ការសម្របខ្លួនទៅនឹងទំលាប់ថ្មីអំឡុងពេលវីរុសកូវីដ ១៩ កំពុងផ្ទុះ
ចាប់តាំងពីពេលមានកូវីដ ១៩ ខ្ញុំវាយតម្លៃគុណភាពនៃជីវិតរបស់ខ្ញុំត្រឹម ៧ បើគិត ពី ០ ដល់ ១០។ ចាស់ៗតែងឪវាទថារបស់ប្រើប្រាស់គ្រាន់តែជារបស់ក្រៅខ្លួន កុំឲ្យវាមកផ្លាស់ប្តូរជីវិតយើង ប៉ុន្តែការមកដល់នូវវីរុសកូវីដនេះ ធ្វើឲ្យផ្លាស់ប្តូរគ្រប់យ៉ាង។ មានអ្វីច្រើនណាស់ដែលខ្ញុំមិនធ្លាប់បានធ្វើពីមុន ហើយវាក៏ដូចជាដំណើរផ្សងព្រេងថ្មីមួយក្នុងការស្វែងរកក្តីសុខអំឡុងពេលដែលស្ថានភាពកំពុងវឹកវរបែបនេះ។
ទំលាប់ថ្មីសម្រាប់ការធ្វើការ
ក្នុងជំនាន់ “ការងារពីផ្ទះ” នេះ ការធ្វើដំណើរបែបនិមិត្ត និងការដេកស្រមើស្រមៃបានក្លាយជាទំលាប់ធម្មតាថ្មីមួយក្នុងជីវភាពបច្ចុប្បន្ន។ ខ្ញុំនៅចាំបានថា នៅថ្ងៃដែលគេប្រាប់ឲ្យចាប់ផ្តើមធ្វើការពីផ្ទះ អារម្មណ៍រាងប្លែកបន្តិច ប៉ុន្តែបើគិតទៅក៏វាមិនជាលំបាកខ្លាំងសម្រាប់ពួកយើងដែរ ព្រោះថាការងារមួយចំនួនធំគឺពឹងលើអ៊ីនធើណេតមិនប្រកាន់ថាត្រូវតែធ្វើពីទីណានោះទេ។ ពួកយើងធ្លាប់នឹងរបៀបប្រើប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ជាពិសេសគឺការដែលការងាររបស់យើងមិនតម្រូវឲ្យជួបគ្នាជាញឹកញាប់។ បើគិតទៅបច្ចេកវិទ្យាជឿនលឿនបានធ្វើឲ្យមានការប្រែប្រួលក្នុងការធ្វើការរបស់យើងយូរមកហើយ គ្រាន់តែមិនបានចាប់អារម្មណ៍។ ជាមួយនឹងជម្រើសថ្មីនោះ ដឹងថាខ្លួនគ្រាន់តែត្រូវសម្របបន្តិចទៅនឹងបរិយាកាសថ្មីក្នុងការធ្វើការប៉ុណ្ណោះ។
មានឃ្លាល្បីមួយចំនួនត្រូវបានផ្សព្វផ្សាយថា ‘អ្វីៗគ្រប់យ៉ាងស្ថិតក្រោមម្រាមដៃអ្នក’ ‘ទិញទំនិញទាំងអស់ក្នុងកន្លែងតែមួយ’ ‘កញ្ចក់វេទមន្ត’ គិតទៅវាដូចទៅនឹងអ្វីដែលត្រូវការពិតមែន។ អំឡុងពេលរក្សាគម្លាតសុវត្ថិភាព ខ្ញុំធ្វើដំណើរយ៉ាងសកម្មពីគេហទំព័រមួយទៅមួយទៀត ដូចដែលតែងតែដើរចុះឡើងនៅការិយាល័យដែរ។ កាលនោះខ្ញុំមាន Zoom ជំនួសបន្ទប់ប្រជុំ Telegram ជំនួសបន្ទប់សំណេះសំណាល់ Muuve ជាហាងកាហ្វេនៅជិតការិយាល័យ ហើយក៏អរគុណ Youtube, Netflix, Facebook, និង Instagram ដែលជួយសម្រួលពេលថប់អារម្មណ៍ម្តងៗ និងការកំសាន្តនានាអំឡុងពេលនោះ។
ដឹងថាគួរធ្វើអ្វីខ្លះ
ខ្ញុំគិតថាអ្វីដែលសំខាន់បំផុតក្នុងគ្រានោះគឺការឲ្យតម្លៃ និងគុណភាពលើខ្លួនឯង ជឿជាក់ថាគេឲ្យប្រាក់ខែយើង លើគុណភាពការងារ មិនមែនពេលវេលាយើងទេ។ ការគោរពពេលប្រគល់ការងារ និងភាពជឿជាក់ដើរតួនាទី សំខាន់ ត្រូវដឹងថាពេលណាគួរចាប់ផ្តើមធ្វើ ហើយបញ្ចប់ និងវិធីហ្វឹកហាត់ផ្នត់គំនិត និងរាងកាយសម្រាប់ការផ្លាស់ប្តូរនេះ។ ខ្ញុំជួបការលំបាកមួយចំនួន ដែលពេលនោះចង់បញ្ជាក់ថា ខ្លួនជាមនុស្សដែលអាចបត់បែនបានលឿន និងងាយទទួលយកការផ្លាស់ប្តូរនានាក្នុងកាលវិភាគរបស់ខ្លួន។ ខ្ញុំបានសាកវីធីដែលលំបាកជាច្រើនដូចជាការ រក្សាច្បាប់ទំលាប់ត្រឹមត្រូវ និងតឹងរឹងប៉ុន្តែអ្វីដែលបានមកវិញគឺគ្រាន់តែការឈឺខ្លួន និងសោកស្តាយ។ បន្ទាប់មកខ្ញុំក៏សាកដើរតាមវិធីងាយសម្រាប់ខ្លួនវិញ ព្រោះគិតថាអ្វីៗកំពុងតែលំបាកស្រាប់ទៅហើយ ហេតុអ្វីចាំបាច់យកទុក្ខដាក់ខ្លួនថែមទៀត? ខ្ញុំក៏សម្រេចចិត្តឲ្យវាទៅតាមដំណើរ អត់បង្ខំ។ អនុញាតឲ្យ ខ្លួនខ្ជិលពេលថ្ងៃ ហ៊ានសម្រាកមើលរឿង ហើយត្រូវឈរលើគុណភាពការងារជាជាងបរិមាណ។ ខ្ញុំមិនធ្វើអ្វីច្រើនក្នុងពេលតែមួយទេ ហើយបញ្ចប់ការងារម្តងមួយដោយមានប្រសិទ្ធិភាពខ្ពស់។ ទោះបីជាមិនប្រកាន់យកម៉ោងការងារតឹងរឹងក្តី ខ្ញុំមិនដែលភ្លេចការប្រជុំលើ Zoom និងគោរពថ្ងៃប្រគល់ការងារយ៉ាងជាក់លាក់ ជាពិសេសគឹហ៊ានយកម៉ោងល្ងាចឬយប់មកធ្វើការសង។ ត្រូវប្រាកដថាការងារ និងកាលវិភាគទាំងអស់ត្រូវបានដាក់ឲ្យមានទាំងក្នុងកំព្យូទ័រ និងទូរស័ព្ទដែលជាវិធីងាយក្នុងការរំលឹកខ្លួនកុំឲ្យបាត់ការងារណាមួយឲ្យសោះ។
ចំណេះក្នុងការប្រើបច្ចេកវិទ្យាថ្មីៗក៏អាចជួយឲ្យការធ្វើការពីផ្ទះងាយស្រួលដែរ។ វាធ្វើឲ្យយើងរីករាយជាមួយនឹងការចុច ការវាយ ហើយការដែលអាចបំពេញការងារមួយចំនួនយ៉ាងងាយតាមរយៈទូរស័ព្ទ ឬឧបករណ៍ទំនើបផ្សេងៗធ្វើឲ្យខ្លួនធូរចិត្តខ្លាំង។ វាក៏ជាហេតុដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានការរៀបចំការងារបានល្អជាងសព្វដង ហើយជាមួយនឹងកម្មវិធី NOTE ខ្ញុំអាចធ្វើការងារមួយចំនួនដោយមិនត្រូវការសម្ភារៈសិក្សាដែលត្រូវចំណាយទិញបន្ថែមទៀតនោះទេ។
យ៉ាងណាមិញ ខ្ញុំនៅតែត្រូវចុះចាញ់ការដែលត្រូវអង្គុយនៅមុខកញ្ចក់កុំព្យូទ័រដល់ទៅ ៨ ម៉ោងនៅផ្ទះ វាធ្វើឲ្យមានអារម្មណ៍ថាអស់កំលាំងខ្លាំងជាជាងកាលនៅការិយាល័យ។ ខ្ញុំគិតថាបញ្ហាគឺបណ្តាលមកពីការខុសប្លែកនៃបរិយាកាសព្រោះនៅផ្ទះចេះតែចង់សម្រាក ជាពិសេសនៅពេលព្យាយាមធ្វើការនឹងតែម្តង។ ដំណោះស្រាយរបស់ខ្ញុំលើបញ្ហានេះគឺកំណត់ពេលសម្រាកចំនួន ១៥ ទៅ ២០ នាទីដោយការអានទស្សនាវដ្តីដំណើរកំសាន្ត ហើយលេងភ្លេងព្យាណូដែលខ្ញុំចូលចិត្ត។ ជាធម្មតាខ្ញុំចូលចិត្តប្រមូលទស្សនាវដ្តីដំណើរកំសាន្តផ្សេងទុកព្រោះអត្ថបទ និងរូបភាពមានការចង់ក្រងបានល្អដែលធ្វើឲ្យពេលអានម្តងៗជក់។ ការធ្វើបែបនេះនាំមកនូវអារម្មណ៍ល្អ និងជួយឲ្យជ្រះថ្លាជាងមុនដើម្បីបន្តធ្វើការងារទៀត។
កាត់បន្ថយឧបសគ្គណាដែលអាចជៀសវាងបាន
ការប្រាស្រ័យទាក់ទងគ្នា និងការសំណេះសំណាលជាកត្តាសំខាន់។ ដូច្នេះសម្រាប់ការពិភាក្សាការងារផ្សេងៗនៅក្នុងកាលៈទេសៈនេះ ត្រូវមានការចូលរួមយ៉ាងសកម្មដើម្បីបង្កើនភាពស្វាហាប់ និងទទួលបានលទ្ធផលតាមការរំពឹងទុកទោះបីពុំបានជួបមុខគ្នាក្តី ។ និយាយរួមត្រូវធ្វើយ៉ាងណាកាត់បន្ថយការរំខានពីខាងក្រៅដើម្បីឲ្យបានលទ្ធផលដូចការប្រជុំរាល់ដង។ ឧទាហរណ៍ ពេលខ្លះអ៊ីនធើណេតជាបញ្ហាតូចតាចតែងាយធ្វើឲ្យឈឺក្បាលបំផុត ដូច្នេះសម្រាប់បញ្ហាបែបនេះយើងត្រូវធ្វើឆ្លាតជាមួយនឹងវាវិញ។ រាល់ពេលធ្វើការ ឬប្រជុំខ្ញុំបើកប្រព័ន្ធ HotSpot ក្នុងទូរស័ព្ទចាំទុកសាគួរក្រែងល Wifi មានការរអាក់រអួល ឬកត្តាបង្កផ្សេងៗ។ វាជារឿងសំខាន់ដែលយើងត្រូវប្រយ័ត្នជាមួយបញ្ហាតូចតាចនានាដែលវាអាចធ្វើឲ្យការងារមិនរលូន អាចប៉ះពាល់ទាំងអារម្មណ៍ក៏ថាបាន ដូច្នេះយើងត្រូវត្រៀមជានិច្ចមិនថាមានបញ្ហាអ្វី បើទោះបីមិនបានរៀបចំអ្វីច្រើនតែក៏ត្រូវត្រៀម។
ជាចុងក្រោយ “ការធ្វើការពីផ្ទះ” អាចនឹងជាការលំបាកសម្រាប់មនុស្សមួយចំនួន ជាពិសេសម្រាប់ពួកគាត់ ដែលពុំមានស្តង់ដាររស់នៅត្រឹមត្រូវ និងអ្នកដែលមានក្មេងតូចៗក្នុងបន្ទុក។ ខ្ញុំគិតថាខ្លួនឯងសំណាងហើយ ដែលមានតុធ្វើការត្រឹមត្រូវ និងបន្ទប់មានម៉ាស៊ីនត្រជាក់ដែលអាចទប់ទល់នឹងអាកាសធាតុក្តៅបាន។ គិតទៅ កាលៈទេសៈនេះជួយដល់ការហ្វឹកហាត់ខ្លួនឯងបានច្រើនផង និងផ្តល់ពេលវេលាឲ្យយល់បន្ថែមនូវអ្វីថ្មីៗក្នុង ជីវិត។ វាជាពេលដែលអាចស្វែងយល់ពីមនុស្សជុំវិញខ្លួន និងហេតុផ្សេងៗនៅក្នុងមជ្ឈដ្ឋានរស់នៅសព្វថ្ងៃ។ មនុស្សមួយចំនួនដែលស្ថិតក្នុងវ័យនេះតែងរវល់ច្រើនជាមួយការងារ ការសិក្សា ការចូលរួមក្នុងសង្គមផ្សេងៗ ដែលជាកត្តាធ្វើឲ្យងាយភ្លេចខ្លួនឯង និងអ្នកជុំវិញខ្លួន។ យ៉ាងណាមិញ ដំណោះស្រាយដែលត្រូវសម្រាប់ខ្ញុំ អាចនឹងមិនត្រូវសម្រាប់អ្នកដទៃ ប៉ុន្តែខ្ញុំជឿថាពួកយើងទាំងអស់គ្នាមានបញ្ហាស្រដៀងគ្នាជាមួយនឹងការធ្វើការ និងបញ្ហាអារម្មណ៍ផ្សេងៗ នាពេលដែលកំពុងសម្របខ្លួនទៅនឹងទំលាប់ថ្មីទាំងនេះក្នុងរយៈពេលខ្លី។
គ្រាន់ជាការរំលឹកសម្រាប់អ្នកដែលទទួលការរំខានពីបញ្ហាដូចក្នុងរូបថតនេះ អ្នកត្រូវតែមានតិចនិកត្រឹមត្រូវជាមួយវា។ នេះមិនមែនជាបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំទេ ប៉ុន្តែជាបញ្ហាដែលរំខានដល់ការធ្វើការងារផ្ទះរបស់បងប្រុសខ្ញុំក្នុងសប្តាហ៍មមាញឹកដែលគ្រូត្រូវប្រមូលការងារ។
ប្លុកសរសេរដោយ៖
កញ្ញា ហ៊ុន កែវលីដែត
ជ័យលាភីលេខ ២ នៃការប្រកួតសរសេរប្លុកស្តីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ICT ក្នុងការសិក្សា និងធ្វើការពីផ្ទះក្នុងអំឡុងពេលកូវីដ-១៩
កញ្ញា កែវលីដែត គឺជាមន្ត្រីទំនាក់ទំនង នៅក្រុមហ៊ុន BookMeBus។