បទពិសោធន៍ការធ្វើការងារពីផ្ទះរបស់ខ្ញុំ

ពិភពលោក​កំពុង​ប្រឈមមុខនឹង​វិបត្តិ​ COVID​-19 ហើយ​ក្រុមហ៊ុន​ជាច្រើន​នៅ​ជុំវិញ​ពិភព​លោក​កំពុង​អនុវត្ត​ការ​ “ធ្វើការ​ពី​ផ្ទះ​”។ ខ្ញុំ​មានឱកាស​ធ្វើការ​ពី​ផ្ទះ​រយៈពេល​ ២សប្តាហ៍ ហើយ​នេះ​គឺជា​បទពិសោធន៍​របស់ខ្ញុំ​ទៅលើ​ការ​ធ្វើការ​ពី​ផ្ទះ​ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​គំនិត​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា។

អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ការ​ធ្វើការ​ពី​ផ្ទះ​ជួយ​សន្សំសំចៃ​ការ​ធ្វើដំណើរ​ប្រចាំថ្ងៃ​របស់ខ្ញុំ​បាន​ដល់ទៅ៤៥នាទី។ មានន័យថា​ខ្ញុំ​អាច​គេង​បាន​យូរ​ជាង​មុន​បន្តិច​ហើយ​នៅតែ​ភ្ញាក់​ទាន់ពេល​ចាប់ផ្តើម​ផ្ញើ​អ៊ីមែល​ខ្លះ​ ខល​រឿង​ការងារ​ខ្លះ ហើយ​នៅតែ​អាច​ចូល​ធ្វើការ​មុន​ម៉ោង ៩ព្រឹក។

ខ្ញុំ​ចាប់​ផ្តើម​ធ្វើ​ការ​ដោយមាន​កាលវិភាគ​ដូចគ្នានឹង​ពេលធ្វើការ​នៅ​រកា​រិយា​ល័យ​ដែរ​ មានន័យថា​ត្រូវ​មានកាហ្វេ​មួយ​កែវ​សិន។ ក្នុង​ពេល​ជាមួយគ្នា​នេះ​ដែរ វា​ក៏ដូចជា​ការ​ដាស់​អា​រម្ម​ណ៍​អោយ​ដឹងខ្លួន​នាំ​ខ្ញុំ​ពី​ជីវិត​ធ្វើការ​នៅ​ផ្ទះ​ទៅ​ជីវិត​ការងារ​របស់​ខ្ញុំ​ប្រចំា​ថ្ងៃ​នៅ​ការិយាល័យ​ ហើយ​ប្រាប់​ទៅ​ខ្លួនឯង​ថា​ “សួស្តី​ចា​, យើង​ដល់ម៉ោង​ធ្វើការ​ហើយ​!”។

អ្វី​ដែល​ត្រូវ​ធ្វើ​បន្ទាប់​គឺ​រៀបចំ​កន្លែង​ធ្វើការ​របស់ខ្ញុំ​! ខ្ញុំ​គិត​ថា​បរិ​វេណកន្លែង​ធ្វើ​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ចិត្ត​គំនិត​យើង​ខ្លាំង​គួរសម​ដែរ​ ជាពិសេស​នៅពេល​ធ្វើការ​ពី​ផ្ទះ​វា​ចាំបាច់​ណាស់​ក្នុង​ការរៀបចំ​កន្លែង​ធ្វើការ​ដោយឡែក​ពី​កន្លែង​ដែល​អ្នក​សំរាក​ដូចជា​គ្រែ​គេង​ជាដើម។ នៅផ្ទះ​ខ្ញុំ​មិន​មាន​តុ​ធ្វើការ​នោះ​ទេ​ដូច្នេះ​ខ្ញុំ​បា​នប្រែ​ក្លាយ​​តុ​អាហារ​ពេលល្ងាច​របស់ខ្ញុំ​ទៅជា​តុ​ធ្វើការ​នៅផ្ទះ​រយៈពេល២​ សប្តាហ៍​!ទីតាំង​នោះ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សំរាប់​ខ្ញុំ​ដោយមានកៅអី​ដែល​មាន​ផាសុ​ខភាព​ មាន​ពន្លឺ​ព្រះអាទិត្យ​គ្រប់គ្រាន់ ហើយ​សំខាន់​បំផុត​គឺ​មាន​អ៊ីនធឺណិត​ល្បឿន​លឿន​សំរាប់​ធ្វើការ។

ការរៀបចំ​កាលវិភាគ​ការងារ​របស់ខ្ញុំ​គឺជា​ការចាំបាច់​ណាស់​មិនថា​ការ​ធ្វើការ​នៅផ្ទះ​ ឬនៅ​ការិយាល័យ​នោះ​ទេ។ ខ្ញុំ​តែងតែមាន​ផែនការ​ប្រចាំថ្ងៃ​របស់ខ្ញុំ​កត់​ចុះ​នៅ​លើ​សៀវភៅ។ ខ្ញុំ​គិតថា​វា​ចាំបាច់​ណាស់​ក្នុង​ការរៀបចំ​កាល​វិភា​គប្រចំា​ថ្ងៃ។ ខ្ញុំ​ធ្វើការ​តាមធម្មតា​ដូចជា​ខ្ញុំ​ធ្វើការ​នៅក្នុង​ការិយាល័យ​ដែរ។

ក្នុងរយៈពេល​ពីរបី​ថ្ងៃ​ដំបូង​ខ្ញុំ​មាន​អារម្មណ៍​ស្ងប់ស្ងាត់​បន្តិច​ដោយសារតែ​មិន​មានសម្លេង​អ្វី​ផ្សេង​ដូច​ពេល​ខ្ញុំ​ធ្វើការ​នៅ​ការិយាល័យ​! ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃក្រោយ ខ្ញុំ​ចាប់ផ្តើម​នឹក​សកម្មភាព​ពេលធ្វើការ​នៅ​ការិយាល័យ​ ដូចជា​មាន​មនុស្ស​ដែល​ធ្វើការ​នៅ​ជុំវិញ​ខ្ញុំ ហើយ​សកម្មភាព​ទាំងនោះ​មិន​អាចប​ង្កើត​ឡើង​តាម​ការ​ខល​វីដេអូ​នោះ​ទេ។ វា​បាន​ចាប់ផ្តើម​ធ្វើ​ឱ្យ​ខ្ញុំ​គិតថា​វត្តមាន​និង​ការ​មាន​វត្តមាន​គឺជា​រឿង​ខុសគ្នា​ទាំងស្រុង។

សំរាប់​គំនិត​ខ្ញុំ​ការ​ធ្វើការ​ពី​ផ្ទះ​អាច​ធ្វើអោយ​យើង​មាន​ភាព​ឯកោ​ និង​ការ​ធ្លាក់ទឹក​ចិត្ត​ពេលខ្លះ ហើយ​វា​អាច​នាំ​ឱ្យ​មានការ​សម្រាក​យូរ​ក្នុង​ម៉ោង​ធ្វើការ។ ការ​លំបាក​ចម្បង​នោះ​គឺ​ជៀសវាង​ការ​រំ​ខាន​ផ្សេង​ៗជាពិសេស​នៅ​ពេល​ដែល​យើង​មិន​មាន​នរណា​ម្នាក់​ដើម្បី​តាមដាន​ការ​ធ្វើការ​របស់​យើង។ គន្លឹះ​មួយ​ដែល​ខ្ញុំ​បាន​រក​ឃើញ​អំឡុង​ពេលធ្វើការ ២សប្តាហ៍​ពី​ផ្ទះ​គឺ​ការសម្រាក ដោយ​ប្រើ​កំលាំង​ខាងក្រៅ​ ជាជាង​ការប្រើ​ការ​គិត។ សម្រាប់​ខ្ញុំ​វា​មានន័យថា​ការសម្រាក​ ឬធ្វើអ្វី​មួយ​ដោយ​ប្រើ​រាងកាយ ឧទាហរណ៍៍ដូចជា​ការ​សម្អាត​កន្លែង​ខ្លះ​នៅផ្ទះរបស់ខ្ញុំ​ពីរបី​នាទី​ ឬការ​ឆុងកាហ្វេ។ ដោយសារតែ​ខ្ញុំ​នៅ​មួយ​កន្លែង ខ្ញុំ​ព្យាយាម​ធ្វើស​កម្ម​ភាព​តូច​ៗពេញមួយថ្ងៃ។ ការ​ផ្លាស់​ប្តូរ​សកម្មភាព ឬធ្វើ​ចលនា​នៅ​ឆ្ងាយ​ពី​កុំព្យូទ័រ​ជួយ​ឱ្យ​ខ្ញុំ​ធ្វើការ​បាន​ច្រើនជាង​មុន​ ហើយ​មានទឹកចិត្ត​បន្ថែម​ទៀត​ដើម្បី​បញ្ចប់​ការងារ​របស់ខ្ញុំ​ដូរ​ពេល​ខ្ញុំ​កំពុងធ្វើការ​នៅ​ការិយាល័យ។

ការ​កើនឡើង​នៃ​ការប្រើ​ប្រាស់​ស្មា​តហ្វូ​ន និង​កុំព្យូទ័រ​មានន័យថា​បុគ្គលិក​មាន​សេរីភាព​កាន់តែ​ច្រើន​ក្នុង​ការ​ធ្វើការ​ពីទី​តាំង​ផ្សេង​ក្រៅពី​ការិយាល័យ។ ខ្ញុំ​បាន​ទទួល​កុំព្យូទ័រ​ពី​ខាង​ក្រុមហ៊ុន​របស់ខ្ញុំ​មុន​ពេល​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​ ដូច្នេះ​ខ្ញុំ​អាច​ស្នើសុំ​ធ្វើការ​ពី​ផ្ទះ​បាន​យ៉ាង​ងាយស្រួល។ ក្រៅពី​អ៊ីមែល​ផ្លូវការ យើង​ក៏​ប្រើ​សូ​ហ្វ​វែ​រពីរ​ បី​ផ្សេងទៀត​សម្រាប់​ទំនាក់ទំនង​ការងារ​និង​ចែករំលែក​ឯកសារ​ដូចជា​ Microsoft teams និង​ Whatsapp ផង​ដែរ។

នៅពេល​ធ្វើការ​ពី​ផ្ទះ​មានការ​លំបាក​បន្តិច​សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​ធ្វើ​យ៉ាងណា​អោយ​មានប្រសិទ្ធភាព​ដោយ​សារ​តែ​ការប្រជុំ​ទាំងអស់​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​ការ​ហៅ​ទូរស័ព្ទ​និង​ការ​ខល​វីដេអូ។ លើស​ពីនេះ​ទៅទៀត​ អ្នកខ្លះ នៅកន្លែង​ផ្សេងគ្នា មាន​ល្បឿន​អ៊ី​នធឺ​ណេត​ខុស​ៗគ្នា​ដែល​អាច​នាំ​ឱ្យ​មានការ​រអាក់​រអួល​អុីន​ធឺ​ណែ​តរយៈពេល ៥នាទី ​ឬធ្វើអោយ​ការប្រជុំ​ទាំងមូល​មានការ​យឺតយ៉ាវ។ អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុងអំឡុងពេល​ធ្វើការ​ពី​ផ្ទះ​គឺ ព្យាយាម​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្ត​រួមការ​ងារ​របស់ខ្ញុំ​អោយ​មាន​ច្រើន​តាមដែល​អាច​ធ្វើ​បាន។ ប្រសិនបើ​បញ្ហា​ជា​រឿង​បន្ទាន់​ខ្ញុំ​ច្រើនតែ​និយាយ​ច្រើនដង ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​យើង​យល់គ្នា​ច្បាស់។

សរុប​មក ខ្ញុំ​គិតថា​វា​ជា​បទពិសោធន៍​ល្អ​ដោយសារតែ​ខ្ញុំ​អាច​ពន្យល់​ឬបង្ហាញ​ស្នាដៃ​ទាំងអស់​តាមរយៈ​កញ្ចក់​អេក្រង់។ ការ​ធ្វើការ​បែបនេះ​ធ្វើ​ឱ្យ​មនុស្ស​ធ្វើការ​ដាច់ដោយឡែក​ពីគ្នា​ មក​ពី​កន្លែង​ផ្សេង​ៗគ្នា​ហើយ​នៅតែ​អាច​រក្សា​លំហូរ​ការងារ​បាន​ល្អ។ អ្វី​ដែល​សំខាន់ តាមរយៈ​ការសង្កេត​របស់ខ្ញុំ​គឺថា​អ្នក​គួរតែ​ព្យាយាម​ប្រាស្រ័យ​ទាក់ទង​តាមដែល​អ្នក​អាច​ធ្វើ​បាន​ជាមួយ​ក្រុមការងារ​របស់​អ្នក​ ធ្វើការ​ឆ្លើយតប​ទៅ​ពួក​គេ​ដោយ​សមរម្យ​ដូចគ្នានឹង​របៀប​ដែល​អ្នក​និយាយ​ពេល​នៅ​ការិយាល័យ​ ខ្ញុំ​គិតថា​នោះ​គឺជា​ជោគជ័យ​នៃ​ការ​ធ្វើការ​ពី​ចម្ងាយ។

ទោះជាយ៉ាងណា ស្ថានភាព​របស់​មនុស្ស​គ្រប់គ្នា បរិស្ថាន​កន្លែង​រស់នៅ​ ឬបុគ្គលិក​លក្ខណៈ​គឺ​ខុសគ្នា។ នេះ​គ្រាន់តែ​ជា​បទពិសោធន៍​របស់ខ្ញុំ ហើយ​អស់​រយៈពេល​ពីរ​សប្តាហ៍​កន្លងទៅ​នេះ​ ខ្ញុំ​ពិតជា​រីករាយ​ជា​ខ្លាំង​ដែល​មានឱកាស​ធ្វើការ​ពី​ផ្ទះ។ តាមពិត​ទៅ ក្នុង​មួយ​សប្តាហ៍​ខ្ញុំ​ចង់​ធ្វើការ​ពី​ផ្ទះ​ ២ ទៅ ៣ថ្ងៃ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មានការ​គ្រប់គ្រង​បាន​ច្រើន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ហើយ​ខ្ញុំ​អាច​រៀបចំ​តុល្យភាព​ការងារ​ និង​ជីវិត​ប្រចាំថ្ងៃ​ថែមទៀត។ ការ​ធ្វើការ​ពី​ផ្ទះ​ហាក់ដូចជា​អ្វី​ដែល​ថ្មី​ ហើយ​យើង​ប្រហែលជា​នឹង​ត្រូវ​អនុវត្ត​វា​មួយ​រយៈ ដូច្នេះ​ខ្ញុំ​គិតថា​យើង​ទាំងអស់គ្នា​ត្រូវ​ទទួល​បាន​ឱកាស​នេះ​ហើយ​រៀន​ពី​របៀប​ធ្វើ​ឱ្យ​វា​ដំណើរការ​បាន​ល្អ។

 

ប្លុក​សរសេរ​ដោយ​៖​

កញ្ញា វណ្ណ ចន្ទ័​សុភក្រ័្ត​វត្តី​

ជ័យ​លា​ភី​លេខ​ ៤​ នៃ​ការ​ប្រកួត​សរសេរ​ប្លុក​ស្តី​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ ICT​ ក្នុង​ការ​សិក្សា​ និង​ធ្វើការ​ពី​ផ្ទះ​ក្នុងអំឡុងពេល​កូ​វី​ដ​-១៩​​

កញ្ញា​ វត្តី​​ គឺជា​មន្រ្តីផ្នែកទីផ្សារ, Hongkong Land Limited​​​