ការសម្របខ្លួនទៅនឹងទំលាប់ថ្មីអំឡុងពេលវីរុសកូវីដ ១៩ កំពុងផ្ទុះ

ចាប់តាំងពី​ពេល​មាន​កូ​វីដ ១៩ ខ្ញុំ​វាយតម្លៃ​គុណភាព​នៃ​ជីវិត​របស់ខ្ញុំ​ត្រឹម​ ៧ ​បើ​គិត​ ពី ០ ដល់ ១០​។ ចាស់​ៗតែង​ឪវាទ​ថា​របស់​ប្រើប្រាស់​គ្រាន់តែ​ជា​របស់​ក្រៅ​ខ្លួន​ កុំ​ឲ្យ​វា​មក​ផ្លាស់​ប្តូរជីវិត​យើង ប៉ុន្តែ​ការ​មកដល់​នូវ​វីរុស​កូ​វី​ដនេះ ធ្វើឲ្យ​ផ្លាស់​ប្តូរ​គ្រប់យ៉ាង។ មាន​អ្វី​ច្រើនណាស់​ដែល​ខ្ញុំ​មិនធ្លាប់​បាន​ធ្វើ​ពីមុន ហើយ​វា​ក៏ដូចជា​ដំណើរ​ផ្សងព្រេង​ថ្មី​មួយ​ក្នុង​ការស្វែងរក​ក្តីសុខ​អំឡុង​ពេល​ដែល​ស្ថានភាព​កំពុង​វឹកវរ​បែបនេះ។

ទំ​លាប់​ថ្មី​សម្រាប់​ការ​ធ្វើការ​

ក្នុង​ជំនាន់​ ការងារ​ពី​ផ្ទះ​” នេះ ការ​ធ្វើដំណើរ​បែប​និមិត្ត និង​ការ​ដេក​ស្រមើស្រមៃ​បាន​ក្លាយជា​ទំ​លាប់​ធម្មតា​ថ្មី​មួយ​ក្នុង​ជីវភាព​បច្ចុប្បន្ន។ ខ្ញុំ​នៅចាំ​បាន​ថា នៅ​ថ្ងៃ​ដែលគេ​ប្រាប់​ឲ្យ​ចាប់ផ្តើម​ធ្វើការ​ពី​ផ្ទះ អារម្មណ៍​រាង​ប្លែក​បន្តិច​ ប៉ុន្តែ​បើ​គិតទៅ​ក៏​វា​មិនជា​លំបាក​ខ្លាំង​សម្រាប់​ពួក​យើង​ដែរ ព្រោះថា​ការងារ​មួយចំនួន​ធំ​គឺ​ពឹង​លើ​អ៊ី​នធើ​ណេត​មិន​ប្រកាន់​ថាត្រូវ​តែ​ធ្វើ​ពីទី​ណា​នោះ​ទេ។​ ពួក​យើង​ធ្លាប់​នឹង​របៀប​ប្រើ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ផ្សេង​ៗ ជាពិសេស​គឺ​ការដែល​ការ​ងារ​របស់​យើង​មិន​តម្រូវឲ្យ​ជួបគ្នា​ជា​ញឹកញាប់។ បើ​គិតទៅ​បច្ចេកវិទ្យា​ជឿនលឿន​បាន​ធ្វើឲ្យ​មានការ​ប្រែប្រួល​ក្នុង​ការ​ធ្វើការ​របស់​យើង​យូរ​មក​ហើយ​ គ្រាន់តែ​មិនបាន​ចាប់អារម្មណ៍។ ជាមួយនឹង​ជម្រើស​ថ្មី​នោះ ដឹង​ថា​ខ្លួន​គ្រាន់តែ​ត្រូវ​សម្រប​បន្តិច​ទៅ​នឹង​បរិយាកាស​ថ្មី​ក្នុង​ការ​ធ្វើការ​ប៉ុណ្ណោះ។

មាន​ឃ្លា​ល្បី​មួយចំនួន​ត្រូវ​បាន​ផ្សព្វផ្សាយ​ថា​ ‘អ្វី​ៗគ្រប់យ៉ាង​ស្ថិត​ក្រោម​ម្រាម​ដៃ​អ្នក​’ ‘ទិញទំនិញ​ទាំងអស់​ក្នុង​កន្លែង​តែមួយ​’ ‘កញ្ចក់​វេទមន្ត​’ គិតទៅ​វា​ដូច​ទៅ​នឹង​អ្វី​ដែល​ត្រូវការ​ពិតមែន។ អំឡុង​ពេល​រក្សា​គម្លាត​សុវត្ថិភាព​ ខ្ញុំ​ធ្វើដំណើរ​យ៉ាងសកម្ម​ពី​គេហទំព័រ​មួយ​ទៅ​មួយទៀត ដូចដែល​តែងតែ​ដើរចុះឡើង​នៅ​ការិយាល័យ​ដែរ។ កាលនោះ​ខ្ញុំ​មាន​ Zoom ជំនួស​បន្ទប់​ប្រជុំ​ Telegram ជំនួស​បន្ទប់​សំណេះ​សំ​ណាល់​ Muuve ជា​ហាង​កាហ្វេ​នៅ​ជិត​ការិយាល័យ​ ហើយក៏​អរគុណ​ Youtube, Netflix​, Facebook​, និង​ Instagram ដែល​ជួយ​សម្រួល​ពេល​ថប់​អា​រម្ម​ណ៍​ម្តង​ៗ និង​ការ​កំសាន្ត​នានា​អំឡុង​ពេលនោះ។

ដឹង​ថា​គួរ​ធ្វើអ្វី​ខ្លះ​

ខ្ញុំ​គិតថា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​គ្រានោះ​គឺ​ការ​ឲ្យ​តម្លៃ​ និង​គុណភាព​លើ​ខ្លួនឯង ជឿជាក់​ថា​គេ​ឲ្យ​ប្រាក់ខែ​យើង លើ​គុណភាព​ការងារ មិនមែន​ពេលវេលា​យើង​ទេ។  ​ការគោរព​ពេល​ប្រគល់​ការងារ និង​ភាព​ជឿជាក់​ដើរតួ​នាទី សំខាន់​ ត្រូវ​ដឹង​ថា​ពេលណា​គួរ​ចាប់ផ្តើម​ធ្វើ​ ហើយ​បញ្ចប់ និង​វិធី​ហ្វឹកហាត់​ផ្នត់គំនិត និង​រាងកាយ​សម្រាប់​ការ​ផ្លាស់​ប្តូរ​នេះ។  ខ្ញុំ​ជួប​ការ​លំបាក​មួយចំនួន ដែល​ពេលនោះ​ចង់​បញ្ជាក់​ថា ​ខ្លួន​ជា​មនុស្ស​ដែល​អាច​បត់បែន​បាន​លឿន​ និង​ងាយ​ទទួលយក​ការ​ផ្លាស់​ប្តូរ​នានា​ក្នុង​កាលវិភាគ​របស់​ខ្លួន។ ខ្ញុំ​បាន​សាក​វី​ធី​ដែល​លំបាក​ជាច្រើន​ដូចជា​ការ​ រក្សា​ច្បាប់​ទំ​លាប់​ត្រឹមត្រូវ និង​តឹង​រឹង​ប៉ុន្តែ​អ្វី​ដែល​បាន​មកវិញ​គឺ​គ្រាន់តែ​ការ​ឈឺខ្លួន​ និង​សោក​ស្តាយ។ បន្ទាប់មក​ខ្ញុំ​ក៏​សាក​ដើរតាម​វិធី​ងាយ​សម្រាប់​ខ្លួន​វិញ​ ព្រោះ​គិត​ថា​អ្វី​ៗកំពុងតែ​លំបាក​ស្រាប់​ទៅ​ហើយ ហេតុអ្វី​ចាំបាច់​យក​ទុក្ខ​ដាក់ខ្លួន​ថែមទៀត​? ខ្ញុំ​ក៏​សម្រេចចិត្ត​ឲ្យ​វា​ទៅតាម​ដំណើរ អត់​បង្ខំ។ អនុ​ញាត​ឲ្យ​ ខ្លួន​ខ្ជិល​ពេលថ្ងៃ​ ហ៊ាន​សម្រាក​មើល​រឿង ហើយ​ត្រូវ​ឈរ​លើ​គុណភាព​ការងារ​ជា​ជាង​​បរិមាណ​។ ខ្ញុំ​មិន​ធ្វើអ្វី​ច្រើន​ក្នុង​ពេល​តែមួយ​ទេ​ ហើយ​បញ្ចប់​ការងារ​ម្តង​មួយ​ដោយមាន​ប្រសិទ្ធិ​ភាព​ខ្ពស់។ ទោះបីជា​មិន​ប្រកាន់យក​ម៉ោង​ការងារ​តឹង​រឹង​ក្តី​ ខ្ញុំ​មិនដែល​ភ្លេច​ការប្រជុំ​លើ​ Zoom និង​គោរព​ថ្ងៃ​ប្រគល់​ការងារ​យ៉ាង​ជាក់លាក់​ ជាពិសេស​គឹ​ហ៊ាន​យក​ម៉ោង​ល្ងាច​ឬយប់​មក​ធ្វើការ​សង។ ត្រូវ​ប្រាកដ​ថា​ការងារ និង​កាលវិភាគ​ទាំងអស់​ត្រូវ​បាន​ដាក់ឲ្យ​មាន​ទាំង​ក្នុង​កំ​ព្យូទ័រ​ និង​ទូរស័ព្ទ​ដែល​ជា​វិធី​ងាយ​ក្នុង​ការ​រំលឹក​ខ្លួន​កុំ​ឲ្យ​បាត់​ការងារ​ណាមួយ​ឲ្យសោះ។

ចំណេះ​ក្នុង​ការប្រើ​បច្ចេក​វិទ្យា​ថ្មី​ៗក៏អាច​ជួយ​ឲ្យ​ការ​ធ្វើការ​ពី​ផ្ទះ​ងាយស្រួល​ដែរ។ វា​ធ្វើឲ្យ​យើង​រីករាយ​ជាមួយនឹង​ការ​ចុច ការ​វាយ ហើយ​ការដែល​អាច​បំពេញការងារ​មួយចំនួន​យ៉ាង​ងាយ​តាមរយៈ​ទូរស័ព្ទ ឬឧបករណ៍​ទំនើប​ផ្សេង​ៗធ្វើឲ្យ​ខ្លួន​ធូរចិត្ត​ខ្លាំង។ វា​ក៏​ជាហេតុ​ដែល​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង​មានការ​រៀបចំ​ការងារ​បាន​ល្អ​ជាង​សព្វដង ហើយ​ជាមួយនឹង​កម្មវិធី​ NOTE ខ្ញុំ​អាច​ធ្វើការងារ​មួយចំនួន​ដោយ​មិន​ត្រូវការ​សម្ភារៈ​សិក្សា​ដែល​ត្រូវ​ចំណាយ​ទិញ​បន្ថែម​ទៀត​នោះ​ទេ។

យ៉ាងណាមិញ ខ្ញុំ​នៅតែ​ត្រូវ​ចុះចាញ់​ការដែល​ត្រូវ​អង្គុយ​នៅមុខ​កញ្ចក់​កុំព្យូទ័រ​ដល់ទៅ​ ៨ ម៉ោង​នៅផ្ទះ វា​ធ្វើឲ្យ​មាន​អារម្មណ៍​ថា​អស់​កំលាំង​ខ្លាំង​ជាជាង​កាល​នៅ​ការិយាល័យ។ ខ្ញុំ​គិតថា​បញ្ហា​គឺ​បណ្តាល​មក​ពី​ការ​ខុសប្លែក​នៃ​បរិយាកាស​ព្រោះ​នៅផ្ទះ​ចេះតែ​ចង់​សម្រាក​ ជាពិសេស​នៅពេល​ព្យាយាម​ធ្វើការ​នឹង​តែម្តង។ ដំណោះស្រាយ​របស់ខ្ញុំ​លើ​បញ្ហា​នេះ​គឺ​កំណត់ពេល​សម្រាក​ចំនួន​ ១៥ ទៅ ២០ នាទី​ដោយ​ការ​អាន​ទស្សនាវដ្តី​ដំណើរ​កំសាន្ត ហើយ​លេងភ្លេង​ព្យា​ណូ​ដែល​ខ្ញុំ​ចូលចិត្ត។ ជា​ធម្មតា​ខ្ញុំ​ចូលចិត្ត​ប្រមូល​ទស្សនាវដ្តី​ដំណើរ​កំសាន្ត​ផ្សេង​ទុក​ព្រោះ​អត្ថបទ​ និង​រូបភាព​មានការ​ចង់​ក្រង​បាន​ល្អ​ដែល​ធ្វើឲ្យ​ពេល​អាន​ម្តង​ៗជក់។ ការ​ធ្វើបែប​នេះ​នាំមក​នូវ​អារម្មណ៍ល្អ​ និង​ជួយ​ឲ្យ​ជ្រះថ្លា​ជាង​មុន​ដើម្បី​បន្ត​ធ្វើការងារ​ទៀត។

កាត់បន្ថយ​ឧបសគ្គ​ណា​ដែល​អាច​ជៀសវាង​បាន​

ការ​ប្រាស្រ័យ​ទាក់ទងគ្នា​ និង​ការ​សំណេះសំណាល​ជា​កត្តា​សំខាន់។ ដូច្នេះ​សម្រាប់​ការពិភាក្សា​ការ​ងារ​ផ្សេង​ៗនៅក្នុង​កាលៈទេសៈ​នេះ​ ត្រូវ​មានការ​ចូលរួម​យ៉ាងសកម្ម​ដើម្បី​បង្កើន​ភាព​ស្វាហាប់ និង​ទទួល​បាន​លទ្ធផល​តាម​ការ​រំពឹង​ទុក​ទោះបី​ពុំ​បាន​ជួប​មុខ​គ្នា​ក្តី​ ។ និយាយរួម​ត្រូវ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​ការ​រំខាន​ពី​ខាងក្រៅ​ដើម្បីឲ្យ​បាន​លទ្ធផល​ដូច​ការប្រជុំ​រាល់ដង។ ឧទាហរណ៍ ពេល​ខ្លះ​អ៊ី​នធើ​ណេត​ជា​បញ្ហា​តូចតាច​តែ​ងាយធ្វើឲ្យ​ឈឺក្បាល​​បំផុត ដូច្នេះ​សម្រាប់​បញ្ហា​បែបនេះ​យើង​ត្រូវ​ធ្វើ​ឆ្លាត​ជាមួយនឹង​វា​វិញ។ រាល់ពេល​ធ្វើការ ឬប្រជុំ​ខ្ញុំ​បើក​ប្រព័ន្ធ​ HotSpot ក្នុង​ទូរស័ព្ទ​ចាំទុក​សា​គួរ​ក្រែង​ល Wifi​ មានការ​រអាក់រអួល​ ឬក​ត្តា​បង្ក​ផ្សេង​ៗ។ វា​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​ប្រយ័ត្ន​ជាមួយ​បញ្ហា​តូចតាច​នានា​ដែល​វា​អាច​ធ្វើឲ្យ​ការងារ​មិន​រលូន​ អាច​ប៉ះពាល់​ទាំង​អារម្មណ៍​ក៏​ថា​បាន ដូច្នេះ​យើង​ត្រូវ​ត្រៀម​ជានិច្ច​មិនថា​មាន​បញ្ហា​អ្វី​ បើ​ទោះបី​មិនបាន​រៀបចំ​អ្វី​ច្រើនតែ​ក៏​ត្រូវ​ត្រៀម។

ជាចុងក្រោយ “ការ​ធ្វើការ​ពី​ផ្ទះ​” អាច​នឹងជា​ការ​លំបាក​សម្រាប់​មនុស្ស​មួយចំនួន​ ជា​ពិ​សេ​សម្រាប់​ពួក​គាត់ ដែល​ពុំ​មាន​ស្តង់ដារ​រស់នៅ​ត្រឹមត្រូវ និង​អ្នក​ដែល​មាន​ក្មេង​តូច​ៗក្នុង​បន្ទុក។ ខ្ញុំ​គិតថា​ខ្លួនឯង​សំណាង​ហើយ​ ដែល​មាន​តុ​ធ្វើការ​ត្រឹមត្រូវ និង​បន្ទប់​មាន​ម៉ាស៊ីន​ត្រជាក់​ដែល​អាច​ទប់ទល់​នឹង​អាកាសធាតុ​ក្តៅ​បាន។ គិតទៅ កាលៈទេសៈ​នេះ​ជួយ​ដល់​ការ​ហ្វឹកហាត់​ខ្លួនឯង​បាន​ច្រើន​ផង និង​ផ្តល់​ពេលវេលា​ឲ្យ​យល់​បន្ថែម​នូវ​អ្វី​ថ្មី​ៗក្នុង​ ជីវិត។ វា​ជា​ពេល​ដែល​អាច​ស្វែងយល់​ពី​មនុស្ស​ជុំវិញ​ខ្លួន និង​ហេ​តុ​ផ្សេង​ៗនៅក្នុង​មជ្ឈដ្ឋាន​រស់នៅ​សព្វថ្ងៃ។ មនុស្ស​មួយចំនួន​ដែល​ស្ថិត​ក្នុង​វ័យ​នេះ​តែង​រវល់​ច្រើន​ជាមួយ​ការងារ ការសិក្សា ការចូលរួម​ក្នុង​សង្គម​ផ្សេង​ៗ ដែល​ជា​កត្តា​ធ្វើឲ្យ​ងាយ​ភ្លេចខ្លួន​ឯង និង​អ្នក​ជុំវិញ​ខ្លួន។ យ៉ាងណាមិញ ដំណោះ​ស្រាយ​ដែល​ត្រូវ​សម្រាប់​ខ្ញុំ​ អាច​នឹង​មិន​ត្រូវ​សម្រាប់​អ្នកដទៃ ​ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ពួក​យើង​ទាំងអស់គ្នា​មាន​បញ្ហា​ស្រដៀងគ្នា​ជាមួយនឹង​ការ​ធ្វើការ​ និង​បញ្ហា​អា​រម្ម​ណ៍​ផ្សេង​ៗ នា​ពេល​ដែល​កំពុង​សម្រប​ខ្លួន​ទៅ​នឹង​ទំ​លាប់​ថ្មី​ទាំងនេះ​ក្នុងរយៈពេល​ខ្លី។

គ្រាន់​ជា​ការ​រំលឹក​សម្រាប់​អ្នក​ដែល​ទទួលការ​រំខាន​ពី​បញ្ហា​ដូច​ក្នុង​រូបថត​នេះ​ អ្នក​ត្រូវតែ​មាន​តិចនិក​ត្រឹមត្រូវ​ជាមួយ​វា។ នេះ​មិនមែន​ជា​បទពិសោធន៍​ផ្ទាល់ខ្លួន​ខ្ញុំ​ទេ ប៉ុន្តែ​ជា​បញ្ហា​ដែល​រំ​ខាន​ដល់​ការ​ធ្វើការងារ​ផ្ទះ​របស់​បងប្រុស​ខ្ញុំ​ក្នុង​សប្តាហ៍​មមាញឹក​ដែល​គ្រូ​ត្រូវ​ប្រមូល​ការងារ។

 

ប្លុក​សរសេរ​ដោយ​៖​

កញ្ញា ហ៊ុន កែវលីដែត

ជ័យ​លា​ភី​លេខ​ ២​ នៃ​ការ​ប្រកួត​សរសេរ​ប្លុក​ស្តី​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ ICT​ ក្នុង​ការ​សិក្សា​ និង​ធ្វើការ​ពី​ផ្ទះ​ក្នុងអំឡុងពេល​កូ​វី​ដ​-១៩​​

កញ្ញា​ ​កែវ​លីដែត​ គឺជាមន្ត្រី​ទំនាក់ទំនង​ នៅ​ក្រុមហ៊ុន​ BookMeBus។​