយ​មិនបាច់​ទៅណា​ គ្រាន់តែ​ក្រោក​ឡើង​ហើយ​រៀន​នៅ​លើ​គ្រែ​តែម្តង។ ដូចនេះ​ហើយ ខ្ញុំ​ក៏​សម្រេចចិត្ត​សរសេរជា​បញ្ជី​រៀបរាប់​ពី​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ប្រចាំថ្ងៃ​ ដើម្បី​ឱ្យ​ខ្លួនឯង​មាន​វិន័យ​មួយ​និង​អាច​បញ្ចប់​កិច្ចការ​បាន​ជោគជ័យ។ ខ្ញុំ​ក៏​ឃើញថា​ការ​ស្លៀកពាក់​ដូចដែល​ខ្ញុំ​ធ្លាប់​ស្លៀកពាក់​ពេល​ទៅរៀន​ក្នុង​ថ្នាក់​ផ្ទាល់​ដូចធម្មតា​ គឺ​ជួយ​ខ្ញុំ​ឱ្យ​មាន​វិន័យ​ផង​ដែរ។

ក្នុង​គ្រា​ដ៏​លំបាក​នេះ​ ខ្ញុំ​លំហែអារម្មណ៍​ដោយ​ការ​ដើរលេង​ជុំវិញ​បរិវេណ​សាលា​ជា​រៀងរាល់ថ្ងៃ​ ហើយក៏​បាន​ធូរស្បើយ​ចិត្ត​ពេល​ឃើញ​ផ្ការីក​ព្រោងព្រាត​នៅ​ទីកន្លែង​ដែល​ធ្លាប់តែ​មាន​ពណ៌ស​ព្រោះ​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ព្រិល​កាលពី​រដូវរងា។ ខ្យល់​បក់​តិច​ៗបាន​ធ្វើ​ឱ្យ​ខ្ញុំ​ស្រឡះ​ខួរក្បាល។ នៅពេល​ខ្ញុំ​ជួប​អ្នកណា​ម្នាក់​ដែល​កំពុង​ដើរ​ដូចគ្នា ពួក​យើង​ញញឹម​ឬលើកដៃ​ដាក់គ្នា។ នៅ​ថ្ងៃមួយ​ ខ្ញុំ​ក៏បាន​ឃើញ​សារ​ជាច្រើន​នៅ​តាមផ្លូវ។ សារ​ទាំងនោះ​ស្រស់​ស្អាត ពោរពេញ​ដោយ​ក្តី​សង្ឃឹម​និង​ការ​លើកទឹកចិត្ត។ ខ្ញុំ​ពិតជា​ត្រេកអរ​ខ្លាំង​ណាស់ និង​អរគុណ​ដល់​អ្នក​ដែល​ចំណាយពេល​សរសេរ​សារ​ទាំងនោះ។ ខ្ញុំ​ត្រូវការ​ការ​លើកទឹកចិត្ត​ពីសា​រទាំង​នោះ​ ហើយ​គិតថា​អ្នកដទៃ​ទៀត​ក៏​មាន​អារម្មណ៍​ដូច​ខ្ញុំ​ដែរ។

នៅពេល​ខ្ញុំ​មិនដឹង​ថាត្រូវ​ធ្វើអ្វី​ដើម្បី​មាន​សុខភាព​ផ្លូវចិត្ត​ល្អ​និង​សកម្ម​ ខ្ញុំ​ងាក​ទៅ​រក​សៀវភៅ។ ការ​អាន​សៀវភៅ​គឺជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​ ជាពិសេស​នៅក្នុង​ពេលនេះ​ដែល​ខ្ញុំ​ត្រូវការ​សម្រាក​ខ្លះ។ បើ​ទោះបីជា​អ្នក​មិន​អាច​ទៅលេង​សមុទ្រ​ឬទៅ​ឡើងភ្នំ​បាន​ យ៉ាងហោចណាស់​អ្នក​អាច​ស្រមៃ​ថា​បាន​ទៅ​ភព​ផ្សេង​ហើយ​អ្នកប្រយុទ្ធ​ជាមួយ​បិសាច​ ដោះស្រាយ​អាថ៌កំបាំង ឬរៀន​មន្តអាគម​និង​ជិះ​អំបោស​ហោះ។ ការ​អាន​សៀវភៅ​ពិតជា​សប្បាយ​ខ្លាំង​ណាស់។

រហូតដល់​យើង​ត្រលប់​ទៅ​សភាព​ធម្មតា​វិញ​ យើង​ត្រូវ​ចងចាំ​ថា​យើង​នឹង​ឆ្លងកាត់​រឿង​នេះ​បាន ហើយ​មិនមែន​តែម្នាក់ឯង​ទេ​តែ​ជាមួយគ្នា។ បើ​ទោះបីជា​គ្រានេះ​ពិបាក​ខ្លាំង​ តែ​យើង​ដឹង​ថា​យើង​មាន​អត្ថន័យ​សម្រាប់​គ្នា​ទៅវិញទៅមក។ នៅពេល​យើង​ជួបគ្នា​ម្តង​ទៀត​ ចូរ​ចាំ​ថាត្រូវ​តែ​ឱប​អ្នកជា​ទីស្រឡាញ់​ឱ្យ​ខ្លាំង​ហើយ​និយាយ​ជាមួយគ្នា​ កុំ​រវល់​តែ​មើល​ទូរស័ព្ទ។

ជូនចំពោះ​មិត្តភក្តិ ក្រុម​គ្រួសារ​ និង​អ្នក​ទាំងអស់គ្នា​នៅ​ជុំវិញ​ពិភពលោក​! សូម​ថែរក្សា​ខ្លួនឯង​ឱ្យ​មាន​សុវត្ថិភាព។ ខ្ញុំ​នឹក​អ្នករាល់គ្នា​ណាស់។ ព្យុះ​នេះ​នឹង​កន្លង​ផុត​ទៅជា​មិនខាន។ នៅពេល​នេះ​ សូម​ឱ្យ​អ្នក​ស្រស់ស្រាយ​ដូចជា​ផ្កា​ធូ​លី​បខាងក្រោម។ ចាំ​ជួបគ្នា​ម្តង​ទៀត​ណា!

ប្លុក​សរសេរ​ដោយ​៖​

កញ្ញា ផាន វល័ក្ខ

ជ័យ​លា​ភី​លេខ​ ១​ នៃ​ការ​ប្រកួត​សរសេរ​ប្លុក​ស្តី​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ ICT​ ក្នុង​ការ​សិក្សា​ និង​ធ្វើការ​ពី​ផ្ទះ​ក្នុងអំឡុងពេល​កូ​វី​ដ​-១៩​​

កញ្ញា​ ​វល័ក្ខ​ គឺជា​និស្សិត​កំពុង​បន្ត​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​ ​Beloit​ ​នៅ​សហរដ្ឋ​អាមេរិក​។​​​